រវាង​ប្រពៃណី​និង​សកល​ភាវូបនីយកម្ម​វប្បធម៌​គួរ​មាន​ការ​កំណត់​រក​ភាព​ច្បាស់លាស់​មួយ

សកម្មភាព​បង្ហាញ​រូបភាព​ស៊ិចស៊ី​ជា​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​នៅ​តែ​មាន​បន្ត ប្រសិន​បើ​មិន​មាន​ការ​អើពើ ឬ​ទប់​ស្កាត់​ឲ្យ​បាន​ម៉ត់​ចត់​ពី​ស្ថាប័ន​ពាក់​ព័ន្ធ។ សម្រាប់​អ្នក​ចង់​ល្បី​នា​សម័យ​ទំនើប​នេះ គ្មាន​ទេ​ប្រពៃណី វប្បធម៌​ខ្មែរ​នៅ​ក្នុង​ការ​គិត។ សេរីភាព​បុគ្គល ជា​ហេតុផល​មួយ​ដែល​ជម្រុញ​ឲ្យ​មាន​ការ​វិវត្ត​ក្នុង​ការ​ស្លៀកពាក់​ស្ទើរ​អាក្រាត​ដើម្បី​ការ​ទាក់​ទាញ​ និង​ល្បីល្បាញ។ ចំណាត់​ការ​របស់​ក្រសួង​វប្បធម៌​ជា​ម៉ែត្រ​វាស់​លើ​សេរីភាព​ និង​ការ​អភិរក្ស​លើ​បញ្ហា​នេះ។

បើ​ទោះ​ណា​ជា​នៅ​លើ​ជញ្ជាំង​ប្រាសាទ​នានា​របស់​ខ្មែរ បាន​បង្ហាញ​ពី​រូបភាព​ចំលាក់​ស្ត្រី​ខ្មែរ​ជំនាន់​បុរាណ ព្រលែង​ល្វែង​លើ​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ប្រពៃណី​ និង​វប្បធម៌​របស់​ខ្មែរ​ជា​ច្រើន​តំណរ តរៀង​មក មិន​បាន​លើក​ទឹកចិត្ត​ និង​បើក​ទូលាយ​ជាក់​ស្តែង​ឲ្យ​ស្ត្រី​ខ្មែរ​បង្ហាញ​នូវ​ភាព​សិចស៊ី​ម្តង​ណា​ឡើយ សម្រាប់​សម័យ​កាល​ក្រោយ​ៗ។

រវាង​ប្រពៃណី​និង​សកល​ភាវូបនីយកម្ម​វប្បធម៌​គួរ​មាន​ការ​កំណត់​រក​ភាព​ច្បាស់លាស់​មួយ

មក​ដល់​យុគ្គសម័យ​ទំនើប​នេះ​ទៀត​សោធន៍ ប្រពៃណី​និង​សីលធម៌ ដែល​ខ្មែរ​មាន​និន្នាការ​អភិរក្ស ជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​នោះ ក៏​នៅ​តែ​មាន​ការ​ប្រកាន់​ខ្ជាប់​ និង​ថែរក្សា​រហូត​មក។ ទោះ​យ៉ាង​នេះ​ក្តី​ឥទ្ធិពល​នៃ​ការ​វិវត្ត​របស់​សង្គម ប្រពៃណី​ខ្មែរ​ប្រៀប​បាន​កង្កែប​ដែល​ហ៊ុំព័ទ្ធ​ដោយ​អណ្តូង​ដ៏​ជ្រៅ​មួយ​នោះ ក៏​ចាប់​ផ្តើម​ក្លាយ​បន្តិច​ម្តង​ៗ​តាម​រយៈ​អ្នក​សិល្បៈ​មួយ​ចំនួន។

ការ​បង្ហាញ​រូប​ភាព​ស៊ិចស៊ី​ជា​ច្រើន​ប្លង់ របស់​សិល្បៈ​ការិនី​មួយ​រូប​នៅ​លើ​កោះ​ទន្សាយ​កាល​ពី​សប្តាហ៍​មុន ដោយ​ស្លៀក​ឈុត​ប៊ីគីនី បិទ​បាំង​តែ​កេរ្តិ៍ខ្មាស់​បន្តិច​បន្តួច​នោះ បាន​រង​នូវ​ប្រតិកម្ម​ភា្លម​ៗ​ពី​ក្រសួង​វប្បធម៌។

