​U16 ​កម្ពុជា ឈ្នះ​​ក្រុម​ជប៉ុន​ Kagaoshima ​​ដោយ​លទ្ធផល ២-០

ក្រុម​បាល់ទាត់​យុវជន​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ (U16) ​បាន​ប្រកួត​ឈ្នះ​​ក្រុម​ម្ចាស់​​ផ្ទះ​ Kagoshima United FC ​ដោយ​លទ្ធផល  ​២-០ ​​ក្នុង​យុទ្ធនាការ ប្រកួត​​ពាន​រង្វាន់​ J.League U16 Challenge 2016 ។ តាម​ការ​ឲ្យ​ដឹង​ពី​ Page ផ្លូវ​ការ​​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ថា ក្រុម​U16 កម្ពុជា​បាន​យក​ឈ្នះ​លើ​ក្រុម​របស់​ប្រទេស​ជប៉ុន​ដែល​មាន​អាយុ​ដល់​ទៅ​១៨​ឆ្នាំ ( U18 Kagoshima United FC) នៅ​លើ​ទឹក​ដី​របស់​ជប៉ុន​តែ​ម្តង។

 

​U16 ​កម្ពុជា ឈ្នះ​​ក្រុម​ជប៉ុន​ Kagaoshima ​​ដោយ​លទ្ធផល ២-០ក្រុម U16 កម្ពុជា (រូបភាព៖ FFC)

 

គ្រាប់​បាល់​ជ័យជម្នះ​ទាំង​២​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​យុវជន​លេខ​១១ សៀត ម៉ាន់ស៊ូត នៅ​នាទី​ទី​៦២ និង​យុវជន​លេខ​១៧​ ផាច់ សុជាវីឡា នៅ​នាទី​ទី​៦៣។ ដូច្នេះ​​រយៈ​ពេល​​២​នាទី​ជាប់​គ្នា​ដែល​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​ស្វែង​រក​គ្រាប់​បាល់​បាន ខណៈ​ក្រុម​របស់​ម្ចាស់​ផ្ទះ​ជប៉ុន​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​បាន​ឡើយ។

 

ក្រុម U16 ​​របស់​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ការ​ប្រកួត​២​ប្រកួត​ ដោយ​ប៉ះ​ជាមួយ​ក្រុម ​Kamatamare Sanuki FC  វេលា​ម៉ោង៩​ព្រឹក ហើយ​ដល់​ម៉ោង ២:៣០​នាទី​រសៀល​នៅ​ថ្ងៃ ពួកគេ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម PVF របស់​វៀតណាម។ ខណៈ​ដែល​ថ្ងៃ​ទី​១​ខែ​មេសា ​ក្រុម U16 ​ត្រូវ​បន្ដ​ប្រកួត​ជាមួយ​ក្រុម ​Roasso Kumamoto FC របស់​ជប៉ុន នៅ​វេលា​ម៉ោង​១០:៣០ នាទី​ព្រឹក​ហើយ​នៅ​វេលា​ម៉ោង​ ២:៣០ នាទី​ត្រូវ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​​ជប៉ុន​មួយ​ទៀត​គឺ​ក្រុម Avispa Fukuoka FC។

 

ការ​ប្រកួត​ពាន​រង្វាន់​យុវជ​នេះ​មាន​ចូល​រួម​ពី​​ក្រុម​ Pohang Steelers របស់កូរ៉េខាងត្បូង ក្រុម Chonburi​ FC​ របស់​ថៃ​ ក្រុម​ PVF របស់​វៀតណាម Frenz United របស់ម៉ាឡេស៊ី និង​ក្រុម​ជប៉ុន​ជា​ច្រើន​ក្រុម​ដែល​ចាប់​​ការប្រកួត​ពី​ថ្ងៃទី៣០ ខែមីនា ដល់​ថ្ងៃទី​៦ ខែមេសា៕

 

អត្ថបទ៖ មុន្នី រម្យ