ការ​កសាង​រូបសំណាក​ស្តេច​ដំរី ​ស្តេច​តោ ​និង​ស្តេច​កង្កែប ​នៅ​លើ​កំពូលភ្នំ​គូលែន​ដើម្បី​ភាព​ត្រជាក់ត្រជំ

ការ​កសាង​រូបសំណាក​ស្តេច​ដំរី ​ស្តេច​តោ ​និង​ស្តេច​កង្កែប ​នៅ​លើ​កំពូលភ្នំ​គូលែន​ដើម្បី​ភាព​ត្រជាក់ត្រជំ



សៀមរាប ​៖​​ លោក​ឆឺ​យ ឆន​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា បើ​តាម​ឯកសារ ​ដែល​បាន​ចងក្រង​ទុក​គឺ​រូបសំណាក​ស្តេច​ដំរី ស្តេច​តោ និង​ស្តេច​កង្កែប ​ដែល​ធ្វើឡើង​ពី​ថ្ម​នៅ​លើ​កំពូលភ្នំ​មហិទបព័ត​ហៅ​គូលែន​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ​៨០២​ នៃ​គ្រិស្ត​សករាជ​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​២។ លោក​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ការ​កសាង​រូបសំណាក​សត្វ​ទាំង​៣​នេះ​ដើម្បី​ជា​ការ​ឧទ្ទិស​ដល់​ភាព​ត្រជាក់ត្រជំ​ដល់​ប្រជាជន​ និង​ប្រទេសជាតិ​ទាំងមូល។

តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ឆឺ​យ ឆន​ឲ្យ​ដឹង​ទៀត​ថា ស្តេច​សត្វ​ទាំង​៣​នេះ​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​យើង​កសាង​ឡើង​ឈរ​លើ​ពយ​នៃ​ខ្នងភ្នំ​គូលែន​បែរមុខ​សម្លឹង​ទៅ​រក​អនាគត​ក្រុង​យសោធរបុរៈ​(​ដែនដី​អនាគត​អង្គរ​ដ៏​រុងរឿង)។ សម្រាប់​អ្នក ​ដែល​បាន​ឃើញ​រូបសំណាក​ទាំង​នេះ​មិន​ថា ​បរទេស​ ឬ​ខ្មែរ​នោះ​ឡើយ ពោល​នៅ​ពេលដែល​បាន​ឈាន​ជើង​មកដល់​ទីនេះ​ហើយ ​គឺ​ពួកគាត់​ហាក់បីដូចជា​មានការ​ជិត​ចិត្តនឹង​រូបសំណាក​សត្វ​ទាំង​៣​នេះ​យ៉ាង​ងប់ងុល​បំផុត។

លោក​ឆឺ​យ ឆន​លើកឡើង​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គេ​នាំ​គ្នា​ហៅ​កន្លែង​រូបសំណាក​ស្តេច​ដំរី ស្តេច​តោ និង ​ស្តេច​កង្កែប​នេះ​ថា តំបន់​ស្រះ​ដំរី ហើយ​ដូចដែល​លោកអ្នក​ធ្លាប់​បាន​ដឹង​មក​ហើយ​ថា​ អ្វីៗ​ដែល​បាន​បន្សល់ទុក​នៅ​លើ​ភ្នំ​គូលែន​រហូត​មក​ដល់​ពេលនេះ ​វា​គឺជា​កេរដំណែល​ដ៏​អស្ចារ្យ​មួយ​មិន​អាច​កាត់ថ្លៃ​បាន​។ ក្រោយពេល​បាន​មក​ដល់​ទី​នេះ​ លោកអ្នក​អាច​សិក្សា​ស្វែងយល់​បាន​អំពី​រូបសំណាក​ទាំងនោះ ក៏ដូចជា​ទស្សនា​នូវ​ទិដ្ឋភាព​ចម្រុះ​ផ្សេងៗ​ទៀត​នៅ​តំបន់​ស្រះ​ដំរី​ប្រកបដោយ​ភាព​ជក់ចិត្ត​ផងដែរ។

ចំពោះ​ការ​ធ្វើដំណើរ​ទៅកាន់​ទីនោះ​វិញ​ត្រូវ​បាន​លោក​ឆឺ​យ ឆន​បញ្ជាក់​ថា ប្រសិនបើ​លោក​អ្នក​មានបំណង​ចង់​មកលេង​នៅ​កន្លែង​ខាង​លើ​នេះ ​នៅ​ពេល​ធ្វើដំណើរ​មកដល់​មុខ​ប៉ុស្តិ៍​រដ្ឋបាល​ផ្លូវ​ឡើង​ទៅ​ព្រះអង្គ​ធំ ​យើង​សាកសួរ​អ្នក​រត់ម៉ូតូឌុប​នៅ​ទីនោះ​ថា​ចង់​ទៅ​ស្រះ​ដំរី​ ពេលនោះ​ក្រុម​ម៉ូតូឌុប​នឹង​ជូន​លោកអ្នក​ទៅ​ក្នុង​ម្នាក់​១០​ដុល្លារ ​ពីព្រោះ​យើង​មិន​អាច​បើកឡាន​ទៅដល់​នោះ​ឡើយ ហើយពី​ផ្លូវបំបែក​ព្រះអង្គ​ធំ​ទៅ​ដល់​កន្លែង​រូប​សំណាក​ស្តេច​ដំរី ស្តេច​តោ និង​ស្តេច​កង្កែប​មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ៕

ការ​កសាង​រូបសំណាក​ស្តេច​ដំរី ​ស្តេច​តោ ​និង​ស្តេច​កង្កែប ​នៅ​លើ​កំពូលភ្នំ​គូលែន​ដើម្បី​ភាព​ត្រជាក់ត្រជំ

ការ​កសាង​រូបសំណាក​ស្តេច​ដំរី ​ស្តេច​តោ ​និង​ស្តេច​កង្កែប ​នៅ​លើ​កំពូលភ្នំ​គូលែន​ដើម្បី​ភាព​ត្រជាក់ត្រជំ