ក្រសួង​សមី​មួយ​នេះ បាន​លើក​ឡើង​ថា​កម្ពុជា​ជា​ប្រជាជាតិ​មួយ​ដែល​ប្រកាន់​ខ្ជាប់​នូវ​ឥរិយាបថ​ និង​ការ​រស់នៅ​ប្រកប​ដោយ​វប្បធម៌ ទំនៀម​ទំលាប់ និង​ប្រពៃណី​ដ៏​ល្អ​ថ្លៃ​ថ្លា។ ហេតុ​នេះ​ហើយ​ទើប​វប្បធម៌​និង​ប្រពៃណី​ខ្មែរ​តែង​ទទួល​បាន​នូវ​ការ​គោរព​ និង​ផ្តល់​តម្លៃ​យ៉ាង​ខ្ពស់​ពី​បណ្តា​ប្រទេស​នានា​នៅ​លើ​សកល​លោក។

ក៏​ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​សកល​ភាវូបនីយកម្ម ពិសេស​ក្នុង​យុគ​សម័យ​នៃ​បច្ចេក​វិទ្យា​ព័ត៌មាន​ទំនើប​នេះ ក្រសួង​វប្បធម៌​ទទួល​បាន​នៅ​លើ​បណ្តាញ​សង្គម ហ្វេសប៊ុក​និង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ថា​មាន​សិល្បករ សិល្បការិនី​មួយ​ចំនួន បាន​នឹង​កំពុង​ចាប់​យក​វប្បធម៌​​បរទេស មក​ធ្វើ​ជា​វប្បធម៌​របស់​ខ្លួន តាម​រយៈ​ការ​ប្រើប្រាស់​សម្លៀក​បំពាក់​និង​ឥរិយាបថ​ស្រើប​ស្រាល​នានា​ដែល​ប្រាសចាក​នឹង​សីលធម៌ និង​ទំនៀម​ទំលាប់ ប្រពៃណី​ដ៏​ល្អ​របស់​ជាតិ។ ក្រសួង​វប្បធម៌​ក៏​បាន​ណែនាំ​ផង​ដែរ ឲ្យ​សិល្បករ សិល្បការិនី​ខ្មែរ​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ទាំង​អស់​នោះ​ចោល​ដែរ។

តែ​ការ​សម្តែង​ដោយ​ថត​រូប​ភាព​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ និង​តាម​សារព័ត៌មាន​នោះ​មិន​មែន​ជា​លើក​ទី​១​ទេ។ កន្លង​មក​ធ្លាប់​មាន​សិល្បៈការិនី​ខ្មែរ​ជា​ហូរហែ​បាន​សាកល្បង​បង្ហាញ​រូប​ភាព​ស៊ិចស៊ី បែប​នេះ ហើយ​ការ​ព្រមាន​ពី​ផ្នែក​ពាក់ព័ន្ធ​នានា​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ។ ជា​ការ​កត់​សម្គាល់​ការ​ដែល​គ្រាន់​តែ​ប្រាប់ ឬ​ណែនាំ​មិន​ឲ្យ​មាន​ការ​ប្រព្រឹត្ត ហួស​ពីប្រ​ពៃណី វប្បធម៌​ខ្មែរ​នោះ គ្រាន់​តែ​ធ្វើ​ឡើង​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ មិន​មាន​ការ​ដាក់​ទោស មិន​មាន​ការ​ពិន័យ​អ្វី​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដែល​គ្រោង​នឹង​សម្តែង​ភាព​ស៊ិចស៊ី​ផ្សេង​ៗ​ទៀត​មិន​មាន​ការ​រារែក​ នៅ​ក្នុង​ការ​បង្ហាញ​ភាព​លេច​លើ​លេច​ក្រោម យ៉ាង​ច្រើន​ស្ថាប័ន​ពាក់​ព័ន្ធ​ចេញ​ត្រឹម​សេចក្តី​ណែនាំ​តែ​ប៉ុណ្ណោះ។

