បក្ស​ប្រឆាំង​កំពុង​ពិចារណា​ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​ក្រុម​យុវជន ស្រី ចំរើន

គណបក្ស​ប្រឆាំង​កំពុង​ពិនិត្យ​សម្រេច​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ ប្រឆាំង​យុវជន​មួយ​ក្រុម​ដឹកនាំ​ដោយ​យុវជន ស្រី ចំរើន។ ប្រតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ បន្ទាប់​ពី​ក្រុម​យុវជន​បាន​ប្រើប្រាស់​អាវ មួក និង​ទង់ តវ៉ា​ប្រឆាំង​លោក លោក កឹម សុខា ដែល​មាន​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ពុំ​មាន​ការ​អនុញ្ញាត។ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​ប្រើប្រាស់​តុលាការ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ ផ្ទុយ​ទៅ​វិញ​នេះ ជា​ការ​ដើរ​ចូល​អន្ទាក់​របស់​គេ​ប៉ុណ្ណោះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​ព្រមាន​ថា ក្នុង​ពេល​ដ៏​ខ្លី​ទៀត​នេះ បណ្ដឹង​ប្រឆាំង​យុវជន​មួយ​ក្រុម​នឹង​ត្រូវ​រុញ​ដល់​ដៃ​តុលាការ​ហើយ ជា​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា នេះ​ជា​ការ​រំលោភ​ទៅ​លើ​កម្មសិទ្ធិបញ្ញា និង​ក្រមព្រហ្មទណ្ឌ។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ដឹង​រួច​ជា​ស្រេច​ហើយ​ថា សំណុំរឿង​មួយ​នេះ​ពុំ​មាន​លទ្ធភាព​ឈ្នះ​ក្ដី ឬ​កម្រ​នឹង​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ក្ដី ក៏​នេះ​ជា​ការ​ប្រើប្រាស់​មធ្យោបាយ​ផ្លូវ​ច្បាប់​ប្រឆាំង​ការ​បំពាន​ទាំង​កម្រោល​ដែរ។ ម្យ៉ាង​វិញ​ទៀត ការ​យក​អាវ មួក និង​ទង់​ជា​សញ្ញា​សម្គាល់​របស់​គណបក្ស​នេះ​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់ ជាពិសេស​រំលោភ​ទៅ​លើ​កម្មសិទ្ធិ​បញ្ញា​ថែម​ទៀត​ផង។

ជុំវិញ​រឿង​នេះ លោក យឹម សុវណ្ណ អះអាង​ថា មិន​ទាន់​បាន​កំណត់​ពេល​វេលា​ក្នុង​ការ​ដាក់​បណ្ដឹង​នៅ​ឡើយ​ទេ ពោល​ត្រូវ​រង់ចាំ​ការ​ពិគ្រោះ​យោបល់​ជា​មុន​សិន មុន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ។ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា នឹង​មិន​ទុក​យូរ​ឡើយ៖ «ពួក​ខ្ញុំ​កំពុង​ប្រជុំ​គ្នា»

មូលហេតុ​ដែល​ជំរុញ​ឲ្យ​បក្ស​ប្រឆាំង​ពិចារណា​ដាក់​បណ្ដឹង​តាម​ផ្លូវ​តុលាការ​នេះ ក្រោយ​ពី​ យុវជន​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក ស្រី ចំរើន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា បាន​យក​អាវ ទង់ និង​មួក ដែល​មាន​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​តម្រូវ​ឲ្យ​អ្នក​ចូលរួម​ដង្ហែក្បួន​ពាក់​អាវ មួក និង​កាន់​ទង់​ក្នុង​យុទ្ធនាការ​តវ៉ា​ប្រឆាំង​លោក កឹម សុខា។

លោក យឹម សុវណ្ណ បញ្ជាក់​ថា ការ​ប្រើប្រាស់​ស្លាក​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ជា​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ ជាពិសេស​ពុំ​បាន​ការ​អនុញ្ញាត​ពី​គណបក្ស​ថែម​ទៀត​ផង។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត យុវជន ស្រី ចំរើន និយាយ​ថា ខ្លួន​ក៏​​មាន​សិទ្ធិ​ប្រើប្រាស់ អាវ មួក និង ទង់​នេះ​ដែរ។ មិន​តែ​ប៉ុណ្ណោះ ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ប្រើប្រាស់​ទាំង​នេះ មិន​ស្ថិត​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​ទេ ព្រោះ​នេះ​ជា​សិទ្ធិ​សេរី​របស់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ។

ភ្លាមៗ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បាន​ផ្ទុះ​ឡើង ដែល​ក្រុម​យុវជន​ស្នើ​ឲ្យ​លោក កឹម សុខា បក្ស​ស្រាយ​ខ្សែអាត់​សំឡេង​អំពី​ទំនាក់ទំនង​ស្នេហា ដែល​គេ​គិត​ថា អាច​ជា​សំឡេង​លោក កឹម សុខា និង​នារី​វ័យក្មេង​ម្នាក់​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ការ​ប្រើប្រាស់ មួក ទង់ និង អាវ ដោយ​ពុំ​មាន​ការ​អនុញ្ញាត។ រឹត​តែ​ជា​បញ្ហា​ថែម​ទៀត​នោះ គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា នេះ​គឺ​ជា​អំពើ​ក្លែង​បន្លំ​ដោយ​ចេតនា​ក្នុង​បំណង​បង្កាច់បង្ខូច​កិត្តិយស​គណបក្ស។ លើស​ពី​នេះ​ទៀត គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា នេះ​ជា​ការ​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា និង​ក្រមព្រហ្មទណ្ឌ ហើយ​អំពាវនាវ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ដក​ហូត​ជា​បន្ទាន់ នូវ​អាវ ទង់ និង​មួក​ដែល​មាន​សញ្ញា​សំគាល់​បក្ស​សង្គ្រោះ​ជាតិ ពី​ក្រុម​លោក ស្រី ចំរើន។

