សមត្ថកិច្ច​ចាប់​ឡាន​ធំ​ដឹក​សត្វ​ព្រៃ​ ១២០ ក្បាល​ទៅ​លក់​នៅ​វៀតណាម

កណ្តាលៈ ​សត្វ​ព្រៃ​ខុស​ច្បាប់​ចំនួន​ ១២០ ​ក្បាល​ទម្ងន់ ៥៧០ គីឡូក្រាម​ត្រូវ​បាន​បង្ក្រាប​នៅ​ចំណុច​ភូមិ​ព្រែកត្រែង ក្នុង​ឃុំ​សំរោងធំ ស្រុក​កៀនស្វាយ​កាលពី​វេលា​ម៉ោង ៤ ​និង ​៣០ នាទី​រសៀល​ថ្ងៃ​ចន្ទ​នៅ​ពេល​ដែល​គេ​ដឹក​តាម​ឡាន​ទ្រុង​ដឹក​ទំនិញ​ធុន​ធំ​បម្រុង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ​រួម​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ស្ទាក់​រថយន្ត​សណ្តោង​ធុន​ធ្ងន់ (១៨ កង់) មួយ​គ្រឿង​កាលពី​ថ្ងៃ​ចន្ទ​ហើយ​បាន​រកឃើញ​សត្វ​អណ្តើក និង​ពស់ថ្លាន់​នៅក្នុង​បាវ​ជាច្រើន​។

លោក​ អ៊ី សុភី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ​ដែល​ដឹកនាំ​ការ​បង្ក្រាប​នេះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​សត្វ​អណ្តើក​នោះ​ជា​ប្រភេទ​អណ្តើក​សកល​ដែល​មាន​ចំនួន​ ១០៣ ​ក្បាល​ (១ ក្បាល​ងាប់) ទម្ងន់ ៤៤៣ គីឡូក្រាម។ រីឯ​ពស់​ថ្លាន់​វិញ​មាន ១៧ ក្បាល​នៅ​រស់​ទាំងអស់​ទម្ងន់​​ ១២៧ ​គីឡូក្រាម។ លោក​ សុភី ​​បញ្ជាក់​ថា៖ «​ភ្នាក់ងារ​បាន​ផ្តល់​ដំណឹង​ឲ្យ​ខ្ញុំ​ប្រាប់​ថា​រថយន្ត​នេះ​ដឹក​ចេញ​ពី​ខេត្ត​បាត់ដំបង​មក។ គេ​បង្កប់​សត្វ​ហ្នឹង​នៅ​ក្រោម​ពោត​ក្រហម​ហើយ​យើង​ចាំ​ស្ទាក់​ចាប់​តែ​ម្តង»​។

សមត្ថកិច្ច​ចាប់​ឡាន​ធំ​ដឹក​សត្វ​ព្រៃ​ ១២០ ក្បាល​ទៅ​លក់​នៅ​វៀតណាម

សមត្ថកិច្ច​កំពុង​ពិនិត្យ​មើល​សត្វ​អណ្តើក​នៅ​លើ​ឡាន​កាលពី​ថ្ងៃ​អង្គារ​​។ រូបថត រដ្ឋបាល​ព្រៃឈើ

លោក​បន្ត​ថា​នៅ​លើ​រថយន្ត​នោះ​មាន​តែ​អ្នក​បើកបរ​ម្នាក់​ប៉ុណ្ណោះ​ហើយ​គេ​បាន​គេច​ខ្លួន​បាត់​នៅពេល​ដែល​កម្លាំង​ជាប់​រវល់​ឡើង​ទៅ​ធ្វើការ​ត្រួតពិនិត្យ​រក​សត្វ​នៅ​ក្នុង​រថយន្ត​នោះ។ រថយន្ត និង​សត្វ​ត្រូវ​បាន​​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ​កាលពី​ព្រឹក​ម្សិលមិញ​ហើយ​សត្វ​ត្រូវ​បាន​ប្រគល់​ឲ្យ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​ដើម្បី​យក​ទៅ​លែង​​ក្នុង​ជម្រក​ធម្មជាតិ​វិញ។

លោក​ អ៊ី សុភី ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​រដ្ឋបាល​ព្រៃឈើ​នឹង​ធ្វើការ​ប្រកាស​រយៈពេល​ ១ ខែ​ឲ្យ​ម្ចាស់​សត្វ​ព្រៃ​ចូល​ខ្លួន​ទៅ​ធ្វើការ​ផាក​ពិន័យ​តាម​ច្បាប់​ហើយ​បើ​ផុត​រយៈពេល​នេះ​គ្មាន​អ្នក​ចូល​ខ្លួន​ទទួល​ខុស​ត្រូវ​​នោះ​ទេ​លោក​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ។

អណ្តើក​ដែល​បង្រ្កាប​បាន​នេះ​ត្រូវ​បាន​មន្រ្តី​ជំនាញ​អះអាង​ថា​ស្ថិត​ក្នុង​ប្រភេទ​​សត្វ​មាន​ដោយ​បង្គួរ​។

លោក ស៊ុន យឿង ប្រធាន​គម្រោង​អភិរក្ស​អណ្តើក-កន្ធាយ​ទន្លេ​មេគង្គ​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ​កម្ពុជា​ (CI) ​បាន​ថ្លែង​ថា៖ «អណ្តើក​ប្រភេទ​នេះ​ភាគច្រើន​នាំ​ចេញ​ទៅ​លក់​ប្រទេស​ចិន​តាម​ប្រទេស​វៀតណាម​។ វា​មាន​តម្លៃ​ថ្លៃ​ដែល​មាន​តម្រូវការ​ធ្វើ​ថ្នាំ​សង្កូវ និង​ម្ហូប​អាហារ។ គេ​មាន​ជំនឿ​ថា​ហូប​ទៅ​វា​ប៉ូវ​ជាដើម»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