កូរ៉េ​ខាងជើង​បាញ់​កាំជ្រួច​រយៈ​ខ្លី​មួយទៀត

យោង​តាម YONHAP ថា កងទ័ព​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៩ មីនា ថា កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​រយៈ​ខ្លី​មួយ​គ្រាប់​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ទណ្ឌកម្ម​នានា​ចំពោះ​ប្រទេស​នេះ ដាក់​ដោយ អ​.​ស​.​ប ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ និង​ការ​បាញ់​មី​ស៊ី​ល​រយៈ​ឆ្ងាយ ។

កាំជ្រួច​នេះ​ហោះ​ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ សំដៅ​ទៅ​ភាគ​ឦសាន​មុន​ពេល​ធ្លាក់​លើ​គោលដៅ​នៅ​លើ​ដី ។ បើ​គិត​ពី​ទិស​ដៅ និង​ចម្ងាយ​នៃ​ការ​ហោះហើរ​កងទ័ព​កូរ៉េ​ខាងត្បូង​យល់​ថា កាំជ្រួច​នេះ​អាច​បាញ់​ចេញពី​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ថ្មី​របស់​កូរ៉េ​ខាងជើង ។

កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២១ មីនា បាន​បាញ់​គ្រាប់​រ៉ុក្កែត​រយៈ​ខ្លី​ទំហំ​៣០០​មី​ល្លី​ម៉ែត្រ​ចំនួន​៥​គ្រាប់ ទៅ​សមុទ្រ​ខាងកើត​ចេញពី​ទីក្រុង HAMHUNG ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស ។ ក្រុង​ព្យុ​ង​យ៉ាង​ចាត់​ទុក​ការ​បាញ់​នេះ​ថា ជា​ការ​បាញ់​សាក​ចុង​ក្រោយ​នៃ​កាំជ្រួច​ហ្វូង​ថ្មី​របស់​ខ្លួន ។ នេះ​ជា​សញ្ញា​ថា របប​កុំ​មុ​យ​នី​ស្ត​នោះ​ត្រៀម​ដាក់​ពង្រាយ​ប្រព័ន្ធ​នេះ​ហើយ ។

ក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើការ​បាញ់​សាកល្បង​គ្រាប់​រ៉ុក្កែត និង​មី​ស៊ី​ល​រយៈ​ខ្លី ព្រមទាំង​រយៈ​មធ្យម​ចំនួន​៦​លើក​ចាប់តាំងពី​ដើមខែ​មីនា​មក ។ កូរ៉េ​ខាងជើង​និយាយ​ថា ត្រៀម​ប្រើប្រាស់​គ្រប់ពេល​នូវ​កាំជ្រួច​ហ្វូង​ទំហំ​ធំ​ទាំងនេះ ដើម្បី​កម្ទេច​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ឱ្យទៅ​ជា​ផេះ ៕