សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ ​កោតសរសើរ​ពី​ស្នាដៃ ​របស់​លោក​អភិបាលខណ្ឌ​ ​

សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ ​កោតសរសើរ​ពី​ស្នាដៃ ​របស់​លោក​អភិបាលខណ្ឌ​ ​



ភ្នំពេញ ៖ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​ បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ ដល់​ការ​ខិត​ខំ​ប្រឹងប្រែង​ក្នុង​ការងារ​របស់​ លោក ​អ៊ាង ស៊ី​ផាន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​បើ​​ទោះបី​ខណ្ឌ​ច្បារអំពៅ​ទើបតែ​បង្កើត​ឡើង​ថ្មី ​មាន​រយៈពេល​មិន​ដល់​២​ឆ្នាំ​ក្តី​។

ការ​កោតសរសើរ​នេះ​ បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២២ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំ​ពៅ​ ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​សាល​ប្រជុំ​សាលា​ខណ្ឌ​ច្បារអំពៅ​។

សមាជិក ​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ​បាន​លើក​ឡើង​ថា​ អ្វី​ដែល​ជា​ស្នាដៃ​របស់​ លោក ​អ៊ាង​ ស៊ីផាន​បាន​ធ្វើ​នោះ​គឺ​ការ​កសាង​អគារ​សាល​ប្រជុំ​រួម​ដ៏​ធំ​ល្វឹង​ល្វើយ ​មាន​រៀបចំ​តុ​កៅអី​ដ៏​ទំនើប​ មាន​ម៉ាស៊ីន​ត្រជាក់​ ហើយ​រៀបចំ​ទៅតាម​ស្តង់ដារ​ទាន់​សម័យ​មិន​គួរ​ឲ្យ​ជឿ​ បើសិនជា​ពុំ​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក​នោះ​។ ​នេះ​គឺជា​ស្នាដៃ​នៃ​ការ​កសាង​អគារ​ធ្វើការ​សម្រាប់​ទុក​ប្រើប្រាស់​យូរអង្វែង​ទៅមុខ​។​

លោក សា លន ​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​បាន​បញ្ជាក់​ទៀត​ នៅ​មាន​សមិទ្ធផល​ជាច្រើន​ទៀត ​ដែល​លោក​អភិបាលខណ្ឌ​ច្បារអំពៅ ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​សង្កាត់​ទាំង​៨ ​ក្នុង​ខណ្ឌ​ច្បារអំពៅ ​រាជ​ធា​នី​ភ្នំពេញ​។ ហើយ​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​នឹង​បន្ត​ចាំ​មើល​ការ​កសាង​រចនា​សម្ព័ន្ធ​នាៗ ​ដែល​លោក​
​អភិបាលខណ្ឌ​គ្រោង​ធ្វើ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។

​ទាក់ទិន​ទៅ​នឹង​ការងារ​រដ្ឋបាល​វិញ​ លោក​អភិបាល​ បាន​រៀបចំ​ឲ្យ​មានដំណើរ​ការ​ល្អ​ ហើយ​ប្រជាព​ល​រដ្ឋ​ ដែល​មក​ទំនាក់ទំនង​ការងារ​ក៏​មានការ​ពេញចិត្ត​ ព្រោះ​គ្មាន​អ្នក​ស៊ី​សំណូក​ ហើយ​ការងារ​ទាំង​អស់​ទៅតាម​ច្រក​តែមួយ​។​

ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២២​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ​អាណត្តិ​ទី​២​នេះ មាន​របៀបវារៈ​ចំនួន​៧ ​ទី​១​ពិនិត្យ​ និង​អនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២១របស់​ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​២​។ ​ទី​២​ពិនិត្យ​ និង​អនុម័ត​លើ​សេចក្ដីព្រាង​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌ​ប្រចាំត្រីមាស​ទី​១​ឆ្នាំ​២០១៦​។ ​ទី​៣ ពិនិត្យ ​និង​អនុម័ត​លើ​សេចក្តី​ព្រាង​របាយការណ៍​ស្ដីពី​ការ​ប៉ាន់ប្រមាណ​តម្រូវការ​អភិវឌ្ឍន៍​ស្ថាប័ន​ខណ្ឌ​។ ​ទី​៤​ពិ​និត្យ​ និង​អនុម័ត​លើ​សេចក្ដីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៦-២០១៨ របស់​រដ្ឋបាល​ខណ្ឌ​។ ទី​​៥ ពិនិត្យ​ និង​អនុម័ត​លើ​សេចក្ដីព្រាង​របាយការណ៍​ស្ដីពី​ការ​បិទ​បញ្ជី​ថវិកា​ឆ្នាំ​២០១៥​របស់​រដ្ឋបាល​ខណ្ឌ​។ ទី​៦ ពិនិត្យ​ និង​អនុម័ត​លើ​សេចក្តី​ព្រាង​តារាង​បែងចែក ប្រាក់​រង្វាន់​លើកទឹកចិត្ត​ ដែល​បាន​មកពី​ការ​ផ្តល់​សេវា​រដ្ឋបាល ​សម្រាប់​ឧបត្ថម្ភ​ជូន​មន្ត្រី​បុគ្គលិក​នៃ​រដ្ឋបាល​ខណ្ឌ​ប្រចាំ​ខែ​មីនា ​ឆ្នាំ​២០១៦​ ​និង​ទី​៧បញ្ហា​ផ្សេងៗ​៕

សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ ​កោតសរសើរ​ពី​ស្នាដៃ ​របស់​លោក​អភិបាលខណ្ឌ​ ​