ពលរដ្ឋ​ នៅ​ខេត្ត​កំពង់ធំ​ជាង​២​ម៉ឺន​គ្រួសារ ​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ពិសេស​ ពលរដ្ឋ​នៅ​ស្រុក​ស្ទោង

ពលរដ្ឋ​ នៅ​ខេត្ត​កំពង់ធំ​ជាង​២​ម៉ឺន​គ្រួសារ ​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ពិសេស​ ពលរដ្ឋ​នៅ​ស្រុក​ស្ទោង



ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ នៅ​ខេត្ត​កំពង់ធំ​ជាង​២​ម៉ឺន​គ្រួសារ កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក ប្រើប្រាស់ ​និង​បង្កបង្កើនផល ពិសេស​ពលរដ្ឋ​នៅ​ស្រុក​ស្ទោង ដែល​មាន​រហូតដល់​ជាង​១​ម៉ឺន​គ្រួសារ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​អ្នកនាំពាក្យ ក្រសួង​ធនធាន​ទឹក។

លោក​ចាន់ យុ​ត្ថា បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មីនា ​ថា បច្ចុប្បន្ន​ ពលរដ្ឋ​ជាង​២​ម៉ឺន​គ្រួសារ ដែល​រស់នៅ​ខេត្ត​កំពង់ធំ ពិសេស​ពលរដ្ឋ នៅ​ស្រុក​ស្ទោង​ ដែល​មាន​រហូត​ចំនួន​១៤,០០០​គ្រួសារ បាន​ប្រឈម​ការ​ខ្វះខាត​ទឹក។ ប៉ុន្តែ​យ៉ាងណាក៏ដោយ បញ្ហា​នេះ​​ ក្រសួង​មិនបាន​ព្រងើយកន្តើយ​ឡើយ គឺ​បាន​កំពុង ធ្វើការ​ដោះស្រាយ ជា​បន្តបន្ទាប់​ផង​ដែរ។

អ្នកនាំពាក្យ និង​ជា​នាយក​ខុទ្ទកាល័យ ក្រសួង​ធនធាន​ទឹក រូបនោះ បាន​បញ្ជាក់​ថា “ ចំពោះ​ការ​ប្រឈម​ការខ្វះខាត ទឹក​ធ្ងន់ធ្ងរ​បែបនេះ នៅ​តំបន់​ខ្លះ គឺ​នៅ​មិនទាន់​កើត​ មាន​ឡើង​នៅឡើយ​ទេ ជាមួយគ្នានេះ នៅ​ឯ​ខាង​ខេត្តបាត់ដំបង កណ្ដាល កំពង់ស្ពឺ​ក៏មាន​ការខ្វះខាត​ទឹក​ផងដែរ តែ​មិន​ទូទាំង​ខេត្ត ដូច​នៅ​កំពង់ធំ នោះទេ​”​។​

នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក កែវ វី បាន​មានប្រសាសន៍​ដែរ​ថា “​ក្នុង​ឆ្នាំ​២០១៦​នេះ អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំង ដែល​ធ្វើ​ឲ្យ​មានការ កើន​ឡើង​នូវ​កម្ដៅ ទឹកភ្លៀង​ធ្លាក់ មិន​គ្រប់គ្រាន់ ដោយ​តាម​ការ​ព្យាករ​ ពី​ក្រសួង​ធនធានទឹក គឺ​ភ្លៀង​នឹង​ធ្លាក់​នៅ​ខែ​កក្កដា ឆ្នាំ​២០១៦​ខាងមុខ ហើយ​របាយ​ទឹកភ្លៀង​ធ្លាក់​មិន​ស្មើគ្នា​ជាដើម​។ បញ្ហា​នេះ​បាន​កំពុង​ជះឥទ្ធិពល យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​ចំនួន​១៧ ក្នុង​ប្រទេស​កម្ពុជា ដោយ​កំពុងតែ​ទទួល​រង​នូវ​កង្វះខាត​ទឹក ក្នុង​ការ​ប្រើប្រាស់​”​។

ពាក់ព័ន្ធ​អំពី​ស្ថានភាព​ និង​អាកាសធាតុ​មិន​ល្អ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ធ្លាប់បាន បានចេញ​សេចក្តីជូនដំណឹង ឲ្យ​ប្រជាកសិករ និង​អាជ្ញាធរ រក្សា​ទឹក​ទុក ប្រើប្រាស់ ខណៈ​ស្ថានភាព ​និង​អាកាសធាតុ​ប្រែប្រួល៕