មាន​សូ​នី​តា​ និង​លោក​ម៉ានិត ​ប្រកាស​លក់​សៀវភៅ​រឿង​«​បេសកកម្ម​មួយ​»​យក​ប្រាក់​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា

មាន​សូ​នី​តា​ និង​លោក​ម៉ានិត ​ប្រកាស​លក់​សៀវភៅ​រឿង​«​បេសកកម្ម​មួយ​»​យក​ប្រាក់​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា



កភ្នំពេញ​ ៖​ មាន សូ​នី​តា​ ​ដែល​ត្រូវ​បាន​មហាជន​ស្គាល់​គ្រប់ៗ​គ្នា​ថា​​ ជា​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​នោះ​ បាន​ប្រកាស​ចាប់​ដៃគូ​ជាមួយ​នឹង​តារា​ចម្រៀង​វ័យក្មេង លោក ម៉ានិត ដើម្បី​ធ្វើ​ការ​លក់​ស្នាដៃ​និពន្ធ​ថ្មី​ជា​សៀវភៅ​ប្រលោមលោក​រឿង «​បេសកកម្ម​មួយ​» ដើម្បី​ប្រមូល​ថវិកា​៦០​ភាគរយ​ ដែល​បាន​ពី​ការ​ជាវ​សៀវភៅ​រឿងនេះ​យកទៅជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ការ​ព្យាបាល​កុមារ​មកពី​គ្រប់ទិសទី។

តារា​សម្តែង​កញ្ញា​មាន សូ​នី​តា បាន​បញ្ជាក់ថា នាង​សប្បាយចិត្ត ដែល​លោក​ម៉ានិត​ខំ​តស៊ូ​រហូត​បានសម្រេច​ស្នាដៃ​ថ្មី​តាមរយៈ​ការ​តែង​និពន្ធ​សៀវភៅ​នេះ​។ ពួកយើង​ទាំងពីរ​ នឹង​ខិតខំ​រួមគ្នា​ធ្វើយ៉ាងណា​ឲ្យ​បាន​លក់​សៀវភៅ​នេះ​បាន​ច្រើន​ក្បាល ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ​ហើយ​តាមរយៈ​មូលនិធិ​ចលនា​ស្រឡាញ់​ និង​ស្រឡាញ់​ក្រមា​ខ្មែរ​របស់​នាង ពិតជា​សម្រេច​ផែនការ​នេះ​មិន​ខាន​។ ជាមួយគ្នានេះ នាង​ក៏​អរគុណ​ខាង​រោងកុន​លេជេន​បាន​ជួយ​គាំទ្រ​ផ្តល់​ទីតាំង​មួយចំនួន​សម្រាប់​ជាវ​សៀវភៅ ក្នុងនោះ​អាច​ជាវ​នៅ​ទីតាំង​រោងភាពយន្ត​លេ​ជេន​ស៊ី​ធី​ម៉​ល លេ​ជេន​ទួលគោក និង​លេ​ជេន​ស្ទឹងមានជ័យ។

រឿង​«​បេសកកម្ម​មួយ​»​គឺជា​ស្នាដៃ​និពន្ធ​ដ៏​ថ្មី​សន្លាង​លើកដំបូង​របស់​អ្នកនិពន្ធ​វ័យក្មេង​និង​ជា​តារាច​ម្រៀង​កំពុង​ពេញនិយម​លោក​ម៉ានិត ហើយ​បើតាម​ការបញ្ជាក់​របស់​អ្នកនិពន្ធ​ខាងលើ​បានលើកឡើង​ថា​រឿង «​បេសកកម្ម​មួយ​» ជា​ប្រភេទ​រឿង​ប្រលោមលោក​មនោសញ្ចេតនា​បែប​ស៊ើបអង្កេត ដែល​និយាយ​ពី​ការ​លំបាក​នៃ​មនុស្ស​វ័យ​ជំទង់ ដែល​តែងតែ​ប្រឈមមុខ​នឹង​ការសម្រេចចិត្ត​ជាច្រើន​ ដែល​ពួកគេ​មិន​ធ្លាប់​ឆ្លងកាត់​ពីមុនមក ​តែ​ថា​អ្នកណា មិនដែល​មាន​លើក​ទី​១។ គោលបំណង​នៃ​ការ​សរសេរ​សៀវភៅ​នេះ​គឺ​ចង់​ជំរុញ​ទឹក​ចិត្តនឹង​បង្កើត​ការ​អាន​សៀវភៅ​ប្រលោមលោក​បែប​ទំនើប​របស់​កម្ពុជា​ព្រមទាំង​បង្កើន​ចំណេះដឹង​ក្នុង​ការ​អាន​របស់​យុវជន​យើង។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ភ្លេង​រីខ​ត​និង​ជា​ចៅប្រុស​លោកស្រី​ពាន់ ភួង​បុប្ផា រូបនេះ​បាន​បញ្ជាក់ថា លោក​បាន​ចំណាយពេល​ជិត​២​ឆ្នាំ ដើម្បី​តែង​និពន្ធ​សៀវភៅ​មួយ​នេះ​ឡើង​ឲ្យ​តែ​ទំនេរ​ពី​ការងារ​ជា​តារា​ចម្រៀង​។ អ្វីដែល​សំខាន់​បំផុត ​ដែល ​​ជួយ​ជំរុញ​ឲ្យ​លោក​ជោគជ័យ​លើ​ការ​តែង​និពន្ធ​នេះ​គឺ​បាន​ការ​ជួយ​ជំរុញ​ពី​សំណាក់​លោកស្រី​ពាន់​ភួង​បុ​ប្ជា​ បាន​ប្រាប់​ពី​គន្លឹះ​ ព្រមទាំង​ការខិតខំ​ពិនិត្យ​សង្កេត​របស់​លោក​មើល​ពី​របៀប​តែង​និពន្ធ​របស់​លោក​ស្រី​ ទើប​លោក​ចាប់​បាន​ខ្លះ​។

តារា​ចម្រៀង​ម៉ា និ​ត ​បញ្ជាក់ថា សៀវភៅ​ដែលជា​ស្នាដៃ​ដំបូង​របស់​លោក​ដោយ​ចែកចេញជា​ពីរ​ប្រភេទ មាន​ប្រភេទ​ធម្មតា​មាន​ប្រមាណ​៣​ពាន់​ក្បាល ​និង​ប្រភេទ​សៀវភៅ​មួយទៀត​ភ្ជាប់​ជាមួយ​សាច់​ក្រមា​ខ្មែរ​ចំនួន​ជាង​មួយ​រយ​ក្បាល​។ ក្នុង​គ្រា​ដែល​លោក​បង្ហាញ​ស្នាដៃ​តាម​ហ្វេ​ស​ប៊ុ​កមាន​អ្នកទិញ​យ៉ាងច្រើន ដោយ​លោក​បាន​សហការ​ជាមួយ​កញ្ញា មាន សូ​នី​តា យក​ថវិកា​៦០​ភាគរយ​ពី​ការលក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដែល​ជា​គោលដៅ ​និង​ក្តី​ស្រមៃ​លោក​ចង់​ជួយ​កិច្ចការ​សង្គម​នេះ​យូរ​មកហើយ៕