កម្ពុជា​សាទរ​ប្រមុខ​បក្ស​ប្រឆាំង​មីយ៉ាន់ម៉ា​ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដែល​ជិត​ផុត​អាណត្តិ លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា សម្ដែង​ការ​អបអរសាទរ​ចំពោះ​ប្រមុខ​បក្ស​ប្រឆាំង​នៃ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ក្រោយ​ពេល​អ្នកស្រី​ត្រូវ​បាន​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។

លោក ហោ ណាំហុង ថ្លែង​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​អ្នកស្រី អ៊ុង សាន ស៊ូជី ដោយ​បង្ហាញ​នូវ​ក្ដី​រំពឹង​ថា ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​នៅ​បន្ត ព្រមទាំង​រីក​ចម្រើន​ទៅ​មុខ ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដល់​ប្រជាជន​នៃ​ប្រទេស​រៀង​ខ្លួន ក្នុង​បរិបទ​នៃ​ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

គណបក្ស​ជាតិ​សម្ព័ន្ធ​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី អ៊ុង សាន ស៊ូជី ទទួល​បាន​ជ័យជំនះ​ភ្ល្លូកទឹកភ្លូកដី​ក្នុង​ការ​បោះឆ្នោត​ជាតិ​បែប​ប្រជាធិបតេយ្យ​លើក​ដំបូង បន្ទាប់​ពី​ប្រទេស​មីយ៉ាន់ម៉ា ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​ក្រុម​យោធា​រយៈពេល​ជាង ៥០​ឆ្នាំ។

ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ដែល​ក្នុង​នោះ​មនុស្ស​ជំនិត​របស់​អ្នកស្រី អ៊ុង សាន ស៊ូជី គឺ​លោក ធិន ច (Htin Kyaw) ត្រូវ​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​បន្ត​ពី​អតីត​ប្រធានាធិបតី លោក ថេន សេន (Thein Sein) ដែល​បាន​កាន់​តំណែង​នេះ​តាំង​ពី​ឆ្នាំ​២០១១ មក។

ចំណែក​អ្នកស្រី អ៊ុង សាន ស៊ូជី ក្រៅ​ពី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស អ្នកស្រី​ក៏​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ក្រសួង​អគ្គិសនី និង​ថាមពល ក្នុង​ពេល​តែ​មួយ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។