ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល​នៅ​តែ​បិទទ្វារ

ប៉ូលិស​បែ​ល​ហ្ស៊ិ​ក​កំពុង​បន្ត​តាម​រក​ជនសង្ស័យ​សំខាន់​ដែល​គេចខ្លួន​មួ​យស​ប្តា​ហ៍​មក​ហើយ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​របស់​ពួក​ជី​ហា​ដ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣២​នាក់ នៅ​ក្រុង​ព្រុ​ច​សែ​ល ក្នុង​នោះ​រួម​មាន​ព្រ​លាន​យន្តហោះ​ក្រុង​នេះ​ដែរ ដែល​នៅ​តែ​បិទទ្វារ​មក​ដល់​ថ្ងៃ​ទី​៣០ មីនា ។

ក្រោយ​បំពេញការងារ​ដ៏​ស្មុគស្មាញ អាជ្ញាធរ​បែ​ល​ហ្ស៊ិ​កបាន​បញ្ចប់​នា​ថ្ងៃ​ទី​២៩ មីនា កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ ។ យោង​តាម​អយ្យការ​ក្រុង​ព្រុ​ច​សែ​ល​ថា មនុស្ស​១៧​នាក់​ដែល​ស្លាប់​ជា​ជនជាតិ​បែ​ល​ហ្ស៊ិ​ក ហើយ​អ្នក​ស្លាប់​ក្រៅពី​នេះ​១៥​នាក់​ទៀត ជា​ជនបរទេស​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​៣៤០​នាក់ រង​របួស​ក្នុង​នោះ​៩៤​នាក់​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ។

រាជធានី​បែ​ល​ហ្ស៊ិ​ក​នា​ថ្ងៃ​ទី​២២ មីនា វេលា​ម៉ោង​៧​និង​៥៨​នាទី​ម៉ោង​ក្នុងស្រុក រង​ការ​វាយប្រហារ​អត្តឃាត​២ នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល ZAVENTEM រួច​ប្រមាណ​ជាមួយ​ម៉ោង បន្ទាប់​ពី​នេះ ជន​អត្តឃាត​ទី​៣​ម្នាក់​ទៀត​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​ស្ថានីយ​មេត្រូ​មួយ ។

ការ​បិទទ្វារ​ព្រ​លាន​យន្តហោះ​ផ្តល់​ផលវិបាក​ធ្ងន់ធ្ងរ​នានា​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ BRUSSELS AIRLINES និយាយ​ប្រាប់ AFP ថា ក្រុមហ៊ុន​ជួប​វិបត្តិ​យ៉ាង​ធំ​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដោយ​បាត់បង់​ប្រាក់​ចំណូល​៥​លាន​អឺ​រ៉ូ ក្នុង​មួយ​ថ្ងៃ ។

ចំណែក​ចរាចរណ៍​របស់​មេត្រូ​ត្រូវ​ដំណើរការ​ឡើង​វិញ​នា​ថ្ងៃ​ទី​៣០ មីនា លើ​គ្រប់​បណ្តាញ​លើកលែងតែ​ស្ថានីយ MAELBEEK ដែល​រង​ការ​វាយប្រហារ​អត្តឃាត ។

តុលាការ​បែ​ល​ហ្ស៊ិ​កបាន​ដោះ​លែង​បុរស​ម្នាក់​គត់​ដែល​ជាប់ចោទ​ពី​បទ​វាយប្រហារ​ភេរវកម្ម​ក្រុង​ព្រុ​ច​សែ​ល​ឈ្មោះ FAYCAL CHEFFOU ដែល​គេ​យល់​ថា ជា​អ្នក​ដាក់​គ្រាប់បែក​ទី​៣ នៅ​ព្រ​លាន​យន្តហោះ ។ ជនសង្ស័យ​គន្លឹះ​នេះ​ជា​បុរស​ពាក់មួក ឃើញ​ក្នុង​រូបភាព​វី​ដេ​អូ​នៃ​កាមេរ៉ា​ត្រួតពិនិត្យ​កំពុង​ដើរ​ក្បែរ​ជន​អត្តឃាត​២​នាក់​នៅ​ព្រ​លាន​យន្តហោះ ដែល​បោះបង់​ចោល​វ៉ាលិស​មាន​គ្រឿងផ្ទុះ​មុន​គេចខ្លួន​។ មេធាវី​របស់​គេ​និយាយ​ថា ពេល​មានការ​វាយប្រហារ ជន​នេះ​ស្ថិត​នៅផ្ទះ​របស់​គេ​ទេ ៕