ថៅកែ​ផ្ទះ​សំណាក់ ​«​ជី​បី​ធី​» ​ចាក់​ដី​វាតទី​រំលោភ​យក​ដី​អូរ ត្រូវ​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​កាយ​ចេញ​វិញ

ថៅកែ​ផ្ទះ​សំណាក់ ​«​ជី​បី​ធី​» ​ចាក់​ដី​វាតទី​រំលោភ​យក​ដី​អូរ ត្រូវ​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​កាយ​ចេញ​វិញ



ព្រះសីហនុ​ ៖​ ​អូរ​ទឹក​ធម្មជាតិ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ ភូមិ​លេខ​៣​ សង្កាត់​លេខ​៤ ​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ ​ដែល​ជា​អូរ​ដ៏​សំខាន់​ សម្រាប់​រំដោះ​ទឹកភ្លៀង​ជន់​លិច​ក្នុង​រដូវវស្សា ដែល​មាន​ទំហំ​ទទឹង​ ប្រមាណ ជិត​២០​ម៉ែត្រ ត្រូវ​បាន​ថៅកែ​ផ្ទះសំណាក់«​ជី បី ធី» ​ឈ្មោះ​កែវ រាសី ឃុបឃិត​គ្នា​ដឹក​ដី​ចាក់​លុប​ស្ទើរ​ទាំងស្រុង​ ក្នុង​បំណង​វាតទី​រំលោភ​យក​ដី​អូរ​នោះ ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ​ព្រមទាំង​បាន​សាងសង់​ស្ពានថ្ម​ និង​​ចាក់​ធ្នឹម​ធ្វើ​របង​ថ្ម​នៅ​ចំ​កណ្ដាល​អូរ​ទៀត​ផង។

លោក​គៀត ចំរើន នាយករង​អន្តរ​វិស័យ​សាលាខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ជុំវិញ​បាតុភាព​ចាក់​ដី​រំលោភ​លើ​ដី​អូរ ពី​សំណាក់​ថៅកែ ផ្ទះ​សំណាក់«ជី បី ធី»​ខាង​លើ​នេះ​ នៅ រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា​ ឆ្នាំ​២០១៦ ត្រូវ​បាន​ មន្ត្រី​ជំនាញ​សុរិយោដី ចុះ​ធ្វើ ការវាស់វែង​ជាក់ស្ដែង​នូវ​ទំហំ​អូរ ទៅតាម​ប្លង់ លក្ខណៈ​ប្រព័ន្ធ ដើម្បី​ឲ្យ​ដឹង​ប្រាកដ​ថា ការ​ចាក់ ដី​ចូល អូរ​ខាង​លើ​នេះ​ក្នុង​កម្រិត​ណា ។ ក្រោយ​ពី​​ធ្វើការ​ពិនិត្យ ​និង​វាស់វែង​រួច​មក​ មន្ត្រី​ជំនាញ​សុរិយោដី​បាន​បញ្ជក់​ថា ទំហំ​ផ្ទៃ​អូរ​ មាន​ប្រវែង​ទទឹង​១៧.៥​ម៉ែត្រ ប៉ុន្តែ​បច្ចុប្បន្ន ​ត្រូវ​បាន​ថៅកែ ​ផ្ទះសំណាក់ «​ជី បី ធី» ចាក់​រំលោភ យក​ជិត​១០​ម៉ែត្រ ជាហេតុ​ធ្វើ​ឲ្យ​ដី​អូរ​នោះ​រុញ​តូច​ចង្អៀត នៅសល់​ទំហំ​ទទឹង ប្រមាណ ៣​ទៅ​៤​ម៉ែត្រ ប៉ុណ្ណោះ។ ទំហំ​នេះ ​អាច​នឹង​មាន​បញ្ហា​​ស្ទះ​ចរន្តទឹក​ហូរ​គ្រប់​ពេល ក្នុង​រដូវវស្សា ដែល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ហើយ​ទឹកនឹង​អាច​ជន់​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរៗ នោះ​ជាក់ ជាមិនខាន​ឡើយ។