ទាក់ទង​សំណុំរឿង​នេះ លោក ឈាង វុន តំណាងរាស្ត្រ​មក​ពី​បក្ស​កាន់​អំណាច ដែល​បាន​ទទួល​ញត្តិ​ពី​ក្រុម​យុវជន ស្រី ចំរើន អះអាង​ថា ដោយសារ​ការ​សម្រេច​ដក​អភ័យឯកសិទ្ធិ​សភាពី​លោក កឹម សុខា គឺ​ត្រូវ​ទាមទារ​សំឡេង ២ ភាគ ៣ ដែល​ជា​ដំណាក់​កាល​មួយ​ដ៏​តឹងតែង។ ហេតុ​នេះ​សមាជិក​សភា​ មាន​មធ្យោបាយ​មួយ​ទៀត គឺ​ត្រូវ​​បង្កើត​គណៈកម្មការ​អង្កេត​ដែល​មាន​​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា បន្ទាប់​មក​ទៀត​លោក​អះអាង​ថា នឹង​រុញ​សំណុំរឿង​នេះ​ឲ្យ​ដល់​គោលដៅ​តែម្តង។

លោក ឈាង វុន បញ្ជាក់​ទៀត​​ថា ក្នុង​នាម​អ្នក​តំណាងរាស្ត្រ តាម​ពិត​លោក កឹម សុខា ត្រូវ​លាលែង​ពី​សមាជិក​សភា ព្រោះ​នេះ​ជា​ការ​រំលោភ​ច្បាប់​ឯកពន្ធនភាព និង​មើលងាយ​ដល់​តម្លៃ​ស្ត្រី​ខ្មែរ​ដទៃ​ទៀត។ បន្ថែម​ពី​លើ​នេះ លោក​សន្យា​ថា សមាជិក​សភា​នឹង​ចាត់​វិធានការ​លើ​សំណុំរឿង​មួយ​នេះ៖ «ជា​ការ​ពិត​យើង​មិន​អាច​លើក​អភ័យ​ឯកសិទ្ធិ​របស់​គាត់​បាន​ទេ ព្រោះ​ទាល់​តែ ២ ភាគ ៣។ ក៏ប៉ុន្តែ​បង្ហាញ​ពី​សីលធម៌​របស់​អ្នក​តំណាងរាស្ត្រ បើ​សិន​រឿង​នេះ​ពិត​ប្រាកដ​គាត់​ត្រូវ​លាលែង​ពី​អ្នក​តំណាងរាស្ត្រ»

ជុំវិញ​រឿង​នេះ អ្នក​វិភាគ​យល់​ឃើញ​ថា ប្រសិន​បើ​ដូច​នេះ​មែន ករណី​នេះ នឹង​បើក​ផ្លូវ​ឲ្យ​តុលាការ​ធ្វើ​ការ​ដោយ​ស្រួល បន្ទាប់​ពី​សភា​ដក​អភ័យ​ឯកសិទ្ធិ​លោក កឹម សុខា រួច។ ក្រៅ​ពី​នេះ​ការ​តតាំង​តាម​ផ្លូវ​តុលាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ធ្វើ​ឲ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ទទួល​បាន​ផល​ចំណេញ​អ្វី​ឡើយ។

ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ឃើញ​ថា ជា​ជម្រើស​គណបក្ស​ប្រឆាំង​មិន​ត្រូវ​ប្ដឹងផ្ដល់​ចំពោះ​ការ​ប្រើប្រាស់​សញ្ញា​គណបក្ស​ដូច​ជា​អាវ មួក ឬ ទង់ នោះ​ទេ។ ជាង​នេះ​ទៀត ប្រសិន​បើ​គណបក្ស​ប្រឆាំង​សម្រេច​ដូច​នេះ​មែន វា​ជា​ការ​ដើរ​ចូល​គន្លង ដែល​ភាគី​ម្ខាង​ទៀត​ញុះ​ឲ្យ​ដើរ​ប៉ុណ្ណោះ។

លោក​បន្ត​ថា៖ «មិន​គួរ​ឆ្លើយ​តប។ វា​អត់​មាន​រឿង​ដែល​ត្រូវ​ឆ្លើយ​តប​រហូត​ដល់​ថ្នាក់​ប្ដឹង​ទៅ​ដល់​តុលាការ​ទេ។ តាម​ពិត​គណបក្ស​ប្រឆាំង​អត់​មាន​វិន័យ​ឆ្លើយ​តប​តាម​ផ្លូវ​តុលាការ។ ខ្ញុំ​មើល​ទៅ​ចូល​ស៊ង​ទៅ​វិញ​ទេ ហើយ​ខុស​ពី​យុទ្ធសាស្ត្រ​ទៅ​វិញ។ ខ្ញុំ​មើល​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ខាត​ទៅ​វិញ​ទេ»

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា យល់​ឃើញ​ថា នេះ​ជា​រឿង​នយោបាយ ហើយ​ការ​បង្កើត​ឆាក​ឈុត​នេះ​ឡើង ធ្វើ​យ៉ាង​ណា​រុញច្រាន​​ឲ្យ​បក្ស​ប្រឆាំង​ដើរ​ដល់​ផ្លូវ​ទាល់ច្រក ជាពិសេស​បាត់បង់​ប្រជាប្រិយភាព និង​អស់​ការ​គាំទ្រ​នៅ​មុន​ការ​បោះឆ្នោត​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។