EDC នឹង​ផ្ដល់ វិក័យប័ត្រ​ឌីជីថល ឲ្យ​អតិថិជន តាមរយៈ​ក្រុមហ៊ុន​ទូរទស្សន៍​ថ្មី ស៊ី​ង​មឹង​

EDC នឹង​ផ្ដល់ វិក័យប័ត្រ​ឌីជីថល ឲ្យ​អតិថិជន តាមរយៈ​ក្រុមហ៊ុន​ទូរទស្សន៍​ថ្មី ស៊ី​ង​មឹង​



ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន​ទូរទស្សន៍​ថ្មី​ដែលមាន​ឈ្មោះថា ស៊ី​ង​មឹង បាន​សហ​ការណ៍​រួមគ្នា ដើម្បី​ផ្ដល់​វិក័យប័ត្រ​ឌីជីថល និង​ព័ត៌មាន​ជូន​ដល់​អតិថិជន​របស់​អគ្គិសនី​កម្ពុជា​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

​ការបង្ហាញ​នូវ​ប្រព័ន្ធ​ថ្មី​ទំនើប​នេះ​បាន​ធ្វើឡើង នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន SingMeng Telecommedia Co., Ltd ស្តីពី​កិច្ចសហការ លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ជូន​អតិថិជន​អគ្គិសនី​កម្ពុជា​តាម​បណ្ដាញ​ទូរទស្សន៍​គ្នា​ខ្សែ DTT និង OTT កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ នៅឯ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដែល កម្ពុ​ជាថ្មី ទទួលបាន លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​មាន​ប្រសា​ស​ន៏​ថា​៖ យើង​រីករាយ​នឹងធ្វើ​ការរួម​មួយ​នឹង SingMeng ដើម្បី​នាំមក​នូវ​ជីវិត​រស់នៅ​បែប​ឌីជីថល​ក្នុង​កម្រិត​ថ្មី​មួយ​ទាំងស្រុង ដល់​ប្រជាជន​កម្ពុជា​។

នៅក្នុង​ពិធី​បើកសម្ពោធ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន SingMeng នា​ឱកាស​នោះ​មានការ​ចូលរួម​ពី លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​កាល លោក ខៀវ កា​ញ្ញា​រិ​ទ្ធិ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​លោក កាន់ ចាន់​មេត្តា រដ្ឋលេខាធិការ ក្រសួង​ប្រៃ​ណី​យ៍ និង ទូរគមនាគមន៍ លោកជំទាវ ហ៊ុន​ម៉ា​ណា អគ្គនាយិការ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​បាយ័ន លោក អេង គ​ន្ធា តំណាង​ឲ្យ​លោក កែវ រតនៈ និង​តំណាង​ក្រុមហ៊ុន​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

គួរ​បញ្ជាក់​ផង​ដែល​ថា ​ក្រុមហ៊ុន SingMeng Telemedia គឺជា​អ្នកផ្ដល់​ដំណោះស្រាយ​ផ្នែក​បណ្ដាញ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បឿន​លឿន​គុណភាព​ខ្ពស់​។ SingMeng Telemedia ផ្ដល់ជូន​នូវ​សេវា​ផ្ដោតលើ​អ្នកប្រើប្រាស់ ដោយ​គ្របដណ្ដប់​បណ្ដាញ​ល្បឿន​លឿន ទូរទស្សន៍​តាម​អ៊ីនធឺណិត OTT ទូរទស្សន៍​ចល័ត និង​ទូរទស្សន៍​ឌី​ជីតា​លឥត​ខ្សែ DTT និង​សេវា​អ៊ីនធឺណិត​ផ្សេងៗ​។ SingMeng Telemedia កម្ពុជា​កាន់កាប់ និង​ធ្វើ​ប្រតិបត្តិការ​បណ្ដាញ​អុ​ប​ទិ​ក​ជឿនលឿន​បំផុត​ដែល​គ្របដណ្ដប់​ខេត្ត​ចំនួន ២៥ នៅក្នុង​ប្រទេស​កម្ពុជា​៕