ក្រុម U16 កម្ពុជា លត់ម្ចាស់ផ្ទះជប៉ុន ២-០ នៃពាន J.League U16 Challenge

ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជន អាយុក្រោម ១៦ឆ្នាំ(U-16)កម្ពុជា បានទទួលបាន ៣ពិន្ទុហើយ ក្រោយបំបាក់ក្រុមយុវជន នៃក្លិប Kagoshima United របស់ជប៉ុន ដោយលទ្ធផល ២-០ នៃជំនួបពានរង្វាន់ J.League U16 Challenge 2016 ។ នេះបើតាមការឲ្យដឹង ពីមន្ដ្រីសហព័ន្ធកីឡា បាល់ទាត់ កម្ពុជា មុននេះបន្ដិច ។

ប្រភពព័ត៌មានពីសហព័ន្ធកីឡា បាល់ទាត់ កម្ពុជា បានឲ្យដឹងថា នេះជាការប្រកួតទី១ ប៉ុន្ដែនៅថ្ងៃទី៣១ ខែមីនាស្អែកនេះ ក្រុម U-16កម្ពុជា នឹង ធ្វើការធ្ងន់ជាងនេះ ដោយត្រូវជួបប្រកួត ២ប្រកួតក្នុងមួយថ្ងៃ ក្នុងនោះត្រូវជួបក្រុមយុវជននៃក្លិប Kamatamare Sanuki FC  របស់ម្ចាស់ផ្ទះជប៉ុន នាវេលាម៉ោង ៩ព្រឹក បន្ទាប់មកទើបជួបក្រុម PVF របស់វៀតណាម នៅម៉ោង ២:៣០នាទីរសៀលទៀត ។

ពានរង្វាន់ J.League U16 Challenge 2016 នេះមានក្រុមយុវជន តាមបណ្ដាលក្លិបជប៉ុន ជាច្រើនចូលរួម ប៉ុន្ដែក្នុងនោះក៏ មានក្រុមយុវជន នៃប្រទេស ក្នុងតំបន់អាស៊ី ចូលរួមផងដែរ រួមមានក្រុម  Pohang Steelers របស់កូរ៉េខាងត្បូង ក្រុម Chonburi FC របស់ថៃ ក្រុម PVF របស់វៀតណាម និងក្រុមFrenz United របស់ម៉ាឡេស៊ី ជាដើម ៕

ក្រុម U16 កម្ពុជា លត់ម្ចាស់ផ្ទះជប៉ុន ២-០ នៃពាន J.League U16 Challenge