អ្នក​ប្លន់​យន្តហោះ​ EgyptAir ត្រូវ​បាន​ចាប់​ខ្លួន​

បុរស​អេហ្ស៊ីប​ម្នាក់​ដែល​បាន​ប្លន់​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ហើយ​ដែល​បាន​បង្ខំ​ឱ្យ​យន្តហោះ​នេះ​ឱ្យ​ចុះ​ចត​ក្នុង​ប្រទេស​ស៊ីប​ (Cyprus) ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ ​នៅ​ក្រោយ​មាន​ភាព​មិន​ឈ្នះ​មិន​ចាញ់​យ៉ាង​តឹង​តែង​៦ម៉ោង​មក។​

អ្នក​ដំណើរ​ទាំង​៥៥​នាក់​នៅ​ក្នុង​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ Egypt Air អាច​គេច​ខ្លួន​រួច​ដោយ​គ្មាន​ត្រូវ​របួស​អ្វី​ទេ​ នៅ​មុន​ពេល​បុរស​នេះ​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​នៅ​ឯ​ចំណត​យន្តហោះ​ Larnaca នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ស៊ីប។​

លោក Nikos Christodoulides អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ស៊ីប​បាន​និយាយ​តាម​ Twitter ថា​ «អ្នកប្លន់​យន្តហោះ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​…អ្នកដំណើរ​និង​បុគ្គលិក​លើ​យន្តហោះ​ទាំងអស់​មាន​សុវត្ថិភាព»។

អ្នក​ប្លន់​យន្តហោះ​ EgyptAir ត្រូវ​បាន​ចាប់​ខ្លួន​

បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេជឿ​ជាក់​ថា​បាន​ប្លន់​យន្តហោះ​ EgyptAir Airbus A-320 បាន​ប្រគល់​ខ្លួន​ឲ្យ​កង​កម្លាំង​សន្តិសុខ​ បន្ទាប់​ពី​​មាន​ភាព​មិន​ឈ្នះ​មិន​ចាញ់​យ៉ាង​តឹង​តែង​៦ម៉ោង​មក នៅ​ឯ​ព្រលាន​យន្តហោះ Larnaca នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា​ ឆ្នាំ​២០១៦។​

ក្រុម​មន្ត្រី​អេហ្ស៊ីប​ និង​ស៊ីប​ បាន​និយាយ​ថា​ ឧប្បត្តិហេតុ​នេះ​គ្មាន​ទាក់ទិន​នឹង​ភេរវកម្ម​ទេ។​ ក្រុម​មន្ត្រី​ទាំង​នេះ​បាន​ពណ៌នា​បុរស​នេះ​ដែល​ឈ្មោះ​ថា​ Seif el-Din Mustafa ថា​ជា​មនុស្ស​មាន​អស្ថិរភាព​ខាង​ផ្លូវ​ចិត្ត។​ ហេតុ​ដែល​នាំ​ឱ្យ​គាត់​ប្លន់​យន្តហោះ​នេះ​មិន​ច្បាស់លាស់​ទេ។

របាយការណ៍​ខ្លះ​និយាយ​ថា​ ចោរ​ប្លន់​យន្តហោះ​នេះ​បាន​ទាមទារ​ជួប​នឹង​អតីត​ប្រពន្ធ​គាត់​ដែល​រស់​នៅ​ក្នុង​ប្រទេស​ស៊ីប​។ សេចក្តី​រាយការណ៍​ខ្លះ​ទៀត​និយាយ​ថា​ គាត់​បាន​សុំ​ជួប​ជាមួយ​ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប។​ របាយការណ៍​ខ្លះ​ទៀត​ថ្លែង​ថា​ គាត់​ត្អូញត្អែរ​អំពី​អ្នក​ទោស​នយោបាយ​ស្រីៗ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។​

កាល​ពី​ថ្ងៃ​អង្គារ​ពេល​មុន​នេះ លោក​ប្រធានាធិបតី​ស៊ីប Nicos Anastasiades បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ បុរស​នេះ​មាន​បញ្ហា​ផ្ទាល់​ខ្លួន។​

លោក​បាន​ថ្លែង​ថា​ «តែងតែ​មាន​រឿង​ជាមួយ​ស្ត្រី​ម្នាក់​ជានិច្ច​»។

ជា​ដំបូង​ឡើយ​ក្រុម​មន្ត្រី​អេហ្ស៊ីប​បាន​រាយការណ៍​ថា​ អ្នក​ប្លន់​យន្តហោះ​នោះ​បាន​គំរាម​កំហែង​បំផ្ទុះ​អាវ​កាក់​ដាក់​គ្រឿង​ផ្ទុះ​សម្រាប់​ធ្វើ​អត្តឃាត​មួយ​នៅ​ក្នុង​យន្តហោះ​នោះ​ ដែល​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ Alexandria ទៅ​កាន់​ក្រុង​គែរ​។នៅ​ពេល​បន្ទាប់​មក​ក្រុម​មន្ត្រី​ទាំង​នេះ​និយាយ​ថា​ អាវ​កាក់​គ្រឿង​ផ្ទុះ​នោះ​ជា​អាវ​ក្លែងក្លាយ៕

ប្រភពៈ VOA