ឯកឧត្តម ហោ ណាំហុង ប្រគល់​ប្រគល់​វត្ថុ​បុរាណ​ព្រះ​សិរ្ស​ចំនួន​ពីរ​ទៅ​សារមន្ទីរ​ជាតិ​ក្រោយពី​ទាមទារ​បាន​មកពី​បារាំង​

ឯកឧត្តម ហោ ណាំហុង ប្រគល់​ប្រគល់​វត្ថុ​បុរាណ​ព្រះ​សិរ្ស​ចំនួន​ពីរ​ទៅ​សារមន្ទីរ​ជាតិ​ក្រោយពី​ទាមទារ​បាន​មកពី​បារាំង​



ភ្នំពេញ ៖ ពិធី​ប្រគល់​និង​ទទួល​វត្ថុ​បុរាណ​ព្រះ​សិរ្ស​ចំនួន​ពីរ​នេះ បាន​ធ្វើ​គ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​សារមន្ទីរ​ជាតិ និង​ដើម្បី​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ។

មានប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​អ្នកជំនាញ ដែល​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ យ៉ាង​ហ្មត់ចត់​ពី​ប្រវត្តិ​របស់​ព្រះ​សិរ្ស​ទាំងពីរ​នេះ ហើយ​បាន​រកឃើញថា រូប​ព្រះ​សិរ្ស​ទាំងពីរ​នេះ​ជា​បដិមា​កសាង​នៅ​សតវត្ស​ទី​១០ មាន​ប្រភព​មកពី​បដិមា​ដើម​តែមួយ​អង្គ ហើយ​ត្រូវបាន​ជនខិលខូច​លួច​ចេញពី​ប្រាសាទ​ណាមួយ​នៃ​ក្រុម​ប្រាសាទកោះកេរ្តិ៍ ក្នុងអំឡុង​ពេលដែល​ក​ម្ពុ​ជា​កើតមាន​សង្គ្រាមស៊ីវិល នា​ទសវត្ស​ឆ្នាំ​១៩៧០​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៍បាន​រំលឹក​បន្តិច​អំពី​ប្រវត្តិ​នៃ​ការទាមទារ​យក​វត្ថុ​បុរាណ​ទាំងពីរ​នេះ​ពី​ប្រទេស​បារាំង​មកវិញ​ផងដែរ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់​យ៉ាងនេះ​ថា “​នៅពេលដែល​ខ្ញុំ​ទៅធ្វើជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង មាន​មិត្តភក្តិ​របស់ខ្ញុំ​នៅ​ប្រទេស​បារាំង បាន​ប្រាប់​ខ្ញុំ​ថា បាន​ប្រទះឃើញ​ព្រះ​សិរ្ស​ចំនួន​ពីរ​ដាក់តាំង​លក់​ក្នុងតម្លៃ​១​លាន​ដុល្លារ​អាមេរិក នៅ​ទីកន្លែង​មួយ​នៃ​ក្រុងប៉ារីស​។ ខ្ញុំ​បានធ្វើការ​ស្រាវជ្រាវ​ដឹង​ថា ព្រះ​សិរ្ស​ទាំងពីរ​នេះ គឺជា​វត្ថុ​បុរាណ​ខ្មែរ​ពិត ហើយ​ខ្ញុំ​បាន​ប្តឹងទៅ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​វត្ថុ​បុរាណ​របស់​បារាំង​។ នគរបាល​បារាំង បានធ្វើការ​ស៊ើបអង្កេត​អំពី​ការលក់​ព្រះ​សិរ្ស​នេះ ហើយ​បានសម្រេច​បញ្ជូន​ព័ត៌មាន និង​វត្ថុ​បុរាណ​ទាំងពីរ​នោះ ទៅកាន់​តុលាការ​បារាំង​ដើម្បី​ធ្វើការ​វិនិច្ឆ័យ​។ ជា​ភ័ព្វ​ល្អ តុលាការ​បារាំង​ដែល​ទទួល​ពិនិត្យ​បញ្ហា​នេះ គឺ​លោកស្រី Pelligrini ដែល​ជា​អតីតមន្ត្រី​ក្រសួងការបរទេស​បារាំង​ក្នុង​ចុង​ទស្ស​វត្ត​ន៍ទី​៨០ រហូតដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ដំណោះស្រាយ​ទំនាស់​នៅ​កម្ពុជា ដែល​ខ្ញុំ​បាន​ស្គាល់​តាំងពី​ពេលនោះ​មក ហើយ​ជា​សមាជិក​មួយរូប​រប​ស់​គណៈប្រតិភូ​បារាំង