ទម្លាប់ទាំង៧របស់មនុស្សមិនរីកចំរើន

មនុស្ស​តែង​តែ​ចង់​បាន​ភាព​ជោគជ័យ​ទាំង​ក្នុង​វិស័យ​ការងារ​និង​ការ​សិក្សា ប៉ុន្តែ​មួយ​ចំនួន​​ហាក់​បី​ដូច​ជា​មិន​សូវ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទទួល​បាន​សមិទ្ធិផល​ដូច​ដែល​ខ្លួន​ប្រាថ្នា។ ចុង​ក្រោយពួក​គេ​​បាន​ត្រឹម​ខក​ចិត្ត ស្មុគស្មាញ និង​គិត​ច្រើន។ តាម​ពិតពួកគេ​គួរ​ណា​រៀន​ពិចារណា​និង​សិក្សា​​លើ​​ទម្លាប់​​របស់ខ្លួន​ឯង ដែល​​អាច​ជា​ដើម​ហេតុ​នៃ​ភាព​មិន​រីក​ចំរើន។​

មាន​ទម្លាប់​អាក្រក់​៧​ដែល​ធ្វើ​អោយ​អ្នក​មិន​រីក​ចំរើន៖

១. សង្ស័យ​សមត្ថភាព​ខ្លួន​ឯង

មនុស្ស​មិន​រីក​ចំរើន​តែង​តែ​សង្ស័យ​ខ្លួន​ឯង ខ្វះ​ទំនុក​ចិត្ត ហើយ​គិត​ថា​ខ្លូន​ឯង​ធ្វើ​អ្វី​មួយ​មិន​បាន​សម្រេច។ មនុស្ស​បែប​នេះមិន​អាច​បែង​ចែក​បទពិសោធន៍ និង​សម្ថភាព​ដែល​ខ្លួន​មាន​បាន​ទេ ប៉ុន្តែ​មើលឃើញ​ភាព​ប្រ​ឈម​ថា​ជាការ​គំរាមគំហែង​ទៅ​វិញ។ ប្រសិន​បើ​មាន​គេ​ផ្តល់​ជា​មតិ​កែ​តម្រូវ​វិញ បែរ​ជាគិត​ថា​ជា​​ការរិះ​គន់។ ជាង​នេះ​ទៅ​ទៀត​ ពួកគេ​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​ស្គាល់ច្បាស់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ហ៊ាន​សាក​ល្បង​ធ្វើ​ការងារ​ដែល​ខ្លួន​មិន​ចេះ រឺមិនច្បាស់។ ចេះ​តែ​ខ្លាច​ដួល​បរាជ័យ ហើយ​​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ដែល​បាត់​បង់​ឱកាស។​

២. គិត​យូរ​ពេក​មុន​នឹង​ចាប់​ផ្តើម​ធ្វើ

មនុស្ស​មិន​រីក​ចំរើន​ចូល​ចិត្ត​ពន្យារ​ពេល​ការងារ​របស់​ខ្លួន។ ហើយ​បើ​បណ្តោយ​ពេល​វេលា​កាន់​តែ​យូរ​ ឱកាស​សម្រេច​បាន​ការងារ​នោះ​កាន់​តែ​ប្រ​ផិត​ប្រផើយ។ មនុស្ស​បែប​នេះ​យល់ថា​ពេល​វេលាតែង​តែ​មាន​​ និង​អនុគ្រោះ​សំរាប់​ពួកគេ ដោយ​​ពុំ​ដែល​យល់​​ថាពេល​វេលា​​មិន​មែន​ជា​មាស​ប្រាក់​ដែល​អាច​រកបាន​​មក​វិញ​​នោះ​ទេ។ ជាពិសេស​មនុស្ស​ដែល​គិត​ថា​ខ្លួន​អាច​សម្រេច​ការងារ​ទាន់​ពេល​វេលា នឹង​ចេះ​តែ​មាន​គំនិត​ថា​ខ្លួន​អាច​ប្រើ​ពេល​វេលា​ចុង​ក្រោយ​បង្អស់​ដើម្បី​ធ្វើ​ការ​ងារ​អោយ​បាន។ ពួក​គេ​គិត​ខុស​ហើយ តាម​ពិត​ការ​ងារ​ដែល​អាច​សម្រេច​​បាន​ ខុស​គ្នា​នឹង​ការ​​ងារ​ដែល​អាច​សម្រេច​បាន​យ៉ាង​ល្អ។

