បង្រៀនកូន ឱ្យចេះតស៊ូ

តស៊ូ… មិនមែនជា​ការធ្វើ​បាប​គ្នា ​ខាង​រាងកាយ មិនមែនជា​ការកែ​បញ្ហា​ដោយ​ប្រើ​កម្លាំងកាយ​នោះទេ តែ​ជាការ​បង្រៀន​ឱ្យ​កូន​វ័យ​ម​តេ្ត​យ្យ​ចេះ​គិត កែប​ញ្ហា និង​សម្របសម្រួល​ខ្លួន ​ឱ្យ​រស់នៅ​ក្នុងសង្គម​បាន​យ៉ាង​ស័ក្តិសម។ ដូច្នេះ​ចំពោះ​លោកឪពុក​អ្នក​ម្តាយ ​ដែលមាន​បំណង​ចង់​បង្រៀន​កូន​របស់ខ្លួន ​ឱ្យ​ចេះ​តស៊ូ​ក្នុង​គ្រប់​បញ្ហា និង​ការលំបាក​នៅក្នុង​ជីវិត​នោះ សូម​ទទួលយក​ចំណេះថ្មីៗ ពី​អ្នកជំនាញ​ដូចខាងក្រោម​នេះ។

តស៊ូដែលត្រឹមត្រូវ

ការតស៊ូ​នៅក្នុង​កុមារ​វ័យ​នេះ គឺជា​ការសម្តែង​ចេញ ​ដើម្បី​រក្សា​ការពារ​សិទ្ធិ​របស់​ខ្លួនឯង តាំងពី​សិទ្ធិ​លើ​រាងកាយ វត្ថុ​របស់របរ រួម​ទៅដល់​សិទ្ធិ​ដែលមាន ​នៅក្នុង​សង្គមរ​បស់​ខ្លួនឯង ដូចជា សិទ្ធិ​ក្នុង​ការមិន​ត្រូវបាន​គេ​កាត់មុខ​ពេល​តម្រង់​ជួរ​ធ្វើ​អ្វីមួយ ការ​គៃ​ប្រវ័ញ្ច​យក​ប្រៀប ខ្សែលើ មិនថាតែ​នៅក្នុង​សង្គម​គ្រួសារ សាលារៀន ឬ​សង្គម​ក្រៅ​ផ្ទះ​នោះឡើយ។

តស៊ូខាងកាយ

គឺជា​ការចេះ​កែប​ញ្ហា ក្នុងករណី​ដែល​កូន​មាន​អារម្មណ៍​ថា ត្រូវបាន​ល្មើស​សិទ្ធិ ត្រូវបាន​រំលោភបំពាន ឬ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព ដូចជា ៈ

  • គូ​ជម្លោះ​ជា​មនុស្ស​ធំ ឬ​ក្មេង​ដែល​ធំ​ជាង ៈ ចំពោះ​ក្មេង​តូច យេីងសូម​ណែនាំ​ឱ្យ​អាណាព្យាបាល ​បង្រៀន​កូន​រឿង​ការ​សុំ​ការជួយ​យកអាសា ​ពី​មនុស្សម្នា​ដែល​នៅ​ជុំវិញខ្លួន ដូចជា ឱ្យ​រត់ទៅរក​មនុស្ស​ចា​ស់ណា​ម្នាក់ ​ដែល​មើលទៅ​គួរឱ្យ​ទុក​ចិត្ត​បាន និង​ស្រែក ​ដើម្បីឱ្យ​មនុស្ស​ចូលមក​ជួយ។
  • គូ​ជម្លោះ​ជា​ក្មេង​វ័យ​ ស្របាល​គ្នា ៈ ទុក​ឱកាស​ឱ្យ​ក្មេង​ចរចា កែ​បញ្ហា​ដោយ​ខ្លួនឯង​ជាមុនសិន។ បង្រៀន​ឱ្យ​កូន​ប្រើ​ពាក្យសម្តី និង​ជំនាញ​ក្នុងការ​ចរចា​តវ៉ា តែ​មិនត្រូវ​ប្រើ​អំពើហិង្សា ​ទាំង​ខាង​រាងកាយ និង​វាចា​ឡើយ បើ​ចរចា​ហើយ​មិនបាន​លទ្ធផល ឬ​មិត្តភក្តិ​ចាប់ផ្តើម​ប្រើ​អំពើហិង្សា ​តប​មកវិញ​នោះ ចូរ​បង្រៀន​ឱ្យ​កូន​ចេះ​ដើរចេញ ​ទៅសុំ​ការជួយ​យកអាសាពី​មនុស្ស​ចាស់។

