តំណាង​អង្គការ FAO ថ្មី​ ប្រចាំ​ប្រទេស​កម្ពុជា​ បង្ហាញមុខ​ ចំពោះ​រដ្ឋមន្ត្រីការបរទេស​

តំណាង​អង្គការ FAO ថ្មី​ ប្រចាំ​ប្រទេស​កម្ពុជា​ បង្ហាញមុខ​ ចំពោះ​រដ្ឋមន្ត្រីការបរទេស​



ភ្នំពេញ ​៖ ការ​បង្ហាញ​វត្ត​មាននៅ​ចំពោះ​មុខ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នេះ ត្រូវ​បាន​លោក Alexandre Huynh តំណាង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (FAO) ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ទីស្ដីការ​ក្រសួងការបរទេស។

លោក ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា នៅ​ក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​លោក Alexandre Huynh ដែល​ជា​តំណាង​ថ្មី​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (FAO) និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​របស់​នេះ ចំពោះ​កម្ពុជា​នា​ពេល​កន្លងមក។

តាម​លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈ​កាលពី​ឆ្នាំ​២០១១ ទៅដល់​ឆ្នាំ​២០១៥ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​បាន​ជួយ​ដល់​កម្ពុជា​ចំនួន​២៨​លាន​ដុល្លារ តាមរយៈ​គម្រោង​ចំនួន​៣៧ ហើយ​នៅ​ក្នុង​គម្រោង​៣៧​នេះ គឺ​មាន​គម្រោង​ចំនួន​២៦ ដែល​ត្រូវ​បាន​អនុវត្ត​ចប់​សព្វគ្រប់ ហើយ​ចំនួន​១១​គម្រោង​ទៀត មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ និង​កំពុងតែ​ដំណើរការ។​

នៅ​ក្នុង​ជំនួប​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជម្រាប​ជូន​លោក Alexandre Huynh អំពី​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​បញ្ហា​កសិកម្ម ពិសេស​ការ​ដោះស្រាយ​ស្វែង​រក​វិនិយោគទុន​របស់​បរទេស​ក្នុង​ផ្នែក​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា។

ក្នុង​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា មាន​នៅសល់​ស្រូវ​ប្រមាណ​៤ លាន​តោន ​ក្នុង​១​ឆ្នាំ​ សម្រាប់​នាំចេញ ប៉ុន្តែ​កម្ពុជា​ជួបប្រទះ​ការ​លំបាក​ខ្វះ​ផ្នែក​ម៉ាស៊ីនកិនស្រូវ ហើយ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង និង​ធ្វើការ​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ធ្វើការ​វិនិយោគ​ទៅលើ​ផ្នែក​ម៉ាស៊ីនកិនស្រូវ គឺ​វិនិយោគទុន​របស់​ចិន និង​ឥណ្ឌា។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​គូស​បញ្ជាក់​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា នៅ​ក្នុង​ការស្វែងរក​ទីផ្សារ​សម្រាប់​នាំចេញ​អង្ករ​របស់​កម្ពុជា ដែល​អង្ករ​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ លើ​ពិភពលោក នៅ​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន​នេះ គឺ​មាន​ទីផ្សារ​សំខាន់​សម្រាប់​អង្ករ​កម្ពុជា នៅ​ប្រទេស​ចិន ម៉ាឡេស៊ី បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ឥណ្ឌូនេស៊ី និង​សាំងហ្គាពួរ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុងតែ​ជំរុញ ដើម្បី​រក​ទីផ្សារ​បន្ថែម​ទៀត​សម្រាប់​ការនាំចេញ​អង្ករ​របស់​កម្ពុជា។

ទាក់ទង​វិស័យ​កសិកម្ម​នេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​អះអាង​ថា ម្រេច​របស់​កម្ពុជា គឺ​ម្រេច​ពី​ខេត្ត​កំពត ដែល​មាន​ឈ្មោះ​ល្បីល្បាញ​នៅ​លើ​ពិភពលោក រាជរដ្ឋាភិបាល បាន​និង​កំពុង​ជំរុញ​នាំចេញ​ម្រេច​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បន្ថែម​ទៀត​។ ជាមួយគ្នានេះ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង ក៏បាន​ជំរុញ​ឲ្យ​អង្គការ FAO យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ជួយ​ដល់​កសិករ​កម្ពុជា​លើ​បញ្ហា​ផលិតកម្ម​ម្រេច​ផង​ដែរ។

ជា​ការ​ឆ្លើយតប លោក Alexandre Huynh តំណាង​អង្គការ ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ការបរទេស ដែល​បាន​ផ្តល់​ការ​គាំទ្រ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​បំពេញបេសកកម្ម​របស់​អង្គការ​ហ្វា​វ​នៅ​កម្ពុជា និង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន​នានា ដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគជ័យ នៅ​កម្មវិធី​ជួយ​ដល់​កម្ពុជា​លើ​ផ្នែក​ស្បៀងអាហារ ​និង​វិស័យ​កសិកម្ម លោក​បញ្ជាក់​ថា គុណភាព​អង្ករ​របស់​កម្ពុជា និង​ម្រេច​កំពត ត្រូវ​បាន​គេ​ចំណាត់ថ្នាក់​ជា​ម្រេច​លេខ​១ នៅ​លើ​ពិភពលោក ហើយ​អង្គការ FAO មាន​គម្រោង​នៅ​ក្នុង​ការ​ជួយ​ដល់​ផលិតកម្ម​ម្រេច​នេះ​ផង​ដែរ​។​

គម្រោង​ដែល​អង្គការ FAO រួមមាន កសិកម្ម សន្តិសុខ​ស្បៀង ការគ្រប់គ្រង​ព្រៃឈើ ការ​ប្រែប្រួល​អាកាសធាតុ បញ្ហា​សុខភាព​សត្វពាហណៈ បរិស្ថាន បញ្ហា​គ្រោះធម្មជាតិ​លើ​វិស័យ​កសិកម្ម បញ្ហា​គ្រប់គ្រង​ផ្នែក​នេសាទ ការអភិវឌ្ឍ​ជនបទ ការ​ជ្រើសរើស​ពូជ ហើយ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​នេះ បាន​ចូល​មក​កម្ពុជា​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​១៩៩៧ មក​ម្ល៉េះ ៕ តំណាង​អង្គការ FAO ថ្មី​ ប្រចាំ​ប្រទេស​កម្ពុជា​ បង្ហាញមុខ​ ចំពោះ​រដ្ឋមន្ត្រីការបរទេស​