៣. បាត់​បង់​ភាព​អត់​ធ្មត់

មនុស្ស​បរាជ័យ​មិន​សូវ​ចេះ​រង់​ចាំ​យូរ។ ពួក​គេ​ត្រេក​ត្រ​អាល​នឹង​​លទ្ធិផល ចង់​មាន​បាន​លឿន ចង់​ស្គម​លឿន ចង់​ចេះ​លឿន។ ហើយ​ពួក​គេ​គឺ​ជា​ប្រ​ភេទ​មនុស្ស​ឆាប់​បាក់​ទឹក​ចិត្ត​នៅ​ពេល​មិន​ទទួល​បាន​អ្វី​ដែល​ខ្លួន​ត្រូវ​ការ។​ ចេះ​តែ​ចង់​ដើរ​ផ្លូវ​កាត់៖ ផ្លូវ​មួយ​ណា​ទៅ​ដល់​លឿន​ជាង? នៅ​ពេល​ដែល​ចង់​សម្រេច​អ្វី​មួយ​​បាន​ភ្លាមៗ ការងារ​របស់​ពួក​គេ​មិន​សូវ​ល្អ​នោះ​ទេ។ សំខាន់​ជាង​គេ​នោះ មនុស្ស​បែប​នេះ​ចូល​ចិត្តរៀន​កែ​កំហុស​ខ្លួន​ឯង​សិន​ សឹម​ទៅ​មុខ​ទៀត។ កែ​កំហុស​គឺ​ល្អ​ហើយ ប៉ុន្តែ​ត្រូវ​ឆក់​ឱកាស​ធ្វើ​អ្វី​មួយ​ថ្មីទៀត​សិន​ទើប​ឆាប់​រីក​ចម្រើន។

៤. អត់​មាន​ការផ្តោតសំខាន់

មិន​រីក​ចំរើន​ គឺ​ដោយ​សារ​ពួក​គេមិន​មាន​ការ​ផ្តោត​សំខាន់​ទៅ​លើ​ការងារ។ ចូល​ចិត្ត​យក​ការងារ​មក​ធ្វើ​ក្នុង​ពេល​តែ​មួយ ដោយ​មិន​មាន​​អាទិភាព។ ឧទាហរណ៍ និយាយ​ផង​ធ្វើ​ការ​ងារ​ផង។ ដោយ​គ្មាន​គម្រោង​ការងារ​ច្បាស់​លាល់ នៅ​ចុង​បញ្ចប់ ពួក​គេ​មិន​ត្រឹម​តែ​ធ្វើ​ការងារ​មិន​បាន​ល្អ​នោះ​ទេ ថែម​ទាំង​អស់​កំលាំង​ថែម​ទៀត។​

៥. មាន​តែ​គំនិត​ប៉ុន្តែ​មិន​មាន​សកម្មភាព​ផ្លាស់​ប្តូរ​ខ្លួន​ឯង

ពួកគេ​ចង់​បាន​ណាស់​ការ​ប្តូរ​ទម្លាប់​ខ្លួន​ឯង ប៉ុន្តែ​មិន​ធ្វើ គិត​ថា​ពិបាក​កែ​ទម្លាប់​ពេក ទើប​ចេះ​តែ​គិត​ថា​មិន​អី។ ដោយ​បដិសេធ​គំនិត​និង​ការ​អនុវត្តន៍​ថ្មី ពួក​គេ​ជៀសវាង​ពី​ការ​ងារ​​ និង​ឱកាស​ល្អៗ​ចោល។ ពេល​ខ្លះ​ទទូច​ចង់​ផ្លាស់​ប្តូរ ប៉ុន្តែ​នៅ​តែ​ចចេស​មិន​ធ្វើ។ ចុង​ក្រោយ មនុស្ស​បែប​នោះ​ឈរ​នៅ​ចំ​ខ្សែរ​កណ្តាល​នៃ ការ​ខិត​ខំ​និង​បង្អង់​ពេល​វេលា។

៦. ចង់​បាន​ភាព​ឥតខ្ចោះ​ខ្លាំង​ពេក

នៅ​ពេល​ដែល​ពួក​គេចំណាយ​ពេល​ធ្វើ​ការ​ងារ​លើ​អ្វី​មួយ​ដោយ​ផ្ចិត​ផ្ចង់​ខ្លាំង​ពេក ពួក​គេ​អាច​នឹង​បាត់​បង់​ចំនុច​សំខាន់​ទៅ​វិញ។ ម៉្យាង​ទៀត​មនុស្ស​ប្រ​ភេទ​នេះ​ដាក់​ទុន​ច្រើន​លើ​ផលិត​ផល​ល្អ ជាង​ការ​ចំណាយ​ពេល​ធ្វើ​អ្វីមួយ​ដើម្បី​អភិវឌ្ឍខ្លួន​ត​ទៅ​មុខ​ទៀត។​ ចុង​ក្រោយ​ពួកគេ​​សម្រេច​បាន​ការងារ ប៉ុន្តែ​មិន​មែន​ជា​អ្វី​ដែល​គេ​ចង់​បាន។

៧. គិត​តែ​រអ៊ូ

បាន​អ្វី​នឹង​ជោគ​ជ័យ​បើ​រវល់​តែ​រអ៊ូ​ប៉ុន្តែ​មិន​មាន​សកម្មភាព។ ពួក​គេ​​គឺ​ជា​មនុស្ស​ទុទិដ្ឋិនិយម។ មើល​ឃើញតែ​ពី​កំហុសខ្លួន​ឯង ដោះសារ​​ចេញកំហុស​ខ្លួន​ឯង និង​គិត​ច្រើន​ ជាជាង​ខំប្រឹង​ធ្វើ​អោយ​បាន​ល្អ​ប្រសើរ។ ពួក​គេ​យល់​ថា​ខ្លួន​ឯង​គ្មាន​ទំនួល​ខុស​ត្រូវ​អ្វី​ឡើយ នៅ​ពេល​ដែល​បរាជ័យ៕

ប្រភព៖ ahladang