អាវុធហត្ថ​បង្ក្រាប​ល្បែង​បញ្ជល់​មាន់​ ដ៏​ធំ​មួយ​កន្លែង​ នៅ​ឃុំ​តា​លោ ​ជា​លើក​ដំបូង

អាវុធហត្ថ​បង្ក្រាប​ល្បែង​បញ្ជល់​មាន់​ ដ៏​ធំ​មួយ​កន្លែង​ នៅ​ឃុំ​តា​លោ ​ជា​លើក​ដំបូង

ពោធិ៍សាត់​ ៖​ នេះ​ជា​លើកដំបូង​ហើយ​ ដែល​កម្លាំង​អាវុធហត្ថ​ខេត្ត​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​បាកាន ​បង្ក្រាប​​ទីតាំង​​សង្វៀន​ជល់​មាន់​ ដ៏​ធំ​មួយ​កន្លែង ដែល​លួច​លាក់​លេង​ជា​យូរ​មក​ហើយ ​​ក្នុង​នោះ​រឹបអូស​វត្ថុ​តាង​​​មួយ​ចំនួន​ធំ​ និង​ជន​សង្ស័យ​ចំនួន​​៧​នាក់។

ហេតុការណ៍​ចុះ​បង្ក្រាប​​នេះ​ បាន​​ធ្វើ​ឡើង​កាលពី​វេលា​​ម៉ោង​១​​រសៀល ​ថ្ងៃ​ទី​២៩ ខែ​មីនា​ ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​រហាត់ទឹក​ ឃុំ​តា​លោ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់។

លោក​ហ៊ួ​ន ហាំង​ មេ​បញ្ជាការ​អាវុធហត្ថ​​​ស្រុក​បាកាន​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ ៖​ កម្លាំង​មូលដ្ឋាន​យើង​បាន​ទទួល​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​សាស្ត្រ​ខាងលើ​ថា មានការ​ភ្នាល់​ល្បែង​ស៊ី​សង​ បើក​​សង្វៀន​ជល់​មាន់​​យ៉ាង​គគ្រឹកគគ្រេង​ ហ៊ោកញ្ជ្រៀវ​​កងរំពង​ បង្ក​ឲ្យ​មាន​អំពើ​ចោរកម្ម​នៅ​ក្នុង​មូលដ្ឋាន​នេះ​ ជា​ញឹកញាប់​ណាស់។ គេ​លេង​ទីនេះ​យូរ​ហើយ ហើយ​សមាសភាព​ អ្នក​មក​ភ្នាល់​ល្បែង​នេះ ​ខ្លះ​ជិះ​រថយន្ត​មកពី​ឆ្ងាយ​ ខ្លះ​ជិះ​ម៉ូតូ​​ ឯ​អ្នក​ភូមិ​ឃុំ​នៅ​មូលដ្ឋាន​នេះ ​ខ្លះ​លក់​ស្រូវ​ ដីធ្លី​បញ្ចាំ​គេ យក​លុយ​ទៅ​ភ្នាល់​ជល់​មាន់​នោះ​អស់​មួយ​ចំនួន​ផង​ដែរ​ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​មក​បង្ក្រាប​ឡើយ។

លោក​ហ៊ួន​ ហាំង បាន​បន្ត​ថា ក្រោយ​ពេល​លោក​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការ​បែប​នេះ​ លោក​ក៏បាន​រាយការណ៍​ជូន​ដល់​​​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់។ ភ្លាម​នោះ ​លោក​មេ​បញ្ជាការ​ ក៏បាន​ឲ្យ​លោក​វរសេនីយ៍ទោ ​ញឹម នី​ មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត​ទទួល​បន្ទុក​កិច្ចការ​នេះ​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​របស់​លោក​ និង​មាន​ការ​ចង្អុល​ពី​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ ចុះ​ទៅ​បង្ក្រាប​ទីតាំង​ខាង​លើ​នោះ។ ក្នុង​ការ​បង្ក្រាប​នោះ​ ​ដក​ហូត​វត្ថុ​តាង ​រួម​មាន ​មាន់​ជល់​ពីរ​ក្បាល រថយន្ត​ចំនួន​ប្រាំមួយ​គ្រឿង ម៉ូតូ​ចំនួន​ប្រាំ​គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​ចំនួន​​៧​នាក់ យក​មក​កាន់​ទីបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បាកាន។ ដោយឡែក​ទីតាំង​បញ្ជល់​មាន់​នោះ ​គឺ​ធ្វើ​កំណត់ហេតុ​មិន​ឲ្យ​មាន​​ ការ​លេង​បន្ត​ទៀត​ឡើយ។

លោក​ហ៊ួ​ន ហាំង បាន​បញ្ជាក់​ថា ដោយ​យោង​តាម​ការ​ចង្អុល​បង្ហាញ​ពី​លោក​ព្រះរាជអាជ្ញា​រង ឆាយ ហុង និង​លោក​ឧត្ដមសេនីយ៍​មេ​បញ្ជាការ​អាវុធហត្ថ​ខេត្ត, ​​​ជន​សង្ស័យ​លេងល្បែង​​​​​បញ្ជល់​មាន់​ទាំង​​៧​នាក់​នេះ​ ត្រូវ​បាន​ធ្វើ​កំណត់ហេតុ​កែខ្លួន​អប់រំ​ឲ្យ​ទៅផ្ទះ​វិញ​ជាមួយ​មធ្យោបាយ​ តែ​ប្រសិន​មាន​ការ​លេង​លើក​ក្រោយ​ទៀត ​នឹង​ទទួល​ទោស​ទណ្ឌ​តាមច្បាប់។

ជាមួយ​នឹង​ការ​បង្ក្រាប​ទីតាំង​​សង្វៀន​បញ្ជល់​មាន់​​ខាង​លើ​នេះ ក៏​មាន​ប្រជាពលរដ្ឋ​នៅ​ខាង​ស្រុក​បាកាន​បាន​នាំគ្នា​កោតសរសើរ​ដល់​កម្លាំង​អាវុធហត្ថ​ ដែល​​​ចុះ​បង្ក្រាប ព្រោះ​ពួកគាត់​ប្រាប់​អ្នក​យក​ព័ត៌មាន​​​កម្ពុ​ជា​ថ្មី​ប្រចាំការ​នៅ​ពោធិ៍សាត់​ថា ​៖​ នេះ​ជា​លើកដំបូង​ហើយ ដែល​ឃើញ​សកម្មភាព​កម្លាំង​អាវុធហត្ថ​ចាត់ការ​លើ​ល្បែង​ស៊ី​សង​ភ្នាល់​ជល​មាន់​នេះ ​ហើយ​ពួកគាត់​សំណូមពរ ឲ្យ​បន្ត​កិច្ចការ​នេះ​បន្ថែម​ទៀត៕
​​