ឃាត់​អ្នកប្រើប្រាស់ ឈាន​ដល់​ការ​ឃាត់​មុខសញ្ញា​ចែកចាយ​ម្នាក់​ទៀត

ឃាត់​អ្នកប្រើប្រាស់ ឈាន​ដល់​ការ​ឃាត់​មុខសញ្ញា​ចែកចាយ​ម្នាក់​ទៀត



បាត់​ដំបង ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ក្នុង​នោះ​គឺជា​មុខសញ្ញា​ប្រើប្រាស់​ផង និង​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ផង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ខណៈ​ដែល​ពួកគេ​កំពុង​ប្រព្រឹត្ត និង​ធ្វើ​សកម្មភាព​ចែក​វាយ​ជាក់​ស្តែង នៅក្នុង​តំបន់​នោះ។

កិច្ចប្រតិបត្តិការ​នេះ​គឺ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​ទទួល​ព័ត៌​មាន​ស្តី​ពី​ការប្រើប្រាស់ និង​ការ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​មួយ​ករណី ដែល​កំពុង​ប្រព្រឹត្ត​ជាក់​ស្តែង។

លោក​ណាប់ ស៊ី​ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​បញ្ជាក់​ថា នៅ​ពេល​កម្លាំង​ចេញ​ប្រតិបត្តិការ​គឺ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ដែល​ក្នុង​នោះ​គឺ១ សេង ប៊ុនធឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​លាង​ម៉ូតូ រស់នៅ ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ២ សៀន ម៉ៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាជាង​សំណង់ រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង និង​៣ ឈ្មោះ​ហ៊​ម ធារ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ប្រទេស​ថៃ រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។

ក្រោយពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ​យក​ទៅ​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​និង​ក្រោយពី​ទទួល​បាន​ចម្លើយ​សារភាព​ស្តី​ពី​ការ​ចង្អុល​បង្ហាញ​ទៅលើ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​រួចមក នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​បាន​សុំ​គោល​ការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា ដើម្បី​ចុះ​ស្រាវជ្រាវ​បន្ត រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​មុខសញ្ញា​បាន​ម្នាក់ទៀត​ឈ្មោះ ជិន វិចិត្រ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​រួមមាន គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៧​កូន​ថង់ ម៉ូតូ​ចំនួន​ពីរ​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង លុយ​ខ្មែរ​ចំនួន​៩១៤០០​រៀល និង សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ដោយ​បច្ចុប្បន្ន​កម្លាំង​បាន​នឹង​កំពុង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ទៅកាន់​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​អ្នកចាត់ការ​បន្ត៕