ក្រោយ​ផុត​កាលបរិច្ឆេទ រដ្ឋសភា​ទទួលបាន​បេក្ខជន​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​តែ​១​រូប​គត់

​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ រដ្ឋសភា បានប្រកាស​ជ្រើសរើស​ឥស្សរជន ដើម្បី​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស​លោក ឯក សំអុល ដែលជា​ប្រធាន​នៃ​ស្ថាប័ន​កំពូល​មួយ​នេះ​។ ជា​លទ្ធផល រដ្ឋសភា​ទទួលបាន​ឥស្សរជន​តែមួយ​រូប​គត់ ក្រោយពី​បញ្ឈប់​ការទទួល​ពាក្យ នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ ។ លោក ឯក សំអុល នឹង​លាលែង​ពី​ដំណែង បន្ទាប់ពី​រដ្ឋសភា បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ថ្មី ជា​ផ្លូវការ​។

​ចាប់ពី​ថ្ងៃ ដែល​រដ្ឋសភា​ចេញ​សេចក្តីជូនដំណឹង រហូតដល់​ថ្ងៃ​បញ្ឈប់​កាលបរិច្ឆេទ មាន​ឥស្សរជន​តែ​១​រូប​គត់ ដែល​បាន​បំពេញ​សំណុំបែបបទ​ពេញលក្ខណៈ យកមក​ដាក់​នៅ​ស្ថាប័ន​កំពូល​មួយ​នេះ ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ។​

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​សារព័ត៌មាន​ថ្មី​នៅ​រសៀល​នេះ​ថា ឥស្សរជន​ដែល​បានដាក់​ពាក្យ គឺ លោក សំ ព្រហ្មនា ដែលជា​អតីត​រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍​។ លោក ឡេង ប៉េងឡុង ថា មាន​បេក្ខជន​ទាំងអស់ ៧​រូប ដែល​មក​សូម​លិខិត​ទៅ​បំពេញ តែ ៦​រូប​ទៀត មិនបាន​យកមក​ដាក់​នោះទេ​។ លោក​បន្ថែមថា ការសម្រេចចិត្ត​មិន​ដាក់ពាក្យ​នេះ ប្រហែលជា​បេក្ខជន​ទាំងនោះ ដឹងខ្លួន​ថា ពួកគេ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​។​

​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ពី​មូលហេតុ​បែបនេះ​ថា​៖« ខ្ញុំ​យល់ថា ប្រហែលជា​ពួកគាត់ មិនមាន​លក្ខណ​គ្រប់គ្រាន់ ទើប​មិនបាន​ដាក់ពាក្យ​។ បេក្ខជន​ត្រូវមាន​លក្ខណ​គ្រប់គ្រាន់ ដូច​មានចែង​ក្នុង​ច្បាប់ ដើម្បី​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​។ ជាងនេះទៀត ឥស្សរជន​ទាំងនោះ​ត្រូវមាន​ការគាំទ្រ​ពី​តំណាងរាស្ត្រ​យ៉ាងតិច ១៣ រូប ថែមទៀត ទើប​ពេញលក្ខណៈ​។ ខ្ញុំ​គិតថា ពួកគាត់​ប្រហែលជា​ពិបាក​រក​សំឡេងគាំទ្រ​នេះហើយ ទើប​មិនឃើញ​ដាក់ពាក្យ​»​។

​លោក ឡេង ប៉េងឡុង ពន្យល់ថា ប្រសិនបើ​លោក សំ ព្រហ្មនា ទទួលបាន​សំឡេងគាំទ្រ​ពី​ការបោះឆ្នោត​របស់​សមាជិក​រដ្ឋសភា ចាប់ពី ៥០ ភាគរយ បូក​១ នោះ​ឥស្សរជន​រូបនេះ នឹង​ក្លាយជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ជំនួស​លោក ឯក សំអុល​។ លោក​ថា នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ ២០១៦ រដ្ឋសភា និង​បើក​កិច្ចប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៥ ដើម្បី​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី​នេះ​។

​បើតាម​អ្នកនាំពាក្យ​ដដែល ឥស្សរជន​ថ្មី​នេះ នឹង​ក្លាយជា​សមាជិក​ធម្មតា​ប៉ុណ្ណោះ ព្រោះ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ គឺ​អាស្រ័យ​លើ​សមាជិក​ទាំង​៩​រូប ជា​អ្នកបោះឆ្នោត​ជ្រើសរើស​។ ដោយឡែក ព្រះមហាក្សត្រ នឹង​តែងតាំង​សមាជិក​ថ្មី​១​រូប ហើយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក៏​នឹង​ជ្រើសតាំង​សមាជិក​ថ្មី​១​រូប​ដែរ ព្រោះ​សមាជិក​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​៣​រូប តែងតែ​ត្រូវបាន​ផ្លាស់ប្តូរ ជា​រៀងរាល់​៣​ឆ្នាំ​ម្តង​។

​តាមច្បាប់​រដ្ឋធម្មនុញ្ញ សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១​រូប និង​សមាជិក​ចំនួន  ៨​រូប​។ ក្នុងចំណោម​សមាជិក​ទាំង​៩​រូបនោះ ៣​រូប​ជ្រើសតាំង​ដោយ​រដ្ឋសភា និង​៣​រូប​ជ្រើសតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រីឯ​៣​រូប​ទៀត​តែងតាំង​ដោយ​ព្រះមហាក្សត្រ​។ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ឋានៈ​និង​បុព្វសិទ្ធិ ស្មើនឹង​ប្រធានរដ្ឋសភា​។ ចំណែកឯ​សមាជិក​មាន​ឋានៈ​និង​បុព្វសិទ្ធិ​ស្មើនឹង​អនុប្រធានរដ្ឋសភា​។  សមាជិក​ទាំងអស់​ត្រូវ​បានតែងតាំង ឬ​ជ្រើស​តាំងពី​ចំណោម​ឥស្សរជន ដែលមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច ៤៥​ឆ្នាំ មាន​បទពិសោធ​ការងារ​យ៉ាងតិច ១៥​ឆ្នាំ និង​មាន​សញ្ញាប័ត្រ​ឧត្ដមសិក្សា​ឡើងទៅ ក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច​៕