ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​បន្ត​មាន​កំណើន​រឹងមាំ

ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​បន្ត​មាន​កំណើន​រឹងមាំ



ភ្នំពេញ ​៖ របាយការណ៍​ថ្មី​មួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ បាន​បង្ហាញថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​នៅតែ​បន្ត​មាន​ភាពរឹងមាំ​ក្នុង​រយៈ​ពេល​២ ឆ្នាំ​ខាងមុខនេះ ដោយ​មានការ​ជំរុញ​ពី​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ស្បែកជើង សំណង់ និង​សេវាកម្ម​។​

របាយការណ៍​សេដ្ឋកិច្ច​បោះពុម្ពផ្សាយ​ប្រចាំឆ្នាំ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​មាន​ឈ្មោះថា​ ទ​ស្ស​ន​វិស័យ​អភិវឌ្ឍន៍​អាស៊ី ២០១៦ (ADO) បាន​លើក​ឡើង​ថា ផលិតផល​សរុប​ក្នុង​ប្រទេស (​ផសស​) ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​ការ​កើន​ឡើង ៧,០ ភាគរយ ក្នុង​ឆ្នាំ​២០១៦ ពោល​គឺ​ដូចគ្នា​នឹង​កម្រិត ​ដែ​ល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៥ មុននឹង​ឡើងវិញ​តិចតួច ក្នុង​ឆ្នាំ ២០១៧​។​

លោក Samiuela Tukuafu នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា “​ដោ​យ​មាន​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ការ​ធ្វើ​ពិពិធ​កម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ស្រា​ល និង​កាត់ដេរ និង​ទិសដៅ​នាំចេញ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា ​នឹង​នៅតែ​រឹង​មាំ ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ​។ លោក Tukuafu បន្ត​ថា “​ដើម្បី​រក្សា​និរន្តរភាព​នៃ​កំណើន​នេះ ប្រទេ​ស​កម្ពុជា​ចាំបាច់​ត្រូវ​បន្ត​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ពង្រីក​ឱកាស​ការងារ​បន្ថែម​ទៀត តាមរយៈ​ការ​ទាក់​ទាញ​ឧស្សាហកម្ម​ថ្មីៗ​”​។​

វិស័យ​ឧស្សាហកម្ម ត្រូវ​បាន​ព្យាករ​ថា មាន​កំណើន​៩,៥ ភាគរយ នៅ​ឆ្នាំនេះ ដោយមាន​ការ​គាំទ្រ​ពី​ការ​បន្ត​ធ្វើ​ពិពិធ​កម្ម​ផលិតផល ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ជាង ដូចជា ផលិតផល​សំលៀក​បំពាក់ ស្បែក​ជើង និង​អេឡិចត្រូនិក​។ កំណើន​ក្នុង​វិស័យ​សេវាកម្ម ​ត្រូវ​បាន​រំពឹង​នឹង​កើនឡើង​៧,៨ ភាគរយ​។ វិស័យ​កសិកម្ម​នឹង​កើនឡើង​១,៦ ភាគរយ ដោយ​ការ​សន្មត​ថា ​អាកាសធាតុ​អាច​មាន​ភាព​អំណោ​យ​ផល​វិញ​។ កំណើន​វិស័យ​សំណង់​រំពឹង​ថា នឹង​បន្ត​ថមថយ​មកវិញ បើ​ធៀប​នឹង​កំណើន​ខ្ពស់​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

ឧនភាព​សារពើពន្ធ ដោយ​មិន​រាប់បញ្ចូល​ជំនួយឥតសំណង ត្រូវ​បាន​ប៉ាន់​ស្មានថា ​នឹង​កើន​ឡើង​ដល់ ៤,៣ ភាគរយ នៃ ផសស ក្នុង​ឆ្នាំ ២០១៦​។ ឧនភាព​គណនី​ចរន្ត​ ត្រូវ​បាន​ព្យាករ​ថា មិន​មាន​ការ​ប្រែ​ប្រួ​ល​គួរ​ឲ្យ​កត់សម្គាល់​ទេ​ក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ​នឹង​ធ្លាក់ចុះ​ក្នុង​ឆ្នាំ ២០១៧ ដោយសារតែ​ឱកាស​នាំចេញ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​។ អតិផរណា​ឆ្នាំ​មុន​នេះ បាន​ថមថយ​មក​នៅ​ត្រឹម​អត្រា​ទាប​បំផុត​ចា​ប់​តាំងពី​ឆ្នាំ ២០០៩ មក ប៉ុន្តែ​បាន​កើនឡើង​តិច​តូច​វិញ​នៅ​ចុង​ឆ្នាំមុន​។ ការ​ថយ​ចុះ​នូវ​ថ្លៃ​ស្បៀង​អា​ហារ និង​ឥន្ធនៈ​សកល ត្រូវ​បាន​រំពឹង​ថា នឹង​នាំ​ឲ្យ​អតិផរណា​ធ្លាក់ចុះ ២,៥ ភាគរយ ក្នុង​ឆ្នាំ ២០១៦ មុននឹង​កើនឡើង​ដល់ ៣,០ ភាគរយ ក្នុង​ឆ្នាំ ២០១៧​។​

កំណើន​ដ៏​ឆាប់រហ័ស​នៃ​ឥណទាន និង​វិស័យ​អចលនទ្រព្យ នាំ​ឲ្យ​ហានិភ័យ​នៃ​វិស័យ​ហិរញ្ញវត្ថុ​មាន​កា​រ​កើនឡើង​។ កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើត​គោលនយោបាយ​ ដើម្បី​ធានា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​គួរតែ​បន្ត​។ ទន្ទឹម​នឹង​នោះ កម្ពុជា ចាំបាច់​ត្រូវតែ​បង្កើន​គុណភាព​ការងារ តាមរយៈ​ការ​ឆ្លើយតប​ចំពោះ​ចំ​ណុច​ខ្វះខាត​ក្នុង​វិស័យ​អប់រំ និង​បណ្តុះបណ្តាល និង​ជួយ​ឲ្យ​កុមារ​អាច​រៀន​ចប់​ចុង​ចប់​ដើម​៕

ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​បន្ត​មាន​កំណើន​រឹងមាំ