តស៊ូខាងផ្លូវចិត្ត

មានន័យ​ពី​ផ្លូវចិត្ត​ដែល​រឹងប៉ឹង ព្យាយាម​ក្នុង​អ្វីដែល​ខ្លួន​តាំងចិត្ត​ចង់​ធ្វើ ទទួលស្គាល់​លទ្ធផល​របស់​ទង្វើ​រប​ស់​ខ្លួនឯង ចេះ​​ចាត់ការ​ជាមួយ​អារម្មណ៍​ខកបំណង សោកស្តាយ ឬ​ខឹងសម្បា​បាន​យ៉ាង​ស័ក្តិសម ចេះ​សម្របសម្រួល​ខ្លួន​ជាមួយ​ស្ថាន​ការណ៍ និង​មាន​ភាព​ព្យាយាម​កែខៃ​ចំណុច​ខុសឆ្គង ​ដែល​កើតឡើង រួម​ទៅដល់​ការចេះ​អភ័យទោស​ឱ្យ​ខ្លួនឯង និង​អ្នកដទៃ​ទៀត​ផង។

5 ចំណុចជួយឱ្យកូន ក្លាយជាអ្នកតស៊ូ

ចំពោះ​ក្មេង​តូច រឿង​ដែល​បានទទួល​លទ្ធផល​ច្រើន ជាង​ការអប់រំ​ប្រៀនប្រដៅ​ដោយ​វាចា​នោះ គឺ​ការដែល​ឪពុកម្តាយ​មាន​ទង្វើ​ជា​គំរូ​ដ៏​ល្អ​ត្រឹម​ត្រូវ ឱ្យ​កូន​បានឃើញ​ជាប្រចាំ​ជាប់​ជានិច្ច និង​ជួយ​ក្នុងការ​សាង​ឫសគល់ ដើម្បី​បង្រៀន​ឱ្យ​កូន​ចេះ “តស៊ូ” ដូចជា ៈ

