អង្គការ​សង្គ្រោះ​កុមារ​ព្រួយ​បារម្ភ​ពី​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​កម្ពុជា

ការ​ស្រាវជ្រាវ​សុខភាព​ថ្នាក់​ជាតិ​បង្ហាញ​ថា កុមារ​កម្ពុជា ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​ប្រមាណ ៣២% បាន​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ បណ្ដាល​ឲ្យ​ពួក​គេ​កើត​ជំងឺ​ក្រិន មិន​លូតលាស់​រាង​កាយ​បាន​ល្អ​ទេ។

ក្នុង​ចំណោម​កុមារ​ខ្មែរ​ដែល​ខ្វះ​អាហារូបត្ថម្ភ​នោះ គឺ​កុមារ​ដែល​រស់នៅ​តាម​ទី​ជនបទ​មាន​ចំនួន​ប្រមាណ ៣៤% គឺ​ខ្ពស់​ជាង​កុមារ​ដែល​រស់នៅ​ទីក្រុង ១០%។ បញ្ហា​ក្រិះ​ក្រិន​ដែល​កំពុង​តែ​ប្រឈម​មុខ​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ដែល​ធ្វើ​ការងារ​ជួយ​សង្គ្រោះ​កុមារ ត្រូវ​ការ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ចូលរួម​សហការ​ក្នុង​យុទ្ធនាការ​លុប​បំបាត់។

គម្រោង​នូរីស (Nourish) នៃ​អង្គការ​សង្គ្រោះ​កុមារ (Save the Children) បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​បង្ការ​ភាព​ក្រិះ​ក្រិន​ទៅ​លើ​កុមារ​កម្ពុជា នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា។

យុទ្ធនាការ​ក្រោម​ប្រធានបទ​លូតលាស់​ទាំងអស់​គ្នា​នោះ បាន​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ព្រម​ទាំង​ឪពុក​ម្ដាយ និង​មន្ត្រី​របស់​រដ្ឋាភិបាល​ជាច្រើន​ផ្នែក​ទៀត​ដែល​ពាក់ព័ន្ធ បាន​យល់​ដឹង ហើយ​រួម​គ្នា​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រិះ​ក្រិន​ទៅ​លើ​កុមារ។

ប្រធាន​គម្រោង​នូរីស នៃ​អង្គការ​សង្គ្រោះ​កុមារ ដែល​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក គឺ​អ្នកស្រី អ៊ីណា សាសស៊ី (Inna Sacci)។ អ្នកស្រី​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៃ​យុទ្ធនាការ​បង្ការ​ភាព​ក្រិះ​ក្រិន​នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា ថា បើ​ទោះ​បី​ជា​បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​សេវា​ថែទាំ​សុខភាព​កាន់​តែ​ប្រសើរ​ឡើង​ក៏ដោយ ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម​មុខ​នឹង​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ ហើយ​កើត​ជំងឺ​ក្រិះ​ក្រិន។ កុមារ​កម្ពុជា ម្នាក់​ក្នុង​ចំណោម ៣​នាក់​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ គឺ​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ ឬ​ក៏​ក្រិន។ អ្នកស្រី អ៊ីណា សាសស៊ី ឲ្យ​ដឹង​ទៀត​ថា ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​មួយ​ដែល​មាន​អត្រា​កុមារ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​អាហារូបត្ថម្ភ ៣៦%។ តួលេខ​នេះ គឺ​ខ្ពស់​ជាង​បណ្ដា​ខេត្ត​ចំនួន​ពីរ​ទៀត ដែល​កុមារ​ជាច្រើន​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​អាហារូបត្ថម្ភ​ដែរ គឺ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង៖ «ការ​ខ្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ​នេះ វា​បណ្ដាល​មក​ពី​បញ្ហា​ជាច្រើន​ប្រភេទ ដូចជា​នៅ​ពេល​ម្ដាយ​មាន​ផ្ទៃ​ពោះ មិន​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន និង​វីតាមីន​ឲ្យ​បាន​គ្រប់គ្រាន់។ បញ្ហា​មួយ​ទៀត​អាច​កើត​មាន​ទៅ​លើ​កុមារ​អាយុ​ក្រោម ២​ឆ្នាំ នៅ​ពេល​ណា​ដែល​គេ​មាន​អាការៈ​រាក​ខ្លាំង រួម​ទាំង​ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត​ជា​ប្រចាំ​ថ្ងៃ ជាដើម»

ការ​ស្រាវជ្រាវ​សុខភាព​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ បង្ហាញ​ថា កុមារ​កម្ពុជា អាយុ​ក្រោម ៥​ឆ្នាំ​ចំនួន ៣២% មាន​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ ឬ​ក៏​ក្រិះ​ក្រិន។ អត្រា​ក្រិះ​ក្រិន​នៃ​កុមារ​ដែល​រស់នៅ​ទី​ជនបទ​ដាច់​ស្រយាល គឺ ៣៤%។ តួលេខ​នេះ គឺ​ខ្ពស់​ជាង​ចំនួន​កុមារ​ដែល​រស់នៅ​ទីក្រុង​រហូត​ដល់ ១០%

អភិបាល​រង​ខេត្ត​សៀមរាប ដែល​ចូលរួម​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៃ​យុទ្ធនាការ​បង្ការ​ភាព​ក្រិះ​ក្រិន លោក សង់ រីហា មាន​ប្រសាសន៍​ថា អន្តរាគមន៍​របស់​គម្រោង​នូរីស ដែល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មាតា និង​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ គឺ​ជា​ការ​ឆ្លើយ​តប​យ៉ាង​សំខាន់​ទៅ​លើ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក់​ឲ្យ​ក្រសួង​សុខាភិបាល ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោះស្រាយ​ឧបសគ្គ​នៃ​កង្វះ​អាហារូបត្ថម្ភ​នេះ​ដែរ៖ «ដើម្បី​ដោះស្រាយ​ការ​កង្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ ឬ​ក្រិះ​ក្រិន ចាំបាច់​ត្រូវ​មាន​ការ​រួម​ចំណែក​ពី​វិស័យ​ពាក់ព័ន្ធ​នានា»

ជំងឺ​ក្រិះ​ក្រិន មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កុមារ​មិន​លូតលាស់​ផ្នែក​រាង​កាយ និង​គ្មាន​កម្លាំង​រឹងប៉ឹង​ប៉ុណ្ណោះ​ទេ វា​ក៏​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​កុមារ​មិន​លូតលាស់ ព្រម​ទាំង​បញ្ញា និង​ស្មារតី​មិន​គ្រប់គ្រាន់​ដែរ។

អង្គការ​សង្គ្រោះ​កុមារ ឲ្យ​ដឹង​ថា ក្រៅ​តែ​ពី​គេ​ធ្វើ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​យុទ្ធនាការ​បង្ការ​ភាព​ក្រិះ​ក្រិន​ក្នុង​ខេត្ត​សៀមរាប គឺ​គេ​មាន​គម្រោង​នឹង​ធ្វើ​យុទ្ធនាការ​ដូច​គ្នា​នេះ​នៅ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា នៅ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។