លោក​គៀត ចំរើន​ បាន​បន្ត​ទៀត​ថា ពាក់ព័ន្ធ​បញ្ហា​ខាង​លើ​នេះ ​នៅ​ចំពោះ​មុខ​ ​ផ្លូវច្បាប់ លោក​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​នឹង​អ្នក​ ដែល​ពាក់ព័ន្ធ ចាក់​ដី​រំលោភ​អូរ​ខាង​លើ ​​​ឲ្យ​ធ្វើ​ការ​កាយ​ដី​ដែល បាន​ចាក់​ចេញ​វិញ​ឲ្យ​អស់ ជា​កំហិត ​ដោយ​គ្មាន​ការ​តវ៉ា ​និង​តម្រូវ​ធ្វើ​ការ​រុះរើ​សំណង់​របង​ថ្ម​ ដែល​កំពុង​ចាក់​គ្រឹះ​នៅ​កណ្ដាល​ផ្ទៃ​អូរ​ផង​ដែរ។ ក្នុង​ករណី​មិន​អនុវត្តន៍​តាម​, អាជ្ញាធរ​ខេត្ត​នឹង​មាន​វិធានការ​ចុះ​រើ​ដោយ​ខ្លួន​ឯង​ ​ដោយ​មិន​ទទួល​ខុសត្រូវ​​​ រាល់​ការ​ខូចខាត ​បាត់បង់​ទ្រព្យសម្បត្តិ​នោះ​ឡើយ​ ហើយ​រាល់​ការ​ចំណាយ​គ្រប់​យ៉ាង ​ជា​បន្ទុក​របស់​ថៅកែ​ផ្ទះសំណាក់«​ជី​បី​ធី​»​ទាំងស្រុង។

ជាមួយ​គ្នា​នេះ​ លោក​លី វ៉ាន់ដា ​ អភិបាលរងក្រុង​ព្រះសីហនុ ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ផង​ដែរ ចំពោះ​បងប្អូន​ ដែល​មាន​លំនៅឋាន​ព្រំ​ជាប់​នឹង​អូរ ​ សូម​កុំ​នាំគ្នា​ចាក់​រំលោភ​យក​ដី​អូរ​បន្ត​ទៅ​ទៀត ពីព្រោះ​ការ​រំលោភ​យក​ដី​អូរ​ ដែល​ជា​ដី​របស់​រដ្ឋ​វា​ជា​រឿង​ខុសច្បាប់​ទាំងស្រុង។ ដូចនេះ​ត្រូវតែ​នាំគ្នា ជួយ​ថែរក្សា​ឲ្យ​បាន​ល្អ ប៉ុន្តែ​​បើ​នៅតែ​ព្យាយាម​ក្នុង​បំណង​រំលោភបំពាន​យក​ដី​អូរ​ ក៏​ដូចជា​ដី​ចំណី អូរ​តទៅទៀត អ្នក​ដែល​ប្រព្រឹត្តិ​នោះ​ អាច​ប្រឈម​នឹង​ផ្លូវ។

គួរ​រំលឹក​​​ថា​ នៅ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ កន្លងមក​មាន​អូរ​ច្រើន​ណាស់​ រាប់​មិន​អស់​នោះ​ទេ​ប៉ុន្តែ​បច្ចុប្បន្ន អូរ​មួយ​ចំនួន​ត្រូវ​បាន​គេ​ឃុបឃិត​គ្នា ចាក់​ដី​លុប​រំលោភ​យក​ស្ទើរ​អស់​ទៅ​ហើយ ​និង​អូរ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គេ​រំលោភ​យក​ទាំង​ស្រុង​តែ​ម្ដង​ រក​អត្តសញ្ញាណ​អូរ​ទាំងនោះ​លែង ឃើញ​ហើយ។ ទាំង​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ គឺ​ជា​ការ​មិន​ទទួល​ខុសត្រូវ របស់​មន្ត្រី​អ្នក​អនុវត្តន៍​ច្បាប់ ដែល​ពាក់ព័ន្ធ ឬក៏​អាច​និយាយ​បាន​ថា​ វា​ជា​អំពើ​ឃុបឃិត​គ្នា​ ​ប្រព្រឹត្តិ​អំពើ​ពុក រលួយ​យ៉ាង ពិតប្រាកដ​ ​ហើយ​​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​បំផុត ដោយសារ​តែ​ការ​គ្រប់គ្រង​អូរ​មិន​មាន ភាព​ច្បាស់លាស់ បែបនេះ បាន​ធ្វើ​ឲ្យ​ទឹកដី​ក្រុងព្រះសីហនុ ទាំងមូល ប្រឈម​នឹង​ការ​ជន់​លិច​ស្ទើរ​គ្រប់ពេលវេលា ឲ្យ​តែ​ដល់​រដូវ​មាន​ភ្លៀង​ធ្លាក់។ សរុប​សេចក្ដី​មក​ ការអនុវត្ត​​ច្បាប់​ បើ​នៅតែ​មាន​ភាព​ធូររលុង​ និង​មិន​មានការ​ទទួល​ខុស​ត្រូវ បែប​នេះ​តទៅទៀត គ្មាន​វាចា​​នឹង​ថ្លែង​នោះ​ទេ៕

ថៅកែ​ផ្ទះ​សំណាក់ ​«​ជី​បី​ធី​» ​ចាក់​ដី​វាតទី​រំលោភ​យក​ដី​អូរ ត្រូវ​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​កាយ​ចេញ​វិញ