ធ្លាក់​យន្តហោះ​ទេសចរណ៍​មួយ​នៅ​កា​ណា​ដា​ស្លាប់​7​នាក់

ប៉ូលិស​រាយការណ៍​ថា មនុស្ស​៧​នាក់ ក្នុង​នោះ​មាន​អ្នកដំណើរ​៦​នាក់ និង​អ្នក​បើក​បាន​ត្រូវ​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ទេសចរណ៍​តូច​មួយ​កាលពី​ថ្ងៃ​ទី​២៩ មីនា នៅ​ប្រជុំ​កោះ DE-LA MADELEINE ក្នុង​ដែនទឹក​កេ​បិ​ច ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​លោក JEAN LAPIERRE អតីតរដ្ឋមន្ត្រី​សហព័ន្ធ​កា​ណា​ដា ដែល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​បុណ្យសព​ឪពុក​លោក ។ ភរិយា​របស់​លោក ប្អូនប្រុស​២​នាក់ ព្រមទាំង​ប្អូនស្រី​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ។

គ្រោះថ្នាក់​នេះ​កើត​មាន​ពេល​យន្តហោះ​ទៅ​ដល់​ជិត​ព្រ​លាន​យន្តហោះ​មូលដ្ឋាន HAVRE-AUX-MAISONS ខណៈ​មាន​លក្ខខណ្ឌ​ឧតុនិយម​លំបាក ។ គ្រួសារ​លោក LAPIERRE បាន​ជិះ​យន្តហោះ​ចេញពី​ទីក្រុង​ម៉ុង​រេ​អាល់​នា​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ទៅ​កាន់​ប្រជុំ​កោះ​កំណើត​របស់​ពួក​គេ​ដើម្បី​រៀបចំ​ពិធី​បុណ្យសព​ឪពុក​ដែល​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៥ មីនា ។ យន្តហោះ​បាន​ធ្លាក់​នា​វេលា​ម៉ោង​១២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ៕