នៅ​ឆ្នាំ​២០១៨​ កម្ពុជា ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ផ្គត់ផ្គង់​ទឹក​ស្អាត​ នៅ​ទូទាំង​ប្រទេស ​ឲ្យ​បាន​៦០%

នៅ​ឆ្នាំ​២០១៨​ កម្ពុជា ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ផ្គត់ផ្គង់​ទឹក​ស្អាត​ នៅ​ទូទាំង​ប្រទេស ​ឲ្យ​បាន​៦០%



ភ្នំពេញ​ ៖​ ប្រធាន​នាយកដ្ឋាន​ទឹក​ស្អាត​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ប្ដេជ្ញា​ចិត្ត​ថា ​នៅ​ឆ្នាំ​២០១៨ នឹង​ផ្គត់ផ្គង់​ប្រភព​ទឹក​ស្អាត​ឲ្យ​បាន​ត្រឹម ៦០% ជូន​ពលរដ្ឋ​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​។​

លោក​វេជ្ជបណ្ឌិត ម៉ៅ សា​រ៉ា​យ​ ប្រធាន​នាយកដ្ឋាន​ទឹក​ស្អាត​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​មាន​ប្រសាសន៍​បែបនេះ​កាល​ពី​ពេល​ថ្មីៗ​នេះ ​នៅក្នុង​ទិវា​ទឹក​ពិភពលោក ក្រោម​ប្រធានបទ​ទឹក និង​ការ​ងារ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)។​

លោក​បាន​បន្ត​ថា​ « កម្ពុជា​កំពុង​បោះជំហាន​ទៅ​រក​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស ពិ​សេស​នៅ​តំបន់​ជនបទ​ឲ្យ​បាន ៦០% ក្នុង​ឆ្នាំ​២០១៨ ខាងមុខ​»​។​ លោក​បាន​បន្ថែម​ទៀត​ថា​ ផែនការ​រយៈពេល​ខ្លី​នេះ គឺ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ទស្សនវិស័យ​រយៈពេល​វែង គឺ​នៅ​ឆ្នាំ​២០២៥ ថា​នឹង​ផ្គត់ផ្គង់​ទឹក​ឲ្យ​បាន ១០០% ជូន​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។​

លោក​វេជ្ជបណ្ឌិត​ ម៉ៅ​ សា​រ៉ា​យ​ បាន​បញ្ជាក់​ថា​ «​យើង​មាន​ចក្ខុវិស័យ​រយៈពេល​ខ្លី ២០១៨ យើង​ធ្វើ​យ៉ាង​ណា ផ្គត់ផ្គង់​ទឹក​ឲ្យ​បាន ៦០%​ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រើប្រាស់ ដែល​សព្វ​ថ្ងៃ​នេះ យើង​អាច​និយាយ​បាន​ថា ប្រជាពលរដ្ឋ​បាន​ទទួល ៥០% រួចហើយ​។ ដូច្នេះ​ក្នុង​រយៈពេល​ឆ្នាំ​២០១៦ ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ នេះ ធ្វើ​យ៉ាងម៉េច​ឲ្យ​បាន ១០% ទៀត ឲ្យ​បាន ៦០% ដើម្បី​ឈាន​ទៅ​ដល់​ចក្ខុវិស័យ​វែង​ឆ្ងា​យ​ឆ្នាំ​២០២៥»​។​

លោក ហង់ ហ៊ី​ប៊ុណ្ណា អ្នកឯកទេស​ទឹក​ស្អាត និង​អនាម័យ​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា (Plan Intern​ational)​ បាន​មានប្រសាសន៍ថា ការ​ដាក់​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​លើ​ការ​លើ​ក​កម្ពស់​អនាម័យ​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ឲ្យ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់ ៦០% នៅ​ឆ្នាំ​២០១​៨ នោះ គឺជា​ការកំណត់​ជាក់លាក់​អាច​ទទួល​យក​បាន ពោល​គឺ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជនបទ​ទទួល​បា​ន ៥០% ហើយ​។ ប៉ុន្តែ​លោក​ថា ការ​ប្ដេជ្ញា​ផ្គត់ផ្គង់​ទឹក​ឲ្យ​បាន ១០០% នៅ​ឆ្នាំ​២០២៥ គឺជា​ការកំណត់​មួយ​ហាក់​មាន​មហិច្ឆតា​បន្តិច ស្រប​ពេល​ដែល​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា ថវិកា​ក្នុង​ការងារ​សកម្មភាព​ការងារ​ទឹក​ស្អាត​របស់​រដ្ឋាភិបាល កង្វះ​អ្នកជំនាញ​ផ្នែក​ទឹក ការចូលរួម​របស់​វិស័យ​ឯកជន​នៅ​មាន​កម្រិត និង​កត្តា​ធម្មជាតិ​ជាដើម​។​

លោក ហង់ ហ៊ី​ប៊ុណ្ណា​ បាន​បន្ត​ថា «​នៅក្នុង​បច្ចុប្បន្ន អណ្ដូង​នៅ​កម្ពុជា ភាគច្រើន​គឺ​ខូច​ពុំ​មាន​ទឹក អ្វី​ដែល​ផែនការ​អង្គការ​នេះ កំពុង​ផ្ដោត​ខ្លាំង​ទៅលើ​ការ​ចុះ​ជួសជុល និង​ពង្រឹងសមត្ថភាព​គណៈកម្មការ​គ្រប់គ្រង​ឲ្យ​ចេះ​ជួសជុល​អណ្ដូង​របស់​ពួកគាត់​។ ខ្ញុំ​គិតថា វា​អាច​សម្រេច​គោលដៅ​ឆ្នាំ​២០១៨ និង​ចូ​ល​រួម​នៅ​ឆ្នាំ​២០២៥​ហ្នឹង​»​។​

របាយការណ៍​ស្រាវជ្រាវ​ពី​ការអង្កេត​សេដ្ឋកិច្ច​សង្គម (Cambodia Social Economic Survey) ដែល​ដឹក​នាំ​ដោយ​ក្រសួងផែនការ ក្នុង​ឆ្នាំ​២០១៤ ឲ្យ​ដឹង​ថា ក្នុង​រដូវវស្សា​ប្រជាជន​រស់នៅ​ជនបទ​ទទួល​បាន​ទឹក​ស្អាត​ចំនួន​ជាង ៤៧% គឺ​ប្រមាណ ៦​លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​នៅ​តំបន់​ជនបទ ១២​លាន​នាក់ ដែល​មាន​ទឹក​ប្រើប្រាស់​។ ប្រភព​ទឹក​ស្អាត​ទាំងនោះ​មាន​ដូចជា អណ្ដូង អាង​ត្រង​ទឹកភ្លៀង​ដែល​មាន​ការ​កែលំអ និង​ប្រព័ន្ធ​ចែកចាយ​។​

ប៉ុន្តែ​ការអង្កេត​ថ្មីៗ​នេះ ពី​អង្គការ​សុខភាព​ពិភពលោក​បាន​រក​ឃើញ​ថា មាន​ប្រជាជន​ជនបទ​តែ​២៣% គឺ​ប្រមាណ ២​លាន​នាក់ នៃ​ប្រជាជន​ជនបទ​ប៉ុណ្ណោះ ដែល​ហូប​ទឹក​ស្អាត​គ្មាន​មាន​មេរោគ ហើយ​ប្រជាជន​ជិត ៧០% ផ្សេងទៀត​កំពុង​ប្រឈម​នឹង​មេរោគ​៕