សភាពាណិជ្ជកម្ម​ក្រុង​កាន​ចូ​វ ខេត្ត​ជាំ​ង​ស៊ី ទស្សនកិច្ច​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​

សភាពាណិជ្ជកម្ម​ក្រុង​កាន​ចូ​វ ខេត្ត​ជាំ​ង​ស៊ី ទស្សនកិច្ច​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​



ភ្នំពេញ ៖ ​លោក Li Jian Ming ប្រធាន​សភា​ពាណិជ្ជកម្ម​ក្រុង​កាន​ចូ​វ ខេត្ត​ជាំ​ង​ស៊ី បាន​ដឹកនាំ​គណៈ​ប្រ​តិភូ​មក​ទស្សនកិច្ច​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ហើយ​បាន​កោតសរសើរ​ចំពោះ​ថ្នាក់​ដឹក​នាំ​បុគ្គលិក និង​គ្រូបង្រៀន​ទាំងអស់​ ដែល​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​អាច​បង្កើន​វឌ្ឍនភាព​របស់​វិទ្យាស្ថាន​នេះ​ឲ្យ​ល្បី​រន្ទឺ​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យា​ស្ថាន​ខុងជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​សាវតារ​ និង​ដំណើរ​វិវត្តន៍​របស់​វិទ្យា​ស្ថា​ន ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​លោកស្រី​បណ្ឌិតសភា​ចា​រ្យ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យ​សភាកម្ពុជា និង​ក្រោម​ទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ស្ថានទូត​ចិន​ប្រ​ចាំ​នៅ​កម្ពុជា​។​

ជាមួយគ្នា​នោះ​ដែរ គណៈប្រតិភូ​ក៏បាន​ចាប់អារម្មណ៍ ពី​បណ្ណាល័យ​អេឡិចត្រូនិក​របស់​វិទ្យាស្ថាន ហើយ​សន្យា​នឹង​ជួយ​ស្វះ​ស្វែងរក​ជំនួយ​បន្ថែម​ទៀត ​ដើម្បី​ជួយ​ពង្រីក​បណ្ណាល័យ​នេះ បន្ថែម​លើ​បន្ទ​ប់​បណ្ណាល័យ​ ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ការ​កសាង​ ដោយ​សភាពាណិជ្ជកម្ម​ខេត្ត​ជាំ​ង​ស៊ី​ប្រចាំ​កម្ពុជា​។​
ក្រៅ​ពីនេះ គណៈប្រតិភូ​ក៏បាន​ទស្សនាការ​បង្រៀន​ភាសា និង​វប្បធម៌​ចិន​របស់​គ្រូបង្រៀន​ជនជាតិ​ចិន​ផង​ដែរ​។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ​គឺ គណៈប្រតិភូ​ បាន​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​នៅក្នុង​ផ្ទះបាយ​របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​ដោយ​ម្ហូប​ទាំងអស់​ជា​ស្នាដៃ​របស់​គ្រូ​បង្រៀ​ន​ជនជាតិ​ចិន​។

គណៈប្រតិភូ​យល់​ឃើញ​ថា អារម្មណ៍​ដែល​មកដល់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ហាក់​ដូចជា​ នៅ​ស្រុកកំណើត និង​ទទួល​បាន​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​មិត្តភក្ដិ​កម្ពុជា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គណៈប្រតិភូ​បាន​ទៅ​ទស្សនា​ខេត្តសៀមរាប​ដែល​រួមមាន​ប្រាសាទអង្គរវត្ត​ និង​ប្រាសាទ​ល្បីៗ​នានា​ក្នុង​តំបន់​អង្គរ និង​ទទួល​បាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក ប៊ុន ថា​ឫទ្ធិ អភិបាលរង​ខេត្តសៀមរាប ព្រមទាំង​បាន​ចូល​ទស្សនា​ការ​សម្ដែង​សិល្បៈ​វប្បធម៌​ខ្មែរ​នៅ​មហោស្រព​ស្នាមញញឹម​អង្គរ និង​ចូល​ទៅ​សិក្សា​ស្វែងយល់​ពី​ថ្នាក់រៀន​ភាសា​ចិន​របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រចាំ​វិទ្យាល័យ​អង្គរ​ទៀត​ផង​៕​