គន្លឹះ​ទាំង ៨ ដើម្បី​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ពី​សេដ្ឋី Howard Schultz ម្ចាស់​ក្រុមហ៊ុន​កាហ្វេ Starbucks

លោក Howard Schultz គឺ​ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម​អាមេរិក​មួយ​រូប លោក​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​តាម​រយៈ​មុខ​ដំណែង​លោក​ជា​ប្រធាន​ក្រុមហ៊ុន​លក់​កាហ្វេ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក Starbucks។ ខាង​ក្រោម​ជា​គន្លឹះ​ខ្លះ​ដើម្បី​បង្កើត​ភាព​ជោគជ័យ​ ឲ្យ​ខ្លួន​ឯង​ក្នុង​ការ​បើក​អាជីវកម្ម​ពី​លោក Howard Schultz។

 

១) ត្រូវ​មាន​ក្តី​សុបិន​មួយ​ដ៏​ធំ ៖ លោក Howard Schultz ថ្លែង​ថា​ ដើម្បី​ធ្វើ​ឲ្យ​ក្តី​សុបិន​ខ្លួន​ក្លាយ​ជា​ការ​ពិត​អ្នក​មិន​ត្រូវ​បណ្តោយ​មនុស្ស​ដទៃ​មក​រំខាន​នូវ​ក្តី​សុបិន​របស់​ខ្លួន​ឡើយ សូម្បី​តែ​គ្រួសារ ឬ មិត្តភ័ក្តិ ជិត​ស្និទ្ធ ហើយ​អ្នក​ត្រូវ​ចេះ​ប្រាប់​ពួក​គេ​វិញ​ថា រាល់​អ្វីៗ​ទាំង​អស់​ដែល​អ្នក​គិត​ស្រមៃ គឺ​សុទ្ធ​តែ​ជា​រឿង​ទៅ​រួច​ទាំង​អស់។

 

២) ផ្លាស់ប្ដូរ​ផ្នត់​គំនិត​របស់​ខ្លួន​ឯង ៖ ដើម្បី​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ខ្លួន​ ហើយ​ឈាន​ទៅ​រក​ភាព​ជោគជ័យ អ្នក​ត្រូវ​ចេះ​ស្វែង​យល់​ពី​បុគ្គល​ជោគជ័យ និង បុគ្គល​បរាជ័យ​ជា​មុន​សិន តើ​អ្វី​ទៅ​ជា​ផ្នត់​គំនិត​របស់​បុគ្គល​ជោគជ័យ និង បរាជ័យ តើ​វា​មាន​ភាព​ខុស​ប្លែក​គ្នា​ដូច​ម្តេចខ្លះ ចំពោះ​ផ្នត់​គំនិត​ពួក​គេ​និង ផ្នត់​គំនិត​របស់​អ្នក នេះ​បើ​តាម​លោក Howard Schultz ។

 

៣) ត្រូវ​ដាក់​ទាំង​បេះដូង​ខ្លួន​ឯង​ពេល​ធ្វើ​អ្វី​មួយ ៖ លោក Howard Schultz រៀបរាប់​ថា​ដើម្បី​បង្កើត​អ្វី​មួយ​ឲ្យ​ចេញ​ជា​រូប​រាង​និង​ប្រកប​ដោយ​សក្ដានុពល​ អ្នក​ត្រូវ​តែ​ដាក់​កាយ និង ចិត្ត ឲ្យ​អស់​ពី​ខ្លួន​ដើម្បី​ធ្វើ​អ្វី​មួយ​ឲ្យ​ក្លាយ​ជា​របស់​ខ្លួន​ឯង នោះ​ទើប​ជា​កត្តា​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ។

 

៤) អបអរ​សាទរ​ចំពោះ​កំហុស ៖ ការ​សាទរ​ចំពោះ​កំហុស​ខ្លួន​ឯង​ត្រូវ​បាន​លោក Howard Schultz ពន្យល់​ថា​ គឺ​ជា​ការ​បង្កើត​បរិស្ថាន​ការងារ​មួយ​ដែល​ជួយ​ដល់​បុគ្គលិក​ខ្លួន​ឯង​មិន​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ចំពោះ​ហានិភ័យ​ទាំង​ឡាយ​ដែល​កើត​ឡើង​ដោយ​អ្នក​មិន​រំពឹង​ទុក​ជា​មុន។

 

