​ឧបនាយករដ្ឋមន្ត្រី ជំ​រុញអោយ​មន្ត្រី​សម្រុក ប្តូរ​ផ្ទះ​ដំបូល​ស្បូវ ទៅ​ប្រក់ស​ង្ក័​សី​អោយអស់​មុន​ថ្ងៃទី​១០​មេសា

បន្ទាយមានជ័យ:
 ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​ជម្រុញ​អោយ​មន្ត្រី​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ថ្នាក់ស្រុក​ចុះជួយ​មូលដ្ឋាន​ត្រូវ​ប្រើ​កម្លាំង​សរុប​ចុះជួយ​ជួសជុល ឬ​សាងសង់​ប្តូរ​ផ្ទះ​ប្រក់​ស្លឹក ឬ​ស្បូវ​ជូន​ពលរដ្ឋ​ក្រីក្រ អោយបាន​រួចរាល់​ទាំងស្រុង យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១០ ខែមេសា​ឆ្នាំ​២០១៦ ឬ​អោយបាន​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំវក​ខាងមុខនេះ​។​
 
​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន -​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​ផ្ទះ​ជូន​ពលរដ្ឋ​ក្រីក្រ ដែល​បាន​ប្តូរ​ដំបូល​ស្បូវ ទៅ​ស​ង្ក័​សី នៅ​ស្រុក​ភ្នំស្រុក ធ្វើ​នៅ​វត្ត​ណាំតៅ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក កាលពី​ថ្ងៃទី​២៩​មីនាឆ្នាំ​២០១៦​។​

​លោក​បាន​មានប្រសាសន៍ថា ក្រៅពី​ការងារ ភារកិច្ច ដែល​ទទួលខុសត្រូវ តាម​ដែន​សមត្ថកិច្ច ភូមិសាស្ត្រ​របស់ខ្លួន ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រុមការងារ​ទាំងអស់ ត្រូវតែ​ប្រើ​កម្លាំង​សរុប វិធាន​ការសរុប ចុះ​សម្រុក​ជួសជុល សាងសង់​ប្តូរ​ផ្ទះ​ប្រក់ ឬ​ស្លឹក​ទៅជា​ស័ង្កសី ជូន​ពលរដ្ឋ​ក្រីក្រ អោយ​រួចរាល់​ទាំងស្រុង យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១០ មេសា ឆ្នាំ​២០១៦ ដើម្បីអោយ​ពួកគាត់ មាន​ជម្រក​ស្នាក់នៅ សមរម្យ និង​បាន​រីករាយ​បំផុត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំវក ប្រពៃណីជាតិ ដ៏​ខ្លី​ខាងមុខនេះ​៕V