តុលាការ​ចោទប្រកាន់ លោក សម រង្ស៊ី តាម​បណ្ដឹង​មេធាវី​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​

តុលាការ​ចោទប្រកាន់ លោក សម រង្ស៊ី តាម​បណ្ដឹង​មេធាវី​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​



ភ្នំពេញ ៖ ​មន្ត្រី​តុលាការ​ថ្លែង​ថា លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេ​ញ បានសម្រេច​ចោទប្រកាន់ ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​បរិហារកេរ្តិ៍​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ បច្ចុប្បន្ន​សំណុំរឿង ត្រូវ​បាន​បញ្ជូន​ទៅ​បើក​សវនា​ការ​ជំនុំជម្រះ​ផ្ទាល់ ដោយមាន ​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ជំនុំជម្រះ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ភ្ជាប់​ជាមួយ​វីដេអូ​មួយ​ដោយ សរសេរ ថា ៖ “​យើង​ចងចាំ​ថា របប​កើត​ថ្ងៃទី​៧ ខែ​ម​ករា ឆ្នាំ​១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់ទោស​ប្រហារជីវិត សម្ដេចព្រះ នរោត្តម​សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា ​ជា​ជន​ក្បត់ជាតិ​”​។​

សា​រលើ​ហ្វេ​ស​ប៊ុ​ក​របស់​ លោក សម រង្ស៊ី​ វីដេអូ​ជាង​៣​នាទី ដែល​ លោក សម រង្ស៊ី បង្ហោះ​នោះ​ជា​ឃ្លី​ប​វីដេអូ​ដែល​សម្ដេច​សីហនុ រៀបរាប់​ពី​កងទ័ព​វៀតណាម​ចូល​មក​កម្ពុជា​ និង​ពាក់ព័ន្ធ​នឹង​សម្ដេច ហេ​ង សំរិន​។​

ពាក់ព័ន្ធ​បញ្ហា​នេះ លោក​មេធាវី គី តិច បាន​ថ្លែង​ឲ្យ​ដឹង​ថា ការចោទប្រកាន់​បទ​បរិហារកេរ្តិ៍​នេះ​ពាក់​ព័​ន្ធ​នឹង​ការ​សរសេរ​របស់​ លោក សម រង្ស៊ី​។ លោក​បន្ត​ថា ​ក្នុង​របប​៧​មករា ១៩៧៩ ពុំ​មាន​ការ​កាត់​ទោ​ស​សម្ដេច​សីហនុ​ថា​ ក្បត់ជាតិ​នោះ​ទេ ដោយ​ថា​មានតែ​ការ​អញ្ជើញ​សម្ដេច​សីហនុ​ឲ្យ​យាង​ចូល​ស្រុក​វិញ​។ លោក​បញ្ជាក់​ថា​ វីដេអូ​ដែល​លោក សម រង្ស៊ី បង្ហោះ​ជា​ការ​បំភាន់​មតិ​សាធារណ ដោយ​ថា ​របប​នោះ​មាន​ពាក់ព័ន្ធ​នឹង​ការ​បញ្ចូល​កងទ័ព​វៀតណាម​ទៅជា​មួយ​កងទ័ព​របស់​ លោក ហេង សំរិន​។​

គួរ​បញ្ជាក់​ថា លោក សម រង្ស៊ី ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឲ្យ​ចូលខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ ពាក់ព័ន្ធ​នឹង​សំណុំរឿង​អតីត​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ ទាក់ទង​នឹង​បទ​សមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ​និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ ​ដ​ល់​សន្តិសុខ​សង្គម ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១២ ​និង​១៣ ​ខែសីហា ឆ្នាំ​២០១៥ រឿង​ក្លែង​សន្ធិសញ្ញា​ព្រំ​ដែន​កម្ពុជា​វៀតណាម ឆ្នាំ​១៩៧៩។ ដីកា​បន្ត​ថា ​អំពើ​ដែល​មាន​បញ្ញត្តិ​នឹង​ផ្ដន្ទាទោស​តាម​មាត្រា​២៩ មាត្រា​៦២៩ មាត្រា​៦៣០ ​និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។

លោក សម រង្ស៊ី ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ចាប់ខ្លួន​ផង​ដែរ ដើម្បី​អនុវត្ត​ទោស​២​ឆ្នាំ ពាក់​ព័​ន្ធ​នឹង​ការ​បរិហារកេរ្តិ៍​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ហើយ​ករណី​ចុងក្រោយ គឺ លោក សោម សឿន រដ្ឋមន្ត្រី​អម​សម្ដេច​នាយក​រដ្ឋមន្ត្រី ប្ដឹង​ លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍ តាម​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​ការ​ទទួល​បាន​ការ​ចូល​ចិត្ត (Likes ) លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្ដេច​តេ​ជោ ដែល​លោក សម រង្ស៊ី អះអាង​ថា បាន​មក​ពី​ការ​ក្លែងបន្លំ ឬ សិប្ប​និ​ម្មិត៕

តុលាការ​ចោទប្រកាន់ លោក សម រង្ស៊ី តាម​បណ្ដឹង​មេធាវី​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​