៥) ត្រូវ​ចេះ​ខ្វល់ខ្វាយ​ពី​មនុស្ស​របស់​ខ្លួន ៖ លោក Howard Schultz ផ្តល់​ដំបូន្មាន​ថា​ដើម្បី​ធ្វើ​ឲ្យ​ជីវកម្ម​មួយ​ វិនិយោគ​បាន​យូរ​អង្វែង និង អភិវឌ្ឍ​ទៅ​មុខ​ អ្នក​មិន​ត្រូវ​ខ្វល់ខ្វាយ​តែ​លើ​ម្ចាស់​ភាគហ៊ុន មួយ​នោះ​ឡើយ បុគ្គលិក​បម្រើ​ការងារ​ក៏​ដូច​គ្នា អ្នក​ត្រូវ​ចេះ​ចែក​រំលែក​នៃ​គុណ​តម្លៃ​ភាព​ជោគជ័យ​ជា​មួយ​ពួក​គេ​ដើម្បី​រក្សា​បាន​នូវ​រាល់​មនុស្ស​ឆ្នើម​ ឲ្យ​ធ្វើ​ការងារ​ជាមួយ​អ្នក​បន្ត​ទៀត។

 

៦) ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់ ៖ នេះ​ជា​ចំណុច​មួយ​ដែល​ បុគ្គល​ជោគជ័យ​ក្នុង​អាជីវកម្ម​តែង​ផ្តល់​ដំបូន្មាន។ ការ​បង្កើត​ភាព​ជោគជ័យ​មួយ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ឲ្យ​ខ្លួន​ឯង​គឺ​ពិត​ជា​ពិបាក​ ដរាប​ណា​អ្នក​រក​មិន​ទាន់​ឃើញ​នូវ​អ្វី​ដែល​អ្នក​ស្រលាញ់ ចូលចិត្ត និង ឈ្លក់​វង្វេង​ក្នុង​ការ​ធ្វើ​វា។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​រក​ឃើញ​នូវ​អ្វី​ដែល​អ្នក​ស្រលាញ់​ចូលចិត្ត និង ឈ្លក់​វង្វេង​ជាមួយ​វា​ហើយ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​នៅ​គ្រប់​កម្រិត​ទាំង​អស់​ដែល​អ្នក​ធ្វើ។

 

៧) ត្រូវ​ចេះ​ផ្តល់​គុណ​តម្លៃ​ឲ្យ​សង្គម​និង​មនុស្ស ៖ លោក Howard Schultz ថ្លែង​ថា​កុំ​ដើម្បី​តែ​លុយ​ ធ្វើ​ឲ្យ​ខ្លួន​ឯង​ភ្លេច​ ថា​ខ្លួន​ជា​មនុស្ស​ជាតិ​ឡើយ​ អ្នក​គួរ​ផ្តល់​តម្លៃ​ឲ្យ​សង្គម​តាម​រយៈ​ការ​ជួយ​អភិវឌ្ឍ​ ផ្តល់​តម្លៃ​ឲ្យ​មនុស្ស​តាម​រយៈ​ការ​ចែក​រលែក​ចំណេះ​ដឹង​នឹង​បទ​ពិសោធន៍ នោះ​នៅ​ចុង​ក្រោយ​អ្នក​នឹង​ទទួល​បាន​នូវ​ការ​គោរព​ និង ត្រូវ​គេ​ផ្តល់​គុណ​តម្លៃ​មក​ឲ្យ​ខ្លួន​អ្នក​វិញ​ផង​ដែរ។

 

៨) ត្រូវ​ចូល​រួម​គាំ​ទ្រ​និង​តំណាង​ដល់​ព្រឹត្តិការណ៍​សំខាន់ៗ​ណា​មួយ ៖ នៅ​ពេល​ដែល​ច្បាប់​ស្តី​ពី​ការ​រៀបការ និង ស្រលាញ់​ភេទ​ដូចគ្នា​ ត្រូវ​បាន​គេ​អនុម័ត​នៅ​អាមេរិក លោក Howard Schultz បាន​គាំ​ទ្រ​ដល់​ច្បាស់​នេះ​ធ្វើ​ឲ្យ​ម្ចាស់​ហ៊ុន​ជា​ច្រើន​ព្រួយ​បារម្ភ​ថា Starbucks និង​ថយ​ប្រជា​ប្រិយ​បាត់​ការ​គាំ​ទ្រ តែ​ផ្ទុយ​មក​វិញ​ការ​ចូល​រួម​គាំ​ទ្រ​សង្គម​ ចំពោះ​អ្វី​មួយ​ដែល​ជា​សិទ្ធ​របស់​មនុស្ស​ បាន​ធ្វើ​ឲ្យ Starbucks កាន់​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​មនុស្ស​គ្រប់​រូប​ទៅ​វិញ​នោះ​ទេ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org, Forbes.com