  1. សាង​កូន​ឱ្យមាន​មោទនភាព និង​ជឿជាក់​លើ​ខ្លួនឯង ៈ បង្រៀន​ឱ្យ​កូន​ចេះ​មើលថែទាំ​ខ្លួនឯង បាន​ទៅតាម​វ័យ ដូចជា ស្លៀកពាក់ ញ៉ាំ​បាយ​ខ្លួនឯងបាន ជា​មូលដ្ឋានគ្រឹះ​ឱ្យ​កូន​មាន​អារម្មណ៍​ថា ​អាចធ្វើ​អ្វីផ្សេងៗបាន​ដោយ​ខ្លួនឯង បង្ហាត់​ឱ្យមាន​ភាព​ទទួលខុសត្រូវ​ខ្លួនឯង។
  2. សាង​ទស្សនៈ ​ចំពោះ​ខ្លួនឯង​ដែល​ស័ក្តិសម និង​ត្រឹមត្រូវ ៈ នឹង​ជួយ​ឱ្យ​កូន​ស្គាល់​ពី​ខ្លួនឯង ដឹងថា​ត្រូវ ឬខុស ត្រូវការ​អ្វី វាយតម្លៃ​សមត្ថភាព​ថា​ធ្វើ​អ្វី​បាន​ប៉ុនណា និងពេលណា​ដែល​ត្រូវសុំ​ជំនួយ​ពី​អ្នកដទៃ។
  3. សម្លឹងមើល​ជុំវិញខ្លួន​ ក្នុងន័យ​វិជ្ជមាន​តាម​ស្ថានភាព​ពិត ៈ ជួយ​ឱ្យ​ក្មេង​មាន​អារម្មណ៍​ថា ខ្លួនឯង​ស្ថិតក្នុង​បរិស្ថាន​ដែល​មាន​សុវត្ថិភាព មាន​អ្នកមាន​ចេតនា​ល្អ​ច្រើនជាង​មនុស្ស​មិនល្អ មាន​អ្នក​ចាំ​ជួយ​យកអាសាគាំទ្រ ការពារ និង​ជួយ​លើកទឹកចិត្ត តែ​​ក៏ត្រូវចេះ​ប្រយ័ត្នប្រយែង ដោយ​ឪពុកម្តាយ​អាច​ប្រតិបត្តិ​ធ្វើជា​គំរូឱ្យ​កូន​បានឃើញ និងរៀន​យល់ដឹង ដោយ​ការ​មាន​ទស្សនៈ​ចំពោះ​រឿងផ្សេងៗ ជុំវិញខ្លួន​ដែល​សម្បូរបែប ដូចជា ឃើញ​គេ​បើកឡាន​ជ្រែ​ពីមុខ​លឿន​ឆ្វេ​ច​ឆ្វាច អាច​និយាយ​ឱ្យ​កូន​បាន​ឮថា បើក​ឡាន​បែបនេះ​មាន​គ្រោះថ្នាក់​ណាស់ មិន​គួរឱ្យ​ស្រឡាញ់​សោះ សង្ស័យ​គេ​មាន​រឿង​ចាំបាច់​ប្រញាប់​ហើយ​ទើប​ភ្លេចខ្លួន​បើក​ឡាន​លឿន​បែបនេះនោះ។
  4. ស្គាល់​សិទ្ធិ​តួនាទី មិន​ល្មើស​សិទ្ធិ​អ្នកដទៃ ៈ បង្រៀន​ឱ្យ​ក្មេង​បានដឹងថា ខ្លួនឯង​មាន​សិទ្ធិក្នុង​រឿង​ណាខ្លះ ដូចជា សិទ្ធិ​លើ​រាងកាយ​របស់​ខ្លួនឯង អ្នកដទៃ​ក្រៅពី​ឪពុកម្តាយ ​គ្មាន​សិទ្ធិមក​ប៉ះពាល់​រាងកាយ​របស់ខ្ញុំ ​ក្នុង​លក្ខណៈ​មិន​ស័ក្តិសម ខណៈ​ពេល​​ជាមួយគ្នា​នេះកូន ក៏ត្រូវ​ស្គា​ល់ពី​តួនាទី ​ដែល​ត្រូវ​ទទួលខុសត្រូវ​មើលថែទាំ​រាងកាយ​របស់ខ្លួន​ ឱ្យ​ស្អាតបាត និងមានសុខ​ភាព​ល្អ​ផងដែរ។
  5. ឱ្យមាន​ចិត្ត​ចេះ ​ជួយ​យកអាសាអ្នកដទៃ ៈ បង្រៀន​ឱ្យ​កូន​រៀន​យល់​ដឹងថា ការ​ជួ​យយកអាសា​អ្នកដទៃ​ដោយ​មិន​សង្ឃឹម​​សំណង​មកវិញ​នោះ ធ្វើឱ្យ​កើត​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង និង​មាន​អារម្មណ៍​ថា ​ខ្លួនឯង​មាន​ប្រយោជន៍ មានតម្លៃ បើ​មាន​អ្នកណា​ត្រូវការ​ជំនួយ ហើយ​យើង​អាចជួយ​បាន​ដោយ​ខ្លួនឯង ​មិនមាន​បញ្ហា​នោះ ក៏​គួរតែ​ជួយទៅ។

ការបង្រៀនកូនបែបនេះ ​នឹង​ជួយ​ឱ្យ​កូន​បាន​សម្តែង​នូវ​ចេតនា​ល្អ និង​រៀន​យល់ដឹង​ពី​ការគោរព​សិទ្ធិ​របស់​អ្នកដទៃ​ផង​ដែរ​៕

ប្រភព៖ tomnerb