អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រជុំ​ គណៈកម្មាធិការ ​សម្របសម្រួល​ គម្រោង​សម្រាប់​ការ​អភិវឌ្ឍ​ សមត្ថភាព

អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រជុំ​ គណៈកម្មាធិការ ​សម្របសម្រួល​ គម្រោង​សម្រាប់​ការ​អភិវឌ្ឍ​ សមត្ថភាពភ្នំពេញ ​៖​ អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ សម្របសម្រួល​លើក​ទី​២ នៃ​គម្រោង​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ជំហាន​ទី​២​ ដែល​មាន​ការចូលរួម ពី​តំណាង​ អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន ​កាលពី ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦។

លោក​វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ​ទទួលបន្ទុក​ជា​ប្រធាន​គម្រោង និង​លោក​ហេង សុខ​ណា​ង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ទទួលបន្ទុក​ជា​អ្នកគ្រប់គ្រង​គម្រោង និង​សមាជិក​នៃ​គម្រោង​មួយ​ចំនួន​ទៀត និង​ភាគី​ប្រទេស​ជប៉ុន រួមមាន តំណាង​ស្ថានទូត​ជប៉ុន តំណាង​ភា្នក់​ងារ​ពន្ធដារ​ជាតិ​ជប៉ុន តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន និង​អ្នកជំនាញការ​ជប៉ុន បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង ៣ សំខាន់ៗ រួមមាន​៖ (១)​ ការពិភាក្សា​លើ​កិច្ចព្រមព្រៀង កែសម្រួល​តារាង​គម្រោង​ម៉ាទ្រីស ដែល​ចង្អុល​បង្ហាញ​លម្អិត​ពី​គោលដៅ​ និង​ការអនុវត្ត​គម្រោង​ជំហាន​ទី​២​នេះ (២) ​ការ​បញ្ជាក់​លើ​ជំហរ​ និង​មធ្យោបាយ​ក្នុង​ការ​អនុវត្ត​គម្រោង​​ (៣) ការ​បញ្ជាក់​ពី​ការរៀបចំ​ក្រុមការងារ​ស្នូល ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​គាំទ្រ និង​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​នីមួយៗ ដែល​បាន​ដាក់​ចេញ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ការ​កែសម្រួល​លើ​តារាង​គម្រោង ម៉ា​ទ្រី​ស និង ត្រូវបាន​ធ្វើឡើង ដើម្បី​ផ្លាស់ប្ដូរ​គោលដៅ ជា​រួម​នៃ​ផែនការ នៃ​សកម្មភាព​នោះ​ទេ ប៉ុន្តែ​គឺ​ក្នុង​គោលបំណង​បញ្ជាក់​បន្ថែម​ឲ្យ​បាន​ច្បាស់​លាស់ នូវ​ផែនការ​សកម្មភាព ក្នុង​តារាង​គម្រោង​ម៉ា​ទ្រី​ស​នោះ និង​ដើម្បី​ឈាន​ទៅ​អនុវត្ត​គម្រោង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ឆ្លើយតប​ទៅ​នឹង​តម្រូវការ និង​ស្ថានភាព​ជាក់ស្ដែង។

ឆ្លងកាត់​តាមរយៈ​ការពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ទៅលើ​ចំណុច​សំខាន់ៗ នៃ​កិច្ចប្រជុំ ភាគី​ទាំងពីរ​បានសម្រេច​ព្រមព្រៀង​ទាំងស្រុង​លើ​តារាង​គម្រោង​ម៉ាទ្រីស និង​ចំណុច​ពាក់ព័ន្ធ​ដទៃ​ទៀត នៃ​គម្រោង​សម្រាប់​ការ​អភិវឌ្ឍ ​សមត្ថភាព​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ជំហាន​ទី ២។ ជាមួយគ្នា​នោះ លោក អគ្គនាយករង ជា​តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ៕

អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រជុំ​ គណៈកម្មាធិការ ​សម្របសម្រួល​ គម្រោង​សម្រាប់​ការ​អភិវឌ្ឍ​ សមត្ថភាព