ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ៣០ មីនា

១) បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​ជន​រូប​នេះ​បាន​ប្លន់​យន្តហោះ​ដឹក​អ្នក​ដំណើរ​អេហ្សីប​មួយ​គ្រឿង​ដោយ​បង្ខំ​អ្នក​បើកបរ​យន្តហោះ ទៅ​ចុះចត​នៅ​ក្នុង​ប្រទេស Cyprus កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។ បន្ទាប់​ពី​មាន​ការ​សម្របសម្រួល​ជាមួយ​ប៉ូលិស​ច្រើន​ជាង​មួយ​ម៉ោង​រួច​មក​អ្នក​ដំណើរ​និង​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​ត្រូវ​ដោះ​លែង​ដោយ​មិន​មាន​នរណា​ម្នាក់​រង​របួស​ឡើយ។

 

២) ការ​បាញ់​សាកល្បង​នូវ​មីស៊ីល​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គឺ​ជា​ការ​ផ្គើន​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ទៅ​លើ​សេចក្តី​អនុម័ត​ជា​ប្រវត្តិសាស្ត្រ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នេះ​បើ​តាម​លិខិត​ថ្លែង​ការ​រួម​គ្នា​រវាង​អាមេរិក និង សហភាព​អឺរ៉ុប។

 

៣) ប៉ូលិស​ពិសេស​ហុល្លង់​ បាន​បើក​ប្រតិបត្តិការ​វាយ​ឆ្មក់​ថ្មី​មួយ​ ពេញ​មួយ​យប់​នៅ​ក្នុង​ទីក្រុង Rotterdam បន្ទាប់​ពី​ខ្លួន​ ចាប់​បាន​ជន​សង្ស័យ​ភេរវជន ៤ នាក់​រួច​មក​នៅ​ក្នុង​ទីក្រុង​នេះ។ ប៉ុន្តែ​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ការ​ចាប់​ខ្លួន​បន្ថែម​ណា​មួយ​ នៅ​ឡើយ​ទេ។

 

៤) ភ្នាក់ងារ FBI បាន​ប្រាប់​ប៉ូលិស ហុល្លង់​ថា​ ជនសង្ស័យ​ពី​នាក់​បងប្អូន​ដែល​អាជ្ញាធរ​ ប៊ែលហ្សិក តាម​រក​ មួយ​សប្តាហ៍​មុន​នោះ​គឺ​ជា​មនុស្ស​ពី​នាក់​ដែល​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ក្នុង​ទីក្រុង ប្រ៊ុចសែល នេះ​បើ​តាម​ក្រសួង​មហាផ្ទៃ​ប្រទេស​ហុល្លង់។

 

៥) ប្រលានយន្តហោះ​ដែល​ខូចខាត​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ប្រ៊ុចសែល​ នៅ​សប្ដាហ៍​មុន​ដែល​សម្លាប់​មនុស្ស​អស់ ៣២ នាក់ ​មិន​ទាន់​បើក​ឲ្យ​ដំណើរ​ការ​វិញ​នៅ​ឡើយ​ទេ​មក​ដល់​ថ្ងៃ​ពុធ​នេះ​។

 

៦) ប្រទេស ហ្វីលីពីន អាច​នឹង​ធ្វើ​ការ​វិនិយោគ​ជា​លើក​ដំបូង​ ផ្នែក​នាវា​មុជ​ទឹក​ ដើម្បី​ការ​ពារ​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ នៅ​តំបន់​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Benigno Aquino ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ។ 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com, channelnewsasia.com