លោក ថេ​ន សេន ផ្ទេរអំណាច​ឲ្យ​លោក ធិ​ន ច ដើម្បី​កាច់​ច​ង្កូ​ត​នាវា​មី​យ៉ាន់​ម៉ា​ក្នុង​សករាជ​ថ្មី​

​នៅ​ទីបំផុត លោក​ប្រធានាធិបតី​ផុត​អាណត្តិ​ថេ​ន សេន (Thein Sein) បានប្រគល់​ទាំង​តួនាទី និង​ភារកិច្ច​ទៅ​ឲ្យ​លោក ធិ​ន ច (Htin Kyaw) ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា ដើម្បី​ដឹកនាំ​ក្បាល​ម៉ា​ស៊ី​ល​រដ្ឋាភិបាល​ថ្មី​ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ​មី​យ៉ាន់​ម៉ា​ដោយ​សន្តិវិធី និង​ជាមួយ​ស្នាមញញឹម​។ ឥរិយាបថ​នេះ បានបង្ហាញ​ពី​ភាពចាស់ទុំ​អ្នកនយោបាយ​មី​យ៉ាន់​ម៉ា ក្នុងការ​ស្តារ និង​លើក​មុខមាត់​ជាថ្មី​តាម​មាគ៌ា​លទ្ធិប្រជាធិបតេយ្យ​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ខែមីនា​នេះ លោក​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា ធិ​ន ច បាន​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់ លោក​ដើម្បី​ចូល​ស្បថ​កាន់​តួនាទី និង​តំណែង​ជា​ផ្លូវការ​នៅឯ​សភា​ហ​ភា​មី​យ៉ាន់​ម៉ា​។ ឥរ​ស្សជន​ដែល​បាន​ចូលរួម​ស្បថ​នោះ​រាប់បញ្ចូល​ទាំង​អនុ​ប្រធានាធិបតី​ពីររូប និង​រដ្ឋមន្ត្រី​១៨​រូប​ដែល​រួមមាន​ទាំង ប្រមុខ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) ផងដែរ​។

​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ លោក​ប្រធានាធិបតី​ផុត​អាណត្តិ ថេ​ន សេន ក៏បាន​ប្រារព្ធ​ពិធី​ផ្ទេរតំណែង និង ភារកិច្ច​ទៅ​ឲ្យ​អ្នក​បន្ត​តំណែង​របស់លោក គឺ​លោក​ប្រធានាធិបតី​ធិ​ន ច ដែលជា​ប្រធានាធិបតី​ស៊ីវិល​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​មី​យ៉ាន់​ម៉ា​រយៈពេល​៥​ទសវត្សរ៍ នៅឯ​វិមាន​មាស​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ផងដែរ​។ ការផ្ទេរ​តំណែង​នេះ គឺ​ស្រប​ជាមួយនឹង​ការសន្យា​របស់​ថេ​ន សេន ដែលថា​លោក នឹង​ផ្ទេរតំណែង​ដោយ​សន្តិវិធី​។​

១. គោលការណ៍ និង​លក្ខណៈពិសេស​នៃ​រដ្ឋាភិបាល​ថ្មី​នៃ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​?
​ក្នុងឱកាស​នៃ​ការស្បថ​ចូលកាន់​តំណែង​នា​សភា​មី​យ៉ាន់​ម៉ា លោក​ប្រធានាធិបតី ធិ​ន ច បាន​សន្យាថា រដ្ឋាភិបាល​របស់លោក នឹង​ដើរ​តាម​គន្លង​នៃ​គោលនយោបាយ​បួន​ចំណុច​របស់​បក្ស​កាន់អំណាច​សម្ព័ន្ធ ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែលមាន​ប្រមុខ​បក្ស​គឺ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ គោលនយោបាយ​ទាំង​បួន នោះ​រួមមាន ការផ្សះផ្សា​ជាតិ សន្តិភាព​ជាតិ លើកស្ទួយ​សហព័ន្ធ​សហភាព និង​ចុងក្រោយ​លើកស្ទួយ ស្តង់​ដា​រ​ការរស់នៅ​របស់​ប្រជាជន​។

​ជាមួយគ្នា​នោះ លោក​ក៏បាន​សន្យាថា នឹង​ទទួលខុសត្រូវ​ក្នុង​បំពេញ​ការ ចង់បាន​របស់​ប្រជាជន​ក្នុងការ​បង្កើត រដ្ឋធម្មនុញ្ញ​ដែល​ស្រប​នឹង​ស្តង់ដារ​នៃ​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​។ ការលើកឡើង​នេះ គ្មានអ្វី​ក្រៅពី​ការ​ប៉ុន​ប៉ុង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ដែល​បានផ្តល់​អាទិភាព​ឲ្យ​ក្រុម​យោធា​បន្ត​ឥទ្ធិពល​នៅក្នុង​នយោបាយ​មី​យ៉ាន់​ម៉ា​នោះទេ​។​

