លោក Terry Guo ពី​កម្មករ​រោងចក្រ​ជ័រ​កៅស៊ូ ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក

លោក Terry Guo គឺ​ជា​មហាសេដ្ឋី​តៃវ៉ាន់​ដ៏​ល្បីល្បាញ​មួយ​រូប​ លោក​គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​Foxconn ដែល​ផ្គត់ផ្គង់​គ្រឿង​ អេឡិចត្រូនិក សូម្បី​តែ Apple Inc ក៏​ទិញ​យក​គ្រឿង​អេឡិចត្រូនិក​ពី​ក្រុមហ៊ុន​លោក​ផង​ដែរ។ បច្ចុប្បន្ន Foxconn គឺ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក ដែល​មាន​រោង​ចក្រ​ផលិត​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ ដែល​នៅ​ទី​នោះ​មាន​បុគ្គលិក​រហូត​ដល់ ១,២ លាន​នាក់​កំពុង​ធ្វើ​ការ។

 

មក​ដល់​ជិត​ពាក់​កណ្តាល​ឆ្នាំ ២០១៦ នេះ​លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​លោក​គឺ​ជា​មហាសេដ្ឋី​មាន​ជាង​គេ​មួយ​រូប​នៅ​លើ​ពិភពលោក ក្នុង​ចំណាត់​ថ្នាក់​លេខ ២២៨ ពិភពលោក ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ប្រមាណ ៦,១ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​តៃវ៉ាន់​លេខ ២២៨ ពិភពលោក​រូប​នេះ​មាន​ប្រវត្តិ និង បទពិសោធន៍​អ្វី​ខ្លះ​ទើប​បណ្តាល​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក?

 

លោក Terry Guo ឬ​ហៅ​ឈ្មោះ​ម៉្យាង​ទៀត​ថា Guo Tai-ming កើត​នៅ​ថ្ងៃ​ទី ០៨ តុលា ឆ្នាំ ១៩៥០ ក្នុង​ទីប្រជុំជន Banqiao Township ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។ ម្តាយឪពុក​របស់​លោក​រស់​នៅ​ក្នុង​ខេត្ត Shanxi ប្រទេស​ចិន មុន​ពេល​ពួក​គេ​ប្តូរ​ទី​លំនៅ​ទៅ​កាន់​តៃវ៉ាន់​នៅ​ឆ្នាំ ១៩៤៩។ ឪពុក​របស់​លោក​ធ្លាប់​ជា​អតីត​មន្ត្រី​ប៉ូលិស។ លោក Terry Guo បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​បឋមសិក្សា​ប៉ុណ្ណោះ​ ដោយ​បញ្ចប់​ការ​សិក្សា​លោក​បាន​ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ​ជ័រ​កៅស៊ូ​ ផលិត​កង់​រថយន្ត និង ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ ឱសថ រហូត​ដល់​លោក​មាន​វ័យ ២៤ ឆ្នាំ។

 

នៅ​ឆ្នាំ ១៩៧៤ លោក​ Terry Guo បាន​ឈប់​ពី​ការងារ​ដោយ​បាន​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា Hon Hai នៅ​តៃវ៉ាន់ ជាមួយ​ដើម​ទុន ៧៥០០ ដុល្លារ ដោយ​មាន​បុគ្គលិក ១០ នាក់​ដោយ​ជួល​រោង​មួយ​ក្នុង​ទីប្រជុំជន Tucheng ជាយ​ក្រុង​ តៃប៉ិ។ អាជីវកម្ម Hon Hai បង្កើត​ដំបូង​គឺ​ផលិត ប្លាស្ទិក សម្រាប់​ ទូរទស្សន៍។ អាជីវកម្ម Hon Hai ទទួល​បាន​ជោគជ័យ​ក្រោយ​ពី​ក្រុមហ៊ុន​ផលិត​តុក្កតា​ក្មេង​លេង Atari បញ្ជា​ទិញ​ប្លាស្ទិក​ពី​ក្រុមហ៊ុន​លោក។

 

នៅ​ឆ្នាំ ១៩៨៨ លោក Terry Guo បាន​បង្កើត​រោងចក្រ​ដំបូង​របស់​ខ្លួន​ក្នុង​ខេត្ត Shenzhen ប្រទេស ចិន ដោយ​បច្ចុប្បន្ន​រោងចក្រ​នេះ​នៅ​តែ​ជា​រោងចក្រ​មួយ​ដ៏​ធំ​ដដែល។ ប្រាំបី​ឆ្នាំ​ក្រោយ​មក​ពោល​គឺ​ឆ្នាំ ១៩៩៦ លោក​បាន​ចាប់​ផ្តើម​ផលិត តួ នៃ​កុំព្យូទ័រ​ដាក់​លើ​តុ ឲ្យ​ក្រុមហ៊ុន Compaq ដែល​នេះ​ជា​ចំណុច​ចាប់​ផ្តើម​ ដែល​លោក​ទាក់ទាញ​បាន​នូវ​អតិថិជន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធំៗ​ជា​ច្រើន​ដូចជា HP, IBM និង Apple ជា​ដើម។ នៅ​ក្នុង​ការ​ប្រជុំ​មួយ​ជាមួយ​គណៈ​គ្រប់គ្រង​ លោក Terry Guo បាន​ទទួល​សំណើ​ជា​ច្រើន​ពី​បុគ្គលិក​ខ្លួន​ ឲ្យ​ផ្លាស់​ប្តូរ​ពី​ឈ្មោះ Hon Hai ដោយ​សារ​ពាក្យ​នេះ​មិន​សូវ​មាន​ន័យ​ល្អ​ឡើយ​ជា​ភាសា​ចិន​ លោក Terry Guo បាន​ចាប់​ផ្តើម​ប្តូរ​ឈ្មោះ​ពី​ក្រុមហ៊ុន Hon Hai មក​ជា Foxconn វិញ​មក​ទល់​នឹង​បច្ចុប្បន្ន។

http://www.forbes.com/profile/terry-gou/?list=billionaires

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com