អគ្គិសនី​កម្ពុជា​-​ចិន ចុះហត្ថលេខា សាងសង់​ខ្សែ​បញ្ជូន​រង អគ្គិសនី​ជនបទ តម្លៃ​ជិត​១០០​លាន​ដុល្លារ​

ភ្នំពេញ:
គម្រោង​សាងសង់​ខ្សែរ​បញ្ជូន​រង​អគ្គិសនី​ជនបទ​ដំណាក់កាល​ទី​៥​និង​ទី​៦ ដែលមាន​ទំហំ​ទឹកប្រាក់​ជិត​១០០​លាន​ដុល្លារ​អាមេរិក​មាន​វិសាលភាព​គ្របដណ្តប់​លើ​ខេត្ត​ចំនួន​១៣​ត្រូវបាន​ចុះហត្ថលេខា​រវាង​អគ្គិសនី​កម្ពុជា​និង​ក្រុមហ៊ុន​CHINA National Heavy Machinery Corporation(CHMC) ដើម្បី​ចាប់ផ្តើម​អនុវត្ត​គម្រោង​។​

​ពិធី​ចុះហត្ថលេខា​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៦ កន្លងមកនេះ​ដោយ​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​និង​លោក លូ វេន​ជុន​(Lu Wenjun) អគ្គនាយក​ក្រុមហ៊ុន CHINA National Heavy Machinery Corporation(CHMC)​នៅឯ​អគ្គិសនី​កម្ពុជា​ក្បែរ​វត្តភ្នំ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា គម្រោង​នេះ​មាន​ទឹកប្រាក់​សរុប​ចំនួន​៩៩.៩៧៩.៣៦៤​ដុល្លារ​អាមេរិក​ដែល​៨៥​ភាគរយ​ស្មើនឹង​៨៤.៩៨២.៤៦០​ដុល្លារ​ដុល្លារ​អាមេរិក​ជា​ឥណទាន​ផ្តល់​ដោយ​ធនាគារ​អាហរ័ណ​និ​ហ​រ័​ណ​(China Exim Bank)​និង​១៥​ភាគរយ​ទៀត​ជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​លោក លូ វេន​ជុន​បាន​មានប្រសាសន៍ថា ច្រើន​ឆ្នាំ​កន្លងមកនេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អគ្គិសនី​ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​។ ការចុះហត្ថលេខា​លើ​គម្រោង​ពង្រីក​បន្ថែម​ខ្សែរ​បញ្ជូន​នៅតាម​ទីជនបទ​ភាគ​ខាងជើង ខាងត្បូង​និង​ខាងលិច​ចំណាយ​ថវិកា​សរុប​ជិត​១០០​លាន​ដុល្លារ​អាមេរិក​។​

​លោក​បាន​បន្តថា ពេល​គម្រោង​នេះ​បញ្ចប់​នឹង​ជួយ​កែលម្អ​ថាមពល​អគ្គិសនី​នៅតាម​បណ្តា​ខេត្ត​ក្រុង​មួយ​ភាគ​ធំ​ហើយ​គម្រោង​នេះដែរ​នឹង​ត​ភ្ជាប់​ខ្សែរ​បញ្ជូន​ចូល​ទៅដល់​តំបន់​និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយចំនួនធំ​ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់​ហើយក៏​អាច​ផ្តល់​អគ្គិសនី​ដល់​ឧស្សាហកម្ម​ផលិត​និង​ឧស្សាហកម្ម​កែច្នៃ​ផ្សេងៗ​។

​លោក​បញ្ជាក់ថា ការចុះហត្ថលេខា​នេះ​ផងដែរ​ក៏​ជាការ​បញ្ជាក់​ពី​ការបោះ​ជំហាន​ទៅ មុខ​មួយ​ចំ​ហ៊ាន​ទៀត លើ​ទំនាក់ទំនង រវាង​កម្ពុជា ចិន​ផងដែរ​។​

​លោក កែវ រតនៈ​បាន​មានប្រសាសន៍ថា កិច្ចសន្យា​អនុវត្ត​គម្រោង​ខាងលើ​មាន​រយៈពេល​៣៦​ខែ និង​ការសាងសង់ ខ្សែ​បញ្ជូន​រង​អគ្គិសនី​ជនបទ មាន​វិសាលភាព គ្រប់​ដណ្តប់​ខេត្ត​ចំនួន​១៣​គឺ​ខេត្ត​មណ្ឌល​គី​រី រតនគីរី ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រៃវែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ​សៀមរាប បាត់ដំបង ពោធិសាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ​។

​លោក​បាន​បន្តថា​គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ឲ្យ​មាន​កំណើន​ការតភ្ជាប់​បណ្តាញ​ជាតិ​បញ្ជូន​អគ្គិសនី និង​ប្រភព​ផលិត​ថាមពល ទៅនឹង​បណ្តាញ​អគ្គិសនី​កម្ម​ជនបទ​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស​។ ការតភ្ជាប់​ផ្ទាល់​នេះ អាច​ផ្តល់ជូន​នូវ​ប្រព័ន្ធ​ចែកចាយ អគ្គិសនី​មានគុណ​ភាពល្អ​និង​មានតម្លៃ​សមរម្យ​ជូន​ដល់ ប្រជាជន នៅតាម​ទីជនបទ ដែលជា​កត្តា​សំខាន់​ក្នុង​ការពង្រីក​សក្តានុពល​សេដ្ឋកិច្ច តំបន់​ជនបទ​ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍ វិស័យ ថាមពល​សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​បញ្ជាក់ថា​គម្រោង​នេះ​គ្រោង​ត​ភ្ជាប់​អគ្គិសនី​ពី​បណ្តាញ​ជាតិ​បញ្ជូន​អគ្គិសនី និង​ប្រភព​ផលិត​ដល់​ប្រជាជន ប្រមាណ​ជា ៩៨.៤០០​គ្រួសារ ក្នុងនោះ​ជាង​៤៤.៤០០​គ្រួសារ​ជា​អ្នកភ្ជាប់​ថ្មី​៕​

អគ្គិសនី​កម្ពុជា​-​ចិន ចុះហត្ថលេខា សាងសង់​ខ្សែ​បញ្ជូន​រង អគ្គិសនី​ជនបទ តម្លៃ​ជិត​១០០​លាន​ដុល្លារ​

អគ្គិសនី​កម្ពុជា​-​ចិន ចុះហត្ថលេខា សាងសង់​ខ្សែ​បញ្ជូន​រង អគ្គិសនី​ជនបទ តម្លៃ​ជិត​១០០​លាន​ដុល្លារ​