ការ​ដែល​មិន​មាន​វិធាន​ការ​ច្បាស់លាស់​ជា​ហេតុផល​មួយ​ដែល​ជម្រុញ​ឲ្យ​អ្នក​សិល្បៈ​វ័យ​ក្មេង​មួយ​ចំនួន មិន​ខ្លាច​រអារ​និង​រក​វិធី​ច្នៃ​ប្រឌិត​ផ្សេង​ៗ​ក្នុង​ការ​បង្ហាញ​រូបភាព​ និង​ផ្សព្វផ្សាយ​រូប​របស់​គេ​ទៅ​តាម​បណ្តាញ​សង្គម​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ មួយ​វិញ​ទៀត ការ​ក្រកួត​ប្រជែង​គ្នា​ខាង​សម្ផស្ស​តាម​រយៈ​ភាព​ស៊ិចស៊ី​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​ក្លាយ​ជា​របត់​ថ្មី​មួយ ដែល​នាំ​ឲ្យ​មនុស្ស​ម្នាក់​ឆាប់​មាន​ភាព​ល្បីល្បាញ និង​ទទួល​បាន​អ្វី​ៗ​ទៅ​តាម​ការ​ប៉ងប្រាថ្នា​របស់​គេ ដូចជា​ទទួល​ការ​គាំទ្រ​នៅ​ក្នុង​ពិភព​សិល្បៈ​ជា​ដើម។

ក៏​ប៉ុន្តែ​ការ​ព្រលែង​ខ្លួន ស្ទើរ​អស់ ដើម្បី​បង្ហាញ​ចំណុច​សំខាន់​ៗ​ជា​ពិសេស​ស្ត្រី នៅ​ប្រទេស​ជឿន​លឿន​ដូចជា​ប៉ែក​អឺរ៉ុប ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សិល្បៈ​នៃ​ការ​អបអរ​មួយ ដោយ​ប្រពៃណី​គេ​ខុស​ពី​ប្រពៃណី​អាស៊ី​មួយ​ចំនួន ពិសេស​ជាតិ​សាសន៍​អ្នក​កាន់​ព្រះពុទ្ធសាសនា​ដូច​ជា​កម្ពុជា​ ដែល​ចំណុច​សំខាន់​នៅ​លើ​រាង​កាយ​របស់​បុគ្គល​រឹត​តែ​មាន​ភាព​បិទបាំង។

លើ​បញ្ហា​នេះ ស្ថាប័ន​ពាក់ព័ន្ធ​គួរ​កំណត់​ឲ្យ​បាន​ច្បាស់ រវាង​ប្រពៃណី​ខ្មែរ​ដែល​ត្រូវ​អភិរក្ស​និង​ដែន​សេរីភាព​នៅ​ក្នុង​សម័យ​ទំនើប។ ដូច្នេះ​ការ​ទប់​ស្កាត់​ណាមួយ​ដែល​មិន​មាន​ប្រសិទ្ធភាព ឬ​មិន​ត្រូវ​បាន​អនុវត្ត​ជា​និរន្ត នឹង​មិន​អាច​ទប់​ស្កាត់​ការ​បញ្ចេញ​រូបភាព​ស៊ិចស៊ី របស់​អ្នក​សិល្បៈខ្មែរ ដែល​ប៉ុន​ប៉ង​ចង់​ល្បី​តាម​រយៈ​ការ​ថយ​បង្ហោះ​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​បាន​ទេ។ ហើយ​ដដែល​ជា​ដដែល ស្ថាប័ន​ពាក់​ព័ន្ធ ជា​ពិសេស​ក្រសួង​វប្បធម៌ ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការ​នារី រួម​ទាំង​គណៈកម្មការ​លើក​កម្ពស់​តម្លៃ​ស្ត្រី​ខ្មែរ បាន​ត្រឹម​ចេញ​សេចក្តី​ណែនាំ ក្រោយ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ដូចជា​ពេល​នេះ​ដូច្នេះ​ដែរ៕

ប្រភពៈ RFI