សាលា​ឧទ្ធរណ៍ ​បដិសេធ​មិន​ឲ្យ​លោកស្រី ឡាយ ហួង នៅ​ក្រៅ​ឃុំ(update)​

សាលា​ឧទ្ធរណ៍ ​បដិសេធ​មិន​ឲ្យ​លោកស្រី ឡាយ ហួង នៅ​ក្រៅ​ឃុំ(update)​



ភ្នំពេញ ៖ លោក ញូ​ង ធុល ចៅក្រម​សាលា​ឧទ្ធរណ៍​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣០ ខែមីនា​ ឆ្នាំ​២​០​១៦ បាន​ប្រកាស​សាលដីកា​សម្រេច​មិន​ឲ្យ​ លោកស្រី ឡាយ ហួង​នៅ​ក្រៅ​ឃុំ​ទេ។​

សេចក្ដីសម្រេច​នេះ​ ធ្វើឡើង​កំបាំងមុខ​ជនជាប់ចោទ តែ​ចៅក្រម​តុលាការ​ចាត់ទុកជា​ចំពោះមុខ ដោ​យ​សារ​ លោកស្រី ឡាយ ហួង សុំ​មិន​មក​ស្ដាប់​សាលដីកា​តុលាការ សាលា​ឧទ្ធរណ៍​ទេ។​

កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ ចៅក្រម​តុលាការ​ក្រុងភ្នំពេញ លោក សាត សុផាត ចៅក្រម​តុលាការ​បានសម្រេច​ផ្ដន្ទាទោស លោកស្រី ឡាយ ហួង និង​លោក ខូវ ផល្លា​បុត្រ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២០​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ធ្វើឃាត​ប្រពន្ធ​ លោក ស៊ុន ចាន់ថុល កាលពី​ឆ្នាំ ២០១០ ក្នុង​ក្រុងភ្នំពេញ។​

រហូតដល់​ឆ្នាំ​២០១៦​នេះ​ មាន​ជនជាប់ចោទ ៥​នាក់​ ហើយ​ត្រូវ​បាន​គេ​ចាប់​ដាក់​ឃុំខ្លួន និង​ផ្ដន្ទាទោស​តាម​បណ្ដឹង​ព្រហ្មទណ្ឌ ​ដែល​ប្ដឹង​ដោយ​ លោក ស៊ុន ចាន់ថុល កូន​ប្រសា​សំណព្វចិត្ត​របស់​លោក​ឧក​ញ៉ា ខូវ ជឺ​លី។​

ជនជាប់ចោទ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស និង​កំពុង​ជាប់ឃុំ​មានឈ្មោះ ទី​១ លោកស្រី សេង ចិន្ដា ភរិ​យា​លោក​ឧកញ៉ា ​ខូវ ជឺ​លី ទី​២ លោកស្រី ឡាយ ហួង កូនប្រសា​រលោក​ឧកញ៉ា ខូវ ជឺ​លី ទី​៣ លោក សុខ ឡាក់ កម្មករ​យាម​ផ្ទះ​លោក​ឧកញ៉ា ខូវ ជឺ​លី ទី​៤ លោកស្រី ចាន់ សុខា អ្នក​បម្រើ​ក្នុងផ្ទះ​លោក​ឧកញ៉ា ខូវ ជឺ​លី ទី​៥ ចាន់ សុខ​នាង អ្នក​បម្រើ​របស់ លោក​ ស៊ុន ចាន់ថុល។​

ចំណែក ​លោក​ឧកញ៉ា​ ខូវ ផល្លា​បុត្រ ពិតមែនតែ​ត្រូវ​ផ្ដន្ទាទោស ២០​ឆ្នាំ តែ​លោក ខូវ ផល្លា​បុត្រ បាន​និរទេស​ខ្លួន​ទៅ​បរទេស​តាំងពី​លោកស្រី ឡាយ ហួង ត្រូវ​ចាប់ខ្លួន​មក​ម្ល៉េះ៕