ADB៖ សេដ្ឋកិច្ចកម្ពុជា​បន្ត​កើន​ពី​៧​ភាគរយ​នៅ​ឆ្នាំនេះ និង​៧,១​ភាគរយ​នៅ​ឆ្នាំក្រោយ​

​កំណើនសេដ្ឋកិច្ច នឹង​នៅតែ​បន្ត​រឹងមាំ​នៅក្នុង​ឆ្នាំ​២០១៦​នេះ និង​នៅ​ឆ្នាំ​២០១៧ ខាងមុខនេះ ។ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន​ព្យាករណ៍​ថា​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៦​នេះ នឹង​នៅ​ថេរ​ដូច​ឆ្នាំ​២០១៥​ដែរ គឺ​៧​ភាគរយ  ហើយ​កំណើន​នេះ​នឹង​បន្ត​កើន​បន្តិច​នៅ​ឆ្នាំ​២០១៧ គឺ​៧,១​ភាគរយ​។ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង សំណង់ និង​សេវាកម្ម​គឺជា​កត្តារួម​ចំណែក​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់​នេះ​។

​របាយការណ៍​សេដ្ឋកិច្ច​បោះពុម្ពផ្សាយ​ប្រចាំឆ្នាំ​របស់ ADB ដែលមាន​ឈ្មោះថា​«​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​២០១៦»(ADO) បាន​លើកឡើងថា ផលិតផល​ក្នុងប្រទេស​ត្រូវបាន​ព្យា​ករណ៍​ថា នឹង​កើនឡើង​៧.០​ភាគរយ ក្នុង​ឆ្នាំ​២០១៦ ពោលគឺ​ដូចគ្នា​នឹង​កម្រិត​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៥ មុននឹង​ឡើងវិញ​តិចតួច​នៅ​ឆ្នាំ​២០១៧។

​បើតាម​ADB​ មាន​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​កម្ពុជា នៅតែរក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់​នេះ ដែល​រួមមាន​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង សំណង់ និង​សេវាកម្ម​ជាដើម​។​

​លោក Samiuela Tukuafu នាយក ADB ប្រចាំ​ប្រទេស​កម្ពុជាមានប្រសាសន៍ថា​៖«​ដោយមាន​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ការធ្វើ​ពិពិធ​កម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល និង​កាត់ដេរ និង​ទិសដៅ​នាំចេញ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ត្រូវបាន​ព្យា​ករណ៍​ថា នឹង​នៅតែ​រឹងមាំ ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ​»​។  កម្ពុជា​ចាំបាច់​ត្រូវ​បន្តធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ព​ង្រី​ឱកាស​ការងារ​បន្ថែមទៀត តាមរយៈ​ការទាក់ទាញ​ឧស្សាហកម្ម​ថ្មីៗ ដើម្បីរក្សា​និរន្តរភាព​នៃកំណើន​នេះ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា​។

​ផ្នែក​តាម​ការព្យាករណ៍​របស់ ADB វិស័យ​ឧស្សាហកម្ម នឹងមាន​កំណើន​៩.៥​ភាគរយ​នៅ​ឆ្នាំ​២០១៦​នេះ ដោយមាន​ការគាំទ្រ​ពី​ការបន្ត​ធ្វើ​ពិពិធ​កម្ម​ផលិតផល ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ជាង ដូចជា​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​អេ​ឡិច​ត្រូ​និក ខណៈ​កំណើន​ក្នុង​វិស័យ​សេវាកម្ម​ត្រូវបាន​រំពឹងថា នឹង​កើនឡើង​៧,៨​ភាគរយ​។  ចំណែកឯ​វិស័យ​កសិកម្ម​វិញ នឹង​កើនឡើង​ក្នុង​រង្វង់​១,៦​ភាគរយ ដោយ​ការ​សន្ម​ត់​ថា អាកាសធាតុ​អាចមាន​អំណោយផល​វិញ​។​ រីឯ​កំណើន​វិស័យ​សំណង់ ត្រូវបាន​ព្យាករណ៍​ថា នឹង​ថមថយ​វិញ បើ​ធៀប​នឹង​កំណើន​ខ្ពស់​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

​ឱនភាព​សារពើពន្ធ​ដោយ​មិន​រាប់បញ្ចូល​ជំនួយឥតសំណង ត្រូវបាន​ប៉ាន់​ស្មានថា​ នឹង​កើន​ឡើងដល់​៤,៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុបក្នុង​ឆ្នាំ​២០១៦។ ឱនភាព​គណនី​ចរន្ត ត្រូវបាន​ព្យាករណ៍​ថា មិនមាន​ការប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ទេ​ក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​នឹង​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​២០១៧ ដោយសារតែ​ឱកាស​នាំចេញ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​។ ទន្ទឹម​ជាមួយគ្នា​នោះ ការថយចុះ​នូវ​ថ្លៃ​ស្បៀងអាហារ និង​ឥន្ធនៈ​សកល ត្រូវបាន​រំពឹងថា​នឹង​នាំ​ឲ្យ​អតិផរណា​ធ្លាក់ចុះ ២,៥ ក្នុង​ឆ្នាំ​២០១៦ មុននឹង​កើនឡើង​ដល់​៣,០​ភាគរយ ក្នុង​ឆ្នាំ​២០១៧ ខណៈ​អតិផរណា​ឆ្នាំ​មុននេះ បាន​ថមថយ​មក​នៅត្រឹម​អត្រា​ទាប​បំផុត​ចាប់ពី​ឆ្នាំ​២០០៩​មក ប៉ុន្តែ​បាន​កើន​ឡើងវិញ​តិចតួច​វិញ នៅ​ចុង​ឆ្នាំមុន​។

​ប៉ុន្តែ​បើទោះបីជា កម្ពុជា​អាច​រក្សាបាន​នូវ​ស្ថិរភាព​សេ្ឋ​កិច្ច ADB ក៏បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ឥណទាន និង​វិស័យ​អចលនទ្រព្យ ដែល​នាំ​ឲ្យ​ហានិភ័យ​នៃ​វិស័យ​ហិរញ្ញវត្ថុ​មានការ​កើនឡើង​ដែរ​។ ដូច្នេះ​កិច្ចខិតខំ​ប្រឹងប្រែង​បង្កើត​គោលនយោបាយ​ដើម្បី​ធានា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​គួរតែ​បន្ត ហើយ​កម្ពុជា​ចាំបាច់​ត្រូវតែ​បង្កើន​គុណភាព​ការងារ តាមរយៈ​ការឆ្លើយតប​ចំពោះ​ចំណុច​ខ្វះខាត​ក្នុង​វិស័យ​អប់រំ និង​បណ្តុះបណ្តាល និង​ជួយ​ឲ្យ​កុមា​រអា​ចរៀន​ចប់​ចុង ចប់​ដើម​៕