សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ស្វះស្វែង​ជំរុញ​ប្រទេស​ចិន​​ជុំវិញ​​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង

សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ស្វះស្វែង​ជំរុញ​ប្រទេស​ចិន​​ជុំវិញ​​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye ចេញ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូលស្តី​ពី​បញ្ហា​សន្តិសុខ​​អាវុធ​បរមាណូ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅ​ពេល​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង ​ជួប​គ្នា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​គំរាម​កំហែង​កាន់តែ​ខ្លាំងក្លា​ឡើង​ពី​កូរ៉េ​ខាង​ជើង​នោះ ការ​ពិភាក្សា​ភាគច្រើន​នឹង​ផ្តោត​ទៅលើ​ប្រទេស​ចិន។

ប្រធានាធិបតី​អាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​លោកស្រី Park Geun-hye​ នឹង​ជូប​ពិភាក្សា​ត្រី​ភាគី នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​ស្តីពី​សន្តិសុខ​បរមាណូ​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន ក្នុង​សប្តាហ៍​នេះ។

ការ​ជួប​ប្រជុំ​ត្រី​ភាគី​នេះ​ គឺ​ជាការ​ជួប​ជុំ​គ្នា​លើក​ដំបូង​របស់​មេដឹកនាំ​ប្រទេស​ទាំង​បី​នេះ ចាប់តាំង​ពី​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ថ្មីៗ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​ឲ្យ​ប្រទេស​នេះ​បោះបង់​ចោល​អាវុធ​បរមាណូ​ឬ​នុយក្លេអ៊ែរ​របស់​ខ្លួន ប៉ុន្តែ ចំណោទ​នៅ​តែ​មាន​អំពី​កម្រិត​នៃ​ការ​ប្តេជ្តា​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

អនុ​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ​លោក ​Anthony Blinken​ មាន​ប្រសាសន៍​ថា៖ «មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​មួយ​ គ្មាន​ពីរ ​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង។ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ បាន​ដាក់​ទំនាក់ទំនង​នោះ​នៅលើ​តុ ហើយ​យើង​សង្ឃឹម​ថា ការ​សហការ​ពី​ចិន​លើ​បញ្ហា​កូរ៉េ​ខាង​ជើង​នេះ​ នឹង​បន្ត​ទៅ​មុខ​ទៀត»។