ពេល​បារាំង​ធ្វើជា​សហប្រធាន​ក្នុង​កិច្ចចរចារ​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​ចំពោះ​បញ្ហា​កម្ពុជា ពី​ឆ្នាំ​១៩៨៧-១៩៩៣​។ ពេលនោះ ខ្ញុំ​ក៏​ជា​សមាជិក​មួយរូប​រប​ស់​គណៈប្រតិភូ “​រដ្ឋ​កម្ពុជា​” ក្នុង​ដំណើរការ​ចរចា​នេះ​។ ខ្ញុំ​ក៏បាន​ស្គាល់​លោកស្រី Pelligrini យ៉ាងច្បាស់​។ ខ្ញុំ​បាន​ជួប​ស្នើសុំ​ឲ្យ​លោកស្រី​ជួយ​ក្នុង​រឿងក្តី​នេះ ហើយ​លោកស្រី​ក៏បាន​កាត់​ឲ្យ​ប្រគល់​វត្ថុ​បុរាណ​ទាំងពីរ​នោះ មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​១៩៩៤​។ ខ្ញុំ​បាន​ទទួលយក​វត្ថុ​បុរាណ​ទាំងពីរ​នេះ មក​រក្សាទុក​នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស​”​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើង​ទៀតថា “​បន្ទាប់ពី​ប្រគល់​ព្រះ​សិរ្ស​មក​ឲ្យ​ខ្ញុំ​ហើយ លោកស្រី Pelligrini ក៏បាន​ចាត់​ឲ្យ​នគរបាល​ប្រឆាំង​ការជួញដូរ​វត្ថុ​បុរាណ​របស់​បារាំង ទៅធ្វើ​ការស៊ើបអង្កេត​អំពី​ប្រភព​ព្រះ​សិរ្ស​នេះ នៅ​ប្រទេស​ថៃ តាម​ឈ្មោះ​និង​អាស័យដ្ឋាន​នៅ​បាងកក ដែល​អ្នកទិញ​ជនជាតិ​បារាំង​បានផ្តល់​ឲ្យ​។ ក្រោយ​ការស៊ើបអង្កេត​នៅ​បាងកក នគរបាល​បារាំង​បាន​រាយការណ៍​មក​ខ្ញុំ​ថា នគរបាល​ថៃ​និង​អ្នកលក់​ជនជាតិ​ថៃ មិន​សហការ​ក្នុង​ការរក​ប្រភព​បដិមា​នេះឡើយ ដោយ​ឆ្លើយ​យ៉ាងខ្លី​ថា ទិញ​បន្ត​ពី​គេ ដោយ​អត់​ស្គាល់​ជា​អ្នកណា​ទេ​។ ឥឡូវនេះ ព្រះ​សិរ្ស​ទាំង​២​នេះ បានមក​ដល់​សារមន្ទីរ​យើង​ហើយ​។ ម្យ៉ាងវិញទៀត ដោយ​ទឹកចិត្ត​ស្រលាញ់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​វប្បធម៌​និង​វត្ថុ​បុរាណ​ជាតិ នៅ​ប្រទេស​បារាំង ខ្ញុំ​ក៏បាន​ធ្វើ​ការតវ៉ា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់ ទាមទារ​បាន​វត្ថុ​បុរាណ​ចំនួន​ពីរ​ផ្សេងទៀត ដែល​សព្វថ្ងៃ បាន​រក្សាទុក​នៅ​និវេសនដ្ឋាន​របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង រហូតដល់​ពេលបច្ចុប្បន្ន​នេះ​”​។

នៅក្នុង​ពិធី​នោះដែរ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែល​បាន​ខិតខំ​ទាមទារ​យកមក​វិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​ទាំងពីរ​នេះ និង​បាន​ប្រគល់ជូន​មក​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​ផ្តល់ឱកាស​សម្រាប់​ការជួប​ជុំគ្នា​វិញ​នៃ​រូប​បដិមា​ផ្សេងៗ មកពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​កេរ្តិ៍​។ លោកជំទាវ​បាន​បញ្ជាក់ថា “​ការប្រគល់​វត្ថុ​បុរាណ​នេះ​គឺ​បង្ហាញ​នូវ​ការស្រឡាញ់ និង​ការចូលរួម​ថែរក្សា​ចំពោះ​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​”​។

