គន្លឹះ​ងាយ​ចំនួន ៤ ដើម្បី​បង្កើត​ទំនាក់ទំនង​ ជាមួយ​មនុស្ស​ដទៃ ឲ្យ​បាន​ឆាប់​រហ័ស

១) ញញឹម ៖ សកម្មភាព​ធម្មតា​នៃ​ការ​ញញឹម​ បង្ក​ឲ្យ​ខួរ​ក្បាល​មាន​អារម្មណ៍​ល្អ។ ការ​ញញឹម​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​បច្ច័យ​មួយ​ជួយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ល្អ​ផង​ដែរ។ ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Uppsala University នៅ​ក្នុង​ប្រទេស​ស៊ុយអែត រក​ឃើញ​ថា ការ​បង្ហាញ​អារម្មណ៍​តាម​រយៈ​សំដែង​តាម​ទឹក​មុខ​ គឺ​អាច​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ត្រាប់​តាម​អ្នក​ដោយ​អចេតនា។ នេះ​មាន​ន័យ​ថា ការ​ញញឹម​ដាក់​នរណា​ម្នាក់ នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ​ញញឹម​តាម​អ្នក និង ញញឹម​ដាក់​អ្នក​មក​វិញ អាច​ធ្វើ​ឲ្យ​អ្នក​ នឹង​ពួក​គេ​មាន​អារម្មណ៍​ល្អ។

 

២) បង្កើត​ការ​ទំនាក់ទំនង​តាម​ខ្សែ​ភ្នែក ៖ ខ្សែ​ភ្នែក​របស់​មនុស្ស អាច​បង្ហាញ​យ៉ាង​ច្បាស់​ពី​អារម្មណ៍​មនុស្ស។ ការ​ចេះ​បង្កើត​ខ្សែ​ភ្នែក​ដើម្បី​ទាក់ទង​ គឺ​ជា​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​ នៃ​ការ​តភ្ជាប់​អារម្មណ៍​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ព្រោះ​ការ​បង្កើត​ទំនាក់ទំនង​ស៊ី​ជម្រៅ​ ក៏​អាច​កើត​ឡើង​តាម​រយៈ​ខ្សែភ្នែក​របស់​អ្នក​ផង​ដែរ។ ការ​សម្លឹង​មើល​ភ្នែក​មនុស្ស​ដទៃ​ នោះ​មាន​ន័យ​ថា​អ្នក​កំពុង​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ទៅ​លើ​ពួក​គេ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ចង់​បង្កើត​ទំនាក់ទំនង​ឬ​មិត្ត​ថ្មី​សូម​កុំ​រំលង​នូវ​ចំណុច​មួយ​នេះ​ឲ្យ​សោះ។

 

៣) សួរ​សំនួរ​ ៖ ការ​សួរ​សំនួរ​ទៅ​កាន់​មនុស្ស​ គឺ​អ្នក​បាន​សម្រេច​គោល​បំណង​ចំនួន ២ រួច​ហើយ។ ទី១ គឺ​អ្នក​បាន​ផ្តល់​ឲ្យ​មនុស្ស​ឆ្លើយ​នូវ​សំនួរ​ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​ពួក​គេ​ទាក់ទង​នឹង​ប្រធាន​បទ​ណា​មួយ​ដែល​ទាក់ទង​នឹង​ខ្លួន​គេ​ផ្ទាល់។ ទី២ ការ​សួរ​សំនួរ​ ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ស្តាប់​ ដើម្បី​ស្វែង​រក​ចំណុច​ណា​មួយ​ដែល​អ្នក​ត្រូវ​ការ ហើយ​អាច​ផ្តើម​ទំនាក់ទំនង​ជាមួយ​ពួក​គេ។

 

៤) ការ​សរសើរ​ ៖ អ្នក​ត្រូវ​ស្វែង​រក​ចំណុច​ល្អ​ណា​មួយ​របស់​ពួក​គេ​ហើយ​សរសើរ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មនុស្ស​ភាគ​ច្រើន​ស្រលាញ់​ ការ​សរសើរ​ នៅ​ពេល​ដែល​អ្នក​ចេះ​សរសើរ​ពួក​គេ​នូវ​អ្វី​ដែល​គួរ​ឲ្យ​សរសើរ វា​នឹង​ជួយ​ធ្វើ​ឲ្យ​រនាំង​ឧបសគ្គ​នានា​ដួល​ចុះ​ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​បើក​ចិត្ត​ទូលាយ​ជាមួយ​នឹង​អ្នក។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com