អាមេរិក​បញ្ជា​ដក​គ្រួសារ​អ្នកការទូត​និង​យោធា​ពី​ភាគខាងត្បូង​តួ​ក​គី​ព្រោះ​បញ្ហា​សន្តិសុខ​

​ក្រសួងការបរទេស​អា​មេ​រិ​ក និង​មន្ទីរ​បញ្ចា​កោណ​បាន​បញ្ជា​ឲ្យ​ក្រុមគ្រួសារ​អ្នកការទូត​និង​បណ្តា​ក្រុមគ្រួសារ​យោធា​អាមេរិក​ចាក​ចេញពី​ភាគខាងត្បូង​ប្រទេស​តួ​ក​គី ដោយសារតែ​មូលហេតុ​សន្តិសុខ ថ្ងៃ ២៩ មីនា ម្សិលមិញ​។ បទបញ្ជា​នេះ​ត្រូវបាន​ដាក់ចេញ ស្របពេល​ប្រធានាធិបតី​តួ​ក​គី ចាក​ចេញទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​នុយក្លេអ៊ែរ​នៅ​អាមេរិក និង​ជួប​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​។ 

សូមស្ដាប់ព័ត៌មានលម្អិត៖

​ក្រុមគ្រួសារ​យោធា​និង​អ្នកការទូត​អាមេរិក​ត្រូវ​ចាក​ចេញពី​ភាគខាងត្បូង​ប្រទេស​តួ​ក​គី ដើម្បី​ឆ្លើយតប​តាម​បទបញ្ជា​របស់​ក្រសួងការពារជាតិ​និង​ក្រសួងការបរទេស​អាមេរិក​។ បទបញ្ជា​នេះ​ដាក់ចេញ ព្រោះតែ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​កើនឡើង​។​ចំណែក​អ្នកទេសចរ​អាមេរិក​ក៏ត្រូវ​បាន​ក្រសួង​បរទេស​ណែនាំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​រក្សា​សន្តិសុខ​ផ្ទាល់ខ្លួន​ពេល​ពួកគេ​ទៅកាន់​ប្រទេស​តួ​ក​គី​ផងដែរ​។​

​យោងតាម​សារព័ត៌មាន Al Jazeera ក្រសួងការបរទេស​និង​មន្ទីរ​បញ្ចា​កោណ​បាន​បញ្ជា​ឲ្យ​បុគ្គលិក និង​ក្រុមគ្រួសារ​អ្នកការទូត​នៅ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ Adana និង ក្រុមគ្រួសារ​កងទ័ព​អាមេរិក​នៅ​មូលដ្ឋាន​យោធា​ជើង​អាកាស Incirlik រួមទាំង​ទីតាំង​ពីរ​កន្លែង​ផ្សេងទៀត​ចាកចេញ​ពី​តួ​ក​គី​។

​ការដាក់ចេញ​បទបញ្ជា​នេះ កើតឡើង​នៅពេលដែល​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​នៅ​ទូទាំងប្រទេស​តួ​ក​គី​តែម្តង ហើយ​វា​ក៏​ឡើង​ស្រប​ពេលដែល​ប្រធានាធិបតី​តួ​ក​គី  Recep Tayyip Erdogan ចាក​ចេញទៅ​សហរដ្ឋអាមេរិក​ទៅ​ប្រជុំ​សន្តិសុខ​នុយក្លេអ៊ែរ​ផងដែរ​។

​មុនពេល​ចាកចេញ​ពី​តួ​ក​គី លោក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅក្រៅ​កិច្ចប្រជុំ​សន្តិសុខ​នុយក្លេអ៊ែរ​។ ប្រមុខរដ្ឋ​តួ​ក​គី ទើបតែ​ជួប​ជាមួយ​សម​ភាគី​អាមេរិក​កាលពី​វិច្ឆិកា​ឆ្នាំ​មុននេះ ក្នុងពេល​តួ​ក​គី​រៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រទេស ២០ ។ 

​តែ​យ៉ាងណាក៏ដោយ ទំនាក់ទំនង​ទ្វេភាគី​រវាង​តួ​ក​គី​ជាមួយ​អាមេរិក​ល្អក់​ករក​ខ្លាំង​ព្រោះ​បញ្ហា​ជម្លោះ​នៅ​ស៊ី​រី និង​ដោយសារ​នយោបាយ​ក្នុងស្រុក​របស់​ប្រទេស​នេះ​តែម្តង​។ ហើយ​ជំនួប​ទ្វេភាគី​នេះ​នឹង​ក្លាយជា​ពេលវេលា​សំខាន់​សម្រាប់​មេដឹកនាំ​ទាំងពីរ​ជជែក​ពិភាក្សាគ្នា​ពី​បញ្ហា​ចំណង​ការទូត កិច្ចសហប្រតិបត្តិការ និង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​សន្តិសុខ​តំបន់​ជាដើម​។

​អ្នកនាំពាក្យ​សេត​វិមាន Josh Earnest  បាន​បញ្ជាក់ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រមុខរដ្ឋ​តួ​ក​គី​មែន តែ​វា​ជាការ​ជជែក​ពិភាក្សា​មិន​ផ្លូវការ​ឡើយ​។ លោក​បាន​បន្តថា បើសិនជា​មិនមាន​ជំនួប​មិន​ផ្លូវការ​ជាមួយ​មេដឹកនាំ​តួ​ក​គី​ទេ សកម្មភាព​នេះ​នឹង​ត្រូវគេ​យកទៅ​បកស្រាយ​ថា អាមេរិក​កំពុង​ព្រងើយកន្តើយ​ដាក់​មេដឹកនាំ​តួ​ក​គី​។​

​តាមពិតទៅ​បញ្ហា​ចម្រូងចម្រាស​វា​កើតឡើង​ដូច្នេះ​ទេ​។ តួ​ក​គី​ជា​សមាជិក​ណា​តូ​មួយ​ដែល​ចូល​រួមជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ក្រុម​ដែ​ស្ហ​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។ ប៉ុន្តែ​តួ​ក​គី មិន​ពេញចិត្ត​ដែល​អាមេរិក​គាំទ្រ​ក្រុម​ឧទ្ទាម ឃឺ​ត ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដើម្បី​ប្រឆាំង​ក្រុម​ដែ​ស្ហ​កន្លងមក​នោះ​ ​ឆា​ឡើយ ។ នេះ​ក៏ដោយ​សារ​តួ​ក​គី​យល់ថា វា​នឹង​ក្លាយជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់ខ្លួន​៕