រយៈពេល​៥​ឆ្នាំ ប្រៃសណីយ៍​កម្ពុជា ​រក​ប្រាក់​ចំណូល​បាន​ដល់​ជាង​៥,៤​លាន​ដុល្លារ​អាមេរិក​

រយៈពេល​៥​ឆ្នាំ ប្រៃសណីយ៍​កម្ពុជា ​រក​ប្រាក់​ចំណូល​បាន​ដល់​ជាង​៥,៤​លាន​ដុល្លារ​អាមេរិក​



ភ្នំពេញ ​៖ គិត​ចាប់ពី​ឆ្នាំ​២០១០ រហូតមកដល់​កាលពី​ឆ្នាំ​២០១៥​កន្លងមក ប្រៃសណីយ៍​កម្ពុជា​អាច​រក​ប្រាក់​ចំណូល​បាន​រហូតដល់​ចំនួន​ប្រមាណ​ជាង​៥,៤​លាន​ដុល្លារ​អាមេរិក ជាមួយនឹង​អត្រាកំណើន​ដែល​មាន​ជា​រៀង​រាល់​ឆ្នាំ​។​
​ ​
លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធ​ផ​ល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០១៦ ​របស់​ប្រៃសណីយ៍​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​៣០ ខែមីនា ឆ្នាំ​២០១៦ ថា ឆ្លងតាម​ការ​ធ្វើ​អាជីវកម្ម​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ ប្រៃសណីយ៍​កម្ពុជា​បាន​បង្កើន​ប្រាក់ចំណូល​ពី​ចំនួន​២១៦៤០០០ ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​២០១០ រហូតដល់​ចំនួន ៥៤៥៧៥០៧ ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥ ពោល​គឺ​ក្នុង​ចំនួន​នេះ​យើង​ទទួល​បាន​ប្រាក់ចំណេញ​ជា​រៀង​រាល់​ឆ្នាំ​។​
​ ​
អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​រូប​នេះ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា គិត​នៅក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ ប្រៃសណីយ៍​កម្ពុជា​អាច​រក​ប្រាក់​ចំណេញ​លើ​វិស័យ​ប្រៃសណីយ៍​បាន​ចំនួន​១៥១៨០៦៩​ដុល្លារ​អាមេ​រិ​ក ដោយ​ពុំ​ទាន់​គិត​ពី​ប្រាក់ចំណេញ​៥​ភាគរយ​ ដែល​បាន​មក​ពី​ការ​ចូល​ហ៊ុន​ជាមួយ​ធនាគារ​កាណា​ឌីយ៉ា ដែល​កាលពី​ឆ្នាំ​២០១៥​ធនាគារ​នេះ ​រក​ប្រាក់​ចំណេញ​បាន​រហូតដល់​ចំនួន​៤១៦០០០០​ដុល្លារ​អាមេរិក​នោះ​នៅឡើយ​ទេ​។​

​ដោយឡែក​បើ​គិត​នៅក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ សម្រាប់​ប្រាក់ចំណូល​ដែល​ប្រៃសណីយ៍​កម្ពុជា​រកបាន​វិញ​នោះ លោក អោក បូរ៉ា ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា មាន​អត្រាកំណើន​ចំនួន ៤,៩៨​ភាគរយ ពោល​គឺ​កើន​ពី​ចំនួន ៥១៩៨៥០៧​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៤ ដល់​ចំនួន ៥៤៥៧៥០៧ ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៥​។​

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​នេះ​ក៏​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការ​សម្រេច​បាន​នូវ​លទ្ធផល​ការងារ​របស់​ប្រៃសណីយ៍​កម្ពុជា​សម្រាប់​រយៈពេល​៥​ឆ្នាំ​កន្លង​មក​។ ​ជាមួយ​គ្នា​នេះ ​លោក​រដ្ឋ​មន្ត្រី​ក៏​បាន​ផ្ដល់​នូវ​អនុសាសន៍​ជាច្រើន​ចំពោះ​ថ្នាក់ដឹកនាំ និង​បុគ្គលិក និយោជិត របស់​អង្គភាព​ប្រៃ​ស​ណីយ៍​កម្ពុជា ដើម្បី​បន្ត​អនុវត្តន៍​ការងារ​ថ្មី​ទៀត​ឲ្យ​បាន​កាន់តែ​រីកចម្រើន​ថែមទៀត​ផង​ដែរ​៕