តុលាការ​ឃុំខ្លួន​ជនល្មើស​បាញ់​មេ​ប៉ុស្តិ៍​វត្តភ្នំ​របួសធ្ងន់ ចោទប្រកាន់​៣​បទល្មើស​

តុលាការ​ឃុំខ្លួន​ជនល្មើស​បាញ់​មេ​ប៉ុស្តិ៍​វត្តភ្នំ​របួសធ្ងន់ ចោទប្រកាន់​៣​បទល្មើស​



ភ្នំពេញ​ ៖ មន្ត្រី​តុលាការ​ថ្លែង​ថា មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធា​នី​ភ្នំពេញ ដែល​បាញ់ប្រហារ​លើ​មេ​ប៉ុស្តិ៍​វត្តភ្នំ​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បាន​ លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត។​

​ជនល្មើស​រូប​នេះ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​រង ងិន ពេជ្រ ចោទប្រកាន់​ចំនួន​៣​បទល្មើស គឺ​បទ​ប៉ុនប៉ង​ឃាតកម្ម បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង បទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​

​មន្ត្រី​តុលាការ​ដដែល​ថ្លែង​​ថា ជន​ដៃ​ដល់ ​ឈ្មោះ ស៊ិន សុធា​រិ​ទ្ធ អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ស្ថិត​ក្រោម​ការ​ការពារ​ពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស។​

គួរ​បញ្ជាក់​ថា ហេតុការណ៍​បាញ់ប្រហារ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃទី​២​៥ ខែមីនា ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​១០៨ ​កែង​១៩ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ផ្ទុះអាវុធ​នោះ​បង្កឡើង​ដោយ​ជនសង្ស័យ ឈ្មោះ សិន សុធា​រិ​ទ្ធ ជា​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ស្នាក់​នៅផ្ទះ​លេខ​១២៥ ផ្លូវ​១៩ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​ ចំណែក​ជនរងគ្រោះ ឈ្មោះ អ៊ុន សំអាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​មេ​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ ត្រូវ​ជនសង្ស័យ​ខាងលើ​បាញ់​ត្រូវ​០១​គ្រាប់​ចំ​ដោះ​ខាង​ឆ្វេង​រង​របួស​ធ្ងន់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​កំពុង​ឈ្លោះ​គ្នា​ជាមួយ​ជន​ម្នាក់ទៀត​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ដោយ​ឮ​ថា មាន​ករណី​ឈ្លោះប្រកែក​គ្នា​ដូច​នោះ​ លោក ​អ៊ុន សំអាត មេ​ប៉ុស្តិ៍​វត្តភ្នំ ក៏​បាន​ចុះទៅ​ឃាត់ ក៏​ត្រូវ​ជនសង្ស័យ​បាញ់​ត្រូវ​០១​គ្រាប់ ​បណ្ដាល​ឲ្យ​របួស​ ហើយ​ពេលនោះ​កម្លាំង​ល្បា​ត​របស់​កងរាជអាវុធហត្ថ ដែល​កំពុងតែ​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ត្រួតពិនិត្យ​ជាតិ​អា​កុល​នៅ​ចំណុច​ខាងកើត​វត្តភ្នំ បានឮ​តាម​វិទ្យុទាក់ទង​របស់​ប៉ូលិស​ថា មាន​ករណី​ផ្ទុះអាវុធ​ ដែល​លោ​ក​មេ​ប៉ុស្តិ៍​វត្តភ្នំ ត្រូវ​គេ​បាញ់​នោះ ទើប​កម្លាំង​កំពុង​ត្រួតពិនិត្យ​ជាតិ​អាកុល​នោះ បាន​ចេញ​រួមគ្នា​មក​ដល់​កន្លែង​កើត​ហេតុ ក៏​ត្រូវ​ជនសង្ស័យ​បាញ់​មក​លើ​កម្លាំង​ប៉េអិម​ថែមទៀត ​រួចហើយ​ជនសង្ស័យ​បាន​ព្យាយាម​រត់​គេច​ខ្លួន​មកដល់​មុខ​ហាង​សេ​វេន​ប្រាយ​ខាងកើត​ស្ពាន​នាគ ក៏​ត្រូវ​កម្លាំង​ចម្រុះ​ប្រើ​សិទ្ធ​ការពារ​ខ្លួន​បាញ់​តបត​វិញ​ បណ្ដាល​ឲ្យ​ត្រូវ​ជនសង្ស័យ​ចំនួន​០២​គ្រាប់ ចំ​គូថ​០១​គ្រាប់ និង​ស្មា​ខា​ង​ឆ្វេង​០១​គ្រាប់ ឲ្យ​ដេក​ដួល​នៅ​នឹង​កន្លែង ហើយ​ទើប​ដកហូត​បាន​អាវុធ​ខ្លី​០១​ដើម ម៉ាក​រ៉ូឡូ សល់​គ្រាប់​០៣​គ្រាប់ ព្រមទាំង​ឆែក​ឃើញ​មាន​ម៉ា​ទឹកកក​ចំនួន​០២​កញ្ចប់​តូច និង​ដែកកេះ​មួយ​នៅក្នុង​ហោ​ប៉ៅ​ខោ​របស់​ជន​ដៃ​ដល់ រួច​បាន​ប្រគល់​ឲ្យ​ប៉ូលិស​នៅ​កន្លែង​កើត​ហេតុ​តែម្តង​ ព្រោះ​ជន​ដៃ​ដល់​ក៏​ជា​ប៉ូលិស និង​ជនរងគ្រោះ​ក៏​ជា​ប៉ូលិស​ដូចគ្នា​នោះ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា លោក អ៊ុន សំអាត មេ​ប៉ុស្តិ៍​វត្តភ្នំ ក្រោយពី​ត្រូវរបួស​ហើយ​នោះ កម្លាំ​ង​ក៏​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​។ ចំណែក​ជន​ដៃ​ដល់ ដែល​របួសធ្ងន់​ដែរ​នោះ​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ដូចគ្នា​៕

តុលាការ​ឃុំខ្លួន​ជនល្មើស​បាញ់​មេ​ប៉ុស្តិ៍​វត្តភ្នំ​របួសធ្ងន់ ចោទប្រកាន់​៣​បទល្មើស​