​ងាក​មក​ចាប់អារម្មណ៍​លក្ខណៈពិសេស​នៃ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី​វិញ​ម្តង​។ ក្នុង​អាណត្តិ​ប្រ​ធានា​ធិ​ប តី​ស៊ី​លោក ធិ​ន ច មាន​រដ្ឋមន្ត្រី​ត្រឹមតែ​១៨​រូប និង​ក្រសួង​២១​តែប៉ុណ្ណោះ ដែល​នេះ គឺជា​ការកាត់បន្ថយ​នៃ​ចំនួន​ក្រសួង​ពី​អាណត្តិ​រដ្ឋាភិបាល​លោក​ថេ​ន សេន ដែលមាន​រហូតដល់​៣៦​ក្រសួង​ឯនោះ​។ ហើយ​ការកាត់បន្ថយ​នេះ ក៏ត្រូវ​បាន​លោក ធិ​ន ច​ អះអាង​ដែរ​ថា គឺ​ដើម្បី​សន្សំ​ការចំណាយ​នៃ​កញ្ចប់​ថវិកាជាតិ និង​យកទៅ​អភិវឌ្ឍន៍​ប្រទេស ក៏​ដូចជា​ដើម្បី​ធានា​ពី​ប្រ​សិ​ទិ្ធ​ភាព​ការងារ​ផងដែរ​។​

​មួយវិញទៀត​នោះ ក្នុងចំណោម​នៃ​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​ទាំង​១៨​រូបនោះ បានដាក់​បញ្ចូល​ទាំង​សមាជិក​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ  បក្ស​សហភាព​រួបរួម និង​ការអភិវឌ្ឍ​(​អតីត​បក្ស​កាន់អំណាច​លោក​ថេ​ន សេន​) បក្ស​ជនជាតិភាគតិច និង​អតីត​យោធា​ផងដែរ​។ នេះ គឹជា​គោលនយោបាយ មួយ​នៃ​ការរួបរួម​ជាតិ​នៃ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។​

២. ការ​កាន់តំណែង​ជា​រដ្ឋមន្ត្រី​បួន​ក្រសួង​របស់លោក​ស្រី ស៊ូ​ជី ជា​តំណែង​លើ​ប្រធានាធិបតី​?
​ក្រៅពី​ការបង្កើត​រដ្ឋាភិបាលចម្រុះ​ស៊ីវិល រឿង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា នោះ​គឺ ប្រមុខ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី អ៊ុង​សាន​ស៊ូ​ជី នឹងត្រូវ​កាន់តំណែង​ជា​រដ្ឋ មន្ត្រី​នៃ​ក្រសួង​រហូតដល់​តែ​បួន​ឯណោះ​។ ក្រសួង​ទាំង​បួន​នោះ រួមមាន​ក្រសួងការបរទេស​, ក្រសួង​អប់រំ​, ក្រសួង​ការិយាល័យ​ប្រធានាធិបតី និង​ក្រសួង​អគ្គិសនី និង​ថាមពល​។

​ការផ្តល់​តំណែង​រដ្ឋមន្ត្រី​នៃ​ក្រសួង​រហូតដល់​បួន​ទៅ​ឲ្យ​លោកស្រី​ស៊ូ​ជី ត្រូវបាន​មើលឃើញថា​ជា​តំណែង​ដ៏​អស្ចារ្យ ដែល​ភាសា​អង់គ្លេស​ហៅថា «Super Ministers»​។ តំណែង​ទាំងនេះ ត្រូវបាន​គេ​ចាប់អារម្មណ៍​ជាមួយនឹង​ការលើកឡើង​របស់​ប្រមុខ​បក្ស​កាន់អំណាច​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែល​បង្ហាញ ពី​តួនាទី​របស់លោក​ស្រី ដ្បិត​លោកស្រី មិនអាច​ឡើងកាន់​អំណាច​ប្រធានាធិបតី​បាន​ដោយសារ​មានការ​ហាមឃាត់​ពី​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​មាត្រា​៥៩​។

​ហើយ​ការលើកឡើង​របស់លោក​ស្រី ស៊ូ​ជី កន្លង​ទៅនោះ​គឺ លោកស្រី​នឹង​កាន់តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត​។ នេះ​បង្កើតជា​សំណួរ​មួយ​ថា​តើ ជា​ប្រមុខ​បក្ស​កាន់អំណាច និង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​៤ សមមូល​នឹង​ការលើកឡើង «​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ឬ​យ៉ាងណា​»?