ពុករលួយ​ផ្នែក​នយោបាយ និង​ការប្រើ​ទ្រព្យ​រដ្ឋ​មិន​ត្រឹមត្រូវ​មាន​ជិត​៣០០​ករណី ក្នុង​ឆ្នាំ​២០១៥

​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៥ មាន​អំពើពុករលួយ​នយោបាយ និង​ការប្រើប្រាស់​ធនធាន​រដ្ឋ​មិន​ត្រឹមត្រូវ ចំនួន​២៩៧​ករណី​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៥​របស់ អង្គការ​សង្កេត​ការបោះឆ្នោត​ខុមហ្វ្រែល បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ។​

​អំពើពុករលួយ​ផ្នែក​នយោបាយ​និង​ការប្រើប្រាស់​ធនធាន​រដ្ឋ​មិន​ត្រឹមត្រូវ ប្រព្រឹត្តឡើង​ដោយ​រដ្ឋាភិបាល​នៃ​គណបក្សកាន់អំណាច ត្រូវបាន​អង្គការ​ខុមហ្វ្រែល​រកឃើញ​ថា មាន​ចំនួន​២៩៧​ករណី ដោយ​ចំនួន​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំមុន​៨០​ករណី​។

​ក្នុងចំណោម​ករណី​ទាំងនោះ ១១​ករណី​ពាក់ព័ន្ធ​ការរំលោភ​អំណាច​កើតចេញពី​មន្ត្រី តុលាការ ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង គណបក្សនយោបាយ​។ រីឯ​ភាពមិនប្រក្រតី​នៃ​សំណូក និង​កិបកេង​ដោយ​មន្ត្រី​សាធារណៈ​ក្នុង​តំណែង​មាន​ចំនួន ១៣៥​ករណី ខណៈ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ធនធាន​រដ្ឋ​មិន​ត្រឹមត្រូវ ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​ឲ្យ​គណបក្សនយោបាយ​មាន​ចំនួន ១៣៣​ករណី ប៉ុន្តែ​ការប្រើប្រាស់​យានយន្ត​រដ្ឋ​មានការ​ធ្លាក់ចុះ​។​

​ទាក់ទង​នឹង​ការធ្លាក់ចុះ​ករណី​ប្រើប្រាស់​យានយន្ត​រដ្ឋ ត្រូវបាន​ខុមហ្វ្រែល​កត់សម្គាល់ថា មកពី​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ណែនាំ និង ចាត់ការ​វិធានការ​ជាក់ស្ដែង​ដោយ​ក្រសួង​មួយចំនួន ជាពិសេស​ក្រសួងមហាផ្ទៃ​។

​ចំពោះ​ករណី​មិន​ប្រក្រតី​នៃ​សំណូក​និង​ការ​កិបកេង​របស់​មន្ត្រី​នយោបាយ​មាន​អាណត្តិ​ដោយ​ការបោះឆ្នោត​មាន​១១​ករណី ហើយ​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការតែងតាំង​ខ្សែស្រឡាយ​សាច់ញាតិ​មាន​ចំនួន​៨​ករណី​៕