លោកស្រី ភឿង ស​កុ​ណា អះអាងថា ការប្រគល់​នេះ ក៏​ឆ្លុះបញ្ចាំង​ពី​អំពើចោរកម្ម​យ៉ាងធ្ងន់ធ្ង​រ​មកលើ​វត្ថុ​បុរាណ​ខ្មែរ ដែល​បាន​កើតឡើង​នៅ​ប្រទេស​យើង​កាលពី​សម័យ​អតីតកាល ព្រមទាំង​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋា​-​ភិ​បាល​ក្នុងការ ទាមទារ​ត្រឡប់មកវិញ​នូវ​រូប​បដិមា​ដែលជា​ផ្នែក​មួយ​នៃ​ដួងព្រលឹង​ជាតិ ដែល​ត្រូវបាន​យក​ចេញពី​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។

ទាក់ទង​និង​រូបនេះ តាម​អ្នកជំនាញ​សារមន្ទីរ​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​សិក្សា និង​ពិនិត្យ​លើ​ព្រះ​សិរ្ស​ទាំងពីរ​នេះ បង្ហាញថា​មាន​ប្រភព​មកពី​បដិមា​ដើម​តែមួយ​អង្គ ពោលគឺ​ព្រះ​បដិមា​ព្រះព្រហ្ម​ដ៏​ធំ​មួយ ដែល​ប្រហែល​យកចេញ​មកពី​ប្រាសាទ​ណាមួយ​នៃ​ក្រុម​ប្រាសាទកោះកេរ្តិ៍ ដែល​បាន​កសាង​នៅក្នុង​សតវត្ស​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ (៩២១-៩៤១ គ​.​ស​.) ដែល​បាន​បន្សល់ទុក​នូវ​ស្នា​ព្រះហស្ត​ផ្នែក​សំណង់​ប្រាសាទ​ដ៏​ស្កឹមស្កៃ​និង​បដិមា​ធំៗ​ផ្នែក​ព្រហ្មញ្ញសាសនា ហើយ​តាមរយៈ​ការ​ផ្គុំ​សាកល្បង​នូវ​ព្រះ​សិរ្ស​ទាំងពីរ​នេះ ឃើញថា​មាន​ទំហំ​ធំ ក៏​កើតមាន​សំណួរ​ថា​តើ​មាន​ប្រាសាទ​ណាមួយ​សម្រាប់​តម្កល់​ទេព​នេះ​? ដូច្នេះ​នេះ​គឺជា​កិច្ចការ​បន្ទាប់​ដែល​ក្រុមការងារ​ជំនាញ​របស់​សារមន្ទីរ​ត្រូវធ្វើ​។​

ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជា​អ្នកមាន​ទឹកចិត្ត​ស្រឡាញ់ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្ថុ​បុរាណ​ខ្មែរ នៅក្នុង​ពេលនោះ ឯកឧត្តម​ក៏បាន​ធ្វើ​ការតវ៉ា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់ ទាមទារ​បាន​វត្ថុ​បុរាណ​ចំនួន​ពីរ​ផ្សេងទៀត ដែលជា​ចម្លាក់​ទេពអប្សរ​នៅតាម​ជញ្ជាំង​ប្រាសាទ ក្នុង​រចនាបថ​បា​យ័ន្ត នា​ចុង​សតវត្ស​ទី​១២ និង​ដើមទី​១៣ នៃ​គ​.​ស​. ដែល​បច្ចុប្បន្ន​ត្រូវបាន​រក្សាទុក​នៅ​និវេសនដ្ឋាន​របស់​ឯកអគ្គ​-​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​៕
ឯកឧត្តម ហោ ណាំហុង ប្រគល់​ប្រគល់​វត្ថុ​បុរាណ​ព្រះ​សិរ្ស​ចំនួន​ពីរ​ទៅ​សារមន្ទីរ​ជាតិ​ក្រោយពី​ទាមទារ​បាន​មកពី​បារាំង​

ឯកឧត្តម ហោ ណាំហុង ប្រគល់​ប្រគល់​វត្ថុ​បុរាណ​ព្រះ​សិរ្ស​ចំនួន​ពីរ​ទៅ​សារមន្ទីរ​ជាតិ​ក្រោយពី​ទាមទារ​បាន​មកពី​បារាំង​

ឯកឧត្តម ហោ ណាំហុង ប្រគល់​ប្រគល់​វត្ថុ​បុរាណ​ព្រះ​សិរ្ស​ចំនួន​ពីរ​ទៅ​សារមន្ទីរ​ជាតិ​ក្រោយពី​ទាមទារ​បាន​មកពី​បារាំង​