របរ​ស៊ីឈ្នួល​ពុះ​អុស​ ទុក​ឱកាស​ច្រើន​ឲ្យ​​អ្នក​ទំនេរ​ បានការ​ងារ​ធ្វើ​

របរ​ស៊ីឈ្នួល​ពុះ​អុស​ ទុក​ឱកាស​ច្រើន​ឲ្យ​​អ្នក​ទំនេរ​ បានការ​ងារ​ធ្វើ​



កំពង់ស្ពឺ ៖ របរ​ស៊ីឈ្នួល​ពុះ​អុស​ទៅតាម​ដេប៉ូ​ឈើ​របស់​ប្រជាពលរដ្ឋ​យើង​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ ស្ពឺ​ មាន​ច្រើន​កន្លែង ​ដែល​បាន​កែច្នៃ​ឈើ​ពុះ​ទៅជា​អុស​ដោយ​ចង​ជា​បាច់ៗ​តូចៗ​អាច​បង្កើត​នូវ​មុខ​របរ ឲ្យ​កម្មករ​យើង​ ដែល​មាន​ជីវភាព​ក្រីក្រ​ក៏​អាច​ធ្វើ​បាន និង​ពិសេស​ក្មេង​ជំទង់​ក៏​មាន​ការ​ធ្វើ​ដោយ​គ្រាន់​តែ​ចង​អុស​ជា​ចំរៀក​តូចៗ។ ការងារ​នេះ ​ធ្វើឡើង​ដោយ​ម្ចាស់​ដេប៉ូ​ឈើ​មិន​បង្ខំ​គឺ​ធ្វើ​ឡើង​ទៅ​តា​ម​កម្លាំង​ ដែល​អាច​ធ្វើ​ទៅ​បាន​ពោល​គឺជា​កម្មករ​ម៉ាស៊ីន​ពុះ និង​ជា​កម្មករ​ពុះ​អុស​ជា​ចំរៀកៗ និង​ជា​កម្មករ​ចង​ជា​បាច់​តូចៗ។

​តាម​ការ​ឲ្យ​ដឹង​របស់​ លោក រិទ្ធី ដែល​ជា​អ្នក​ពុះ​ច្រៀក​អុស​ជា​កំណាត់​អុស​តូចៗ បាន​ឲ្យ​ដឹង​ថា រូប​គា​ត់​ពីមុន​ធ្លាប់​តែ​មាន​មុខរបរ​ឡើងត្នោត​ តែ​ក្រោយពី​មាន​ជំងឺ​ឈឺ​ក្បាលជង្គង់​ក៏​បោះបង់​មុខរបរ​នោះ​ទៅ ហើយក៏​មក​ចាប់​យក​មុខរបរ​ពុះ​អុស​នេះ​វិញ ដែល​អាច​រកបាន​ចំណូល​ក្នុង​មួយថ្ងៃ​៣​ម៉ឺន​រៀល។

លោក​ថា ក្នុង​មួយថ្ងៃៗ​អាច​ពុះ​ច្រៀក​អុស​ជា​បាច់​តូចៗ​ចាប់ពី​២​ពាន់​បាច់​ឡើង​ទៅ។ ដោយឡែក​អុស​ដែល​គាត់​យក​មក​ពុះ​នេះ​គឺ​បាន​មក​ពី​កម្មករ​អ្នក​ ដែល​ពុះ​ច្រៀក​អុស​ពី​កំណាត់ឈើ​ខ្លីៗ​ក៏​ជា​ចំណែក​ក្នុង​របរ​នេះ​ដែរ ​ដោយ​កម្មករ​បញ្ជា​ម៉ាស៊ីន​ពុះ​មុខ​ពូថៅ​ធំ​ក្នុង​មួយថ្ងៃ​អាច​បាន​២០​ ទៅ ២៥​ម៉ែត្រ​គីប ទ​ទួ​ល​បាន​ចំណូល​ក្នុង​មួយថ្ងៃ​៦​ម៉ឺន​រៀល ហើយ​ក្នុង​នោះ​ចំណែក​នៃ​កម្មករ ​ដែល​ចង​បាច់​អុស​តូចៗ​ភា​គ​ច្រើន​ជា​ស្ត្រី ឬ​វ័យ​កុមារ​ជំទង់​ ក៏​អាច​ទទួល​បាន​ចំណូល​ពី​ការ​ចង​បាច់​អុស​នេះ​ដែរ។ អញ្ចឹង​ទេ​របរ​នេះ​មិនបាន​ដណ្ដើម​គ្នា​ធ្វើ​នោះ​ទេ​ ពោល​គឺ​ធ្វើ​ទៅតាម​កម្លាំង​សមត្ថភាព​ ដែល​អាច​ធ្វើ​ទៅ​បាន​តិច ​ឬ​ច្រើនតែ​ប៉ុណ្ណោះ។

ម្ចាស់​ដេប៉ូ​លក់​អុស​ក្នុង​តំបន់​នោះ​បាន​និយាយ​ដែរ​ថា ​ប្រភព​នៃ​ឈើ​ងាប់​ ដែល​យក​មក​កែច្នៃ​ទៅជា​អុ​ស​នេះ​ក្នុង​ខេត្តកំពង់ស្ពឺ​គឺ​ពុំ​មាន​ការ​កាប់​ទេ​ ដោយសារ​អស់​ព្រៃឈើ​ទៅ​ហើយ ត្រូវ​ទៅ​ទិញ​នាំចូល​ពី​តំបន់​ឆ្ងាយៗ​ដូចជា​ខេត្តពោធិ៍សាត់​ជាដើម​ ដើម្បី​យក​មក​ពុះ​ច្រៀក​ជា​អុស​តម្រូវ​បោះ​ទៅតាម​ទីផ្សារ​ហើយ​ពេលខ្លះ​ក៏​អាច​ខ្វះ​តម្រូវការ​របស់​អ្នកប្រើប្រាស់។ ប្រភព​ដដែល​បាន​បន្ត​ថា ​ប្រជាកសិករ​យើង​ក្រោយពី​ធ្វើស្រែ​ហើយ​ តែងតែ​នាំ​កូនចៅ​មក​ស៊ីឈ្នួល​ពុះ​អុស​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​គ្រួសារ​ប្រចាំថ្ងៃ ហើយ​ក៏​ជា​មុខរបរ​ប្រហាក់ប្រហែល​ទៅ​នឹង​អ្នក​រត់​ម៉ូតូឌុប​ផង​ដែរ៕

របរ​ស៊ីឈ្នួល​ពុះ​អុស​ ទុក​ឱកាស​ច្រើន​ឲ្យ​​អ្នក​ទំនេរ​ បានការ​ងារ​ធ្វើ​