ចាងហ្វាង​កាសែត​ម្នាក់​ យកឈ្មោះ​អ្នកធំ​ទៅ​ឆបោក​ប្រាក់​៤​ម៉ឺន​ដុល្លារ ត្រូវ​តុលាការ​ឃុំខ្លួន​

ចាងហ្វាង​កាសែត​ម្នាក់​ យកឈ្មោះ​អ្នកធំ​ទៅ​ឆបោក​ប្រាក់​៤​ម៉ឺន​ដុល្លារ ត្រូវ​តុលាការ​ឃុំខ្លួន​



ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក ជុង ហៃ​យ៉េន ចាងហ្វាង​កាសែត​វាល​ឥន្ទ្រី បាន​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន សម្រេច​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ តាម​អំណាច​សាលក្រម​កំបាំងមុខ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ​៦​ខែ ពី​បទ​ឆបោក​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក តាម​រូបភាព​រត់ការ​យក​អាជ្ញាប័ណ្ណ​ដាក់​ស្លាក​ចរាចរ​តាម​ផ្លូវ​សាធារណៈ។

មន្ត្រី​តុលាការ​ដដែល​បញ្ជាក់​ថា ចាងហ្វាង​កាសែត​រូប​នេះ​ឈ្មោះ ជុង ហៃ​យ៉េន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦ តាម​អំណាច​សាលក្រម​របស់​លោក​ស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កំណត់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ​៦​ខែ ពី​បទ​ឆបោក។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ដើមចម​ដែល​នាំ​ឲ្យ​មានការ​ផ្ដន្ទាទោស​នេះ បាន​កើតឡើង​កាលពី​អំឡុង​ឆ្នាំ​២០១១​កន្លងទៅ ឈ្មោះ ជុង ហៃ​យ៉េន បាន​អះអាង​ប្រាប់​ជនរងគ្រោះ​ថា ខ្លួន​ជា​កូនចៅ​របស់​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការ​រង​កងយោធពលខេមរភូមិន្ទ។ ដើម្បី​ឲ្យ​ជនរងគ្រោះ​មាន​ការ​ជឿជាក់ ព្រម​ប្រគល់​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក រត់​ការ​យក​អាជ្ញាប័ណ្ណ​ដាក់​ស្លាក​ចរាចរ​តាម​ផ្លូវ​សាធារណៈ។

អស់​រយៈពេល​ជាង​២​ឆ្នាំ​ក្រោយមក​ ឈ្មោះ ជុង ហៃ​យ៉េន រត់ការ​មិនបាន​សម្រេច​តាម​ការ​សន្យា​នោះ​ទេ ហើយ​ព្យាយាម​គេចវេះ​ថែម​ទៀត​ផង។ ដូច្នេះ​ហើយ​ជនរងគ្រោះ​ធ្វើការ​សាកសួរ​ទើប​ដឹង​ថា ពុំ​មែន​ជា​កូនចៅ​របស់​លោក ហ៊ីង ប៊ុន​ហៀ​ង ទេ ទើប​ដាក់ពាក្យ​បណ្ដឹង​មក​តុលាការ ​ដើម្បី​ចាត់ការ​តាមច្បាប់។

នៅ​អំឡុង​ឆ្នាំ​២០១៤ តុលាការ​ បាន​បើកសវនាការ​ជំនុំជម្រះ​រួច​ចេញ​សាលក្រម​សម្រេច ផ្ដន្ទាទោស​ឈ្មោះ ជុង ហៃ​យ៉េន ដាក់​ពន្ធនាគារ​១​ឆ្នាំ​៦​ខែ និង​សង​ជនរងគ្រោះ​ចំនួន​៤​ម៉ឺន​ដុល្លារ ព្រមទាំង​ជំងឺ​ចិត្ត​ចំនួន​១០​លាន​រៀល។ ក្នុង​សាលក្រម​នេះ ក៏បាន​សម្រេច​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ជុង ហៃ​យ៉េន យក​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ ដើម្បី​អនុវត្ត​តាម​អំណាច​សាលក្រម​នេះ។ ប៉ុន្តែ​លោក ពុធ ធា​វី មេធាវី​ការពារ​ឲ្យ​ឈ្មោះ ជុង ហៃ​យ៉េន បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​នេះ៕