ADB៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​កំណើន​ក្នុង​រង្វង់​អត្រា​៧%​ក្នុង​ឆ្នាំ​២០១៦-២០១៧

ការ​ព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​រក្សា​កំណើន​ក្នុង​រង្វង់​អត្រា ៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧។ ស្ថានភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​ស្ថិរភាព​នៃ​កំណើន​វិស័យ​អចលនទ្រព្យ ហិរញ្ញវត្ថុ ការ​នាំ​ចេញ​សម្លៀកបំពាក់ សំណង់ និង​វិស័យ​កសិកម្ម។ ដើម្បី​រក្សា​លំនឹង​សេដ្ឋកិច្ច​ដែល​កំពុង​ស្ទុះ​ឡើង​នេះ អ្នក​សេដ្ឋកិច្ច​ស្នើ​ឲ្យ​រដ្ឋាភិបាល បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើ​ការ​កើន​ឡើង​វិស័យ​ហិរញ្ញវត្ថុ និង​ពង្រឹង​ការ​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ។

ផល​ទុន​ជាតិ ឬ​ផលិតផល​ក្នុង​ស្រុក​សរុប (..) នឹង​បន្ត​មាន​កំណើន​រឹងមាំ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​ក្នុង​កម្រិត ៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ ហើយ​ប្រសើរ​ឡើង​បន្តិច​ក្នុង​កម្រិត ៧,១​ភាគរយ​នៅ​ឆ្នាំ​២០១៧។

កាល​ពី​ឆ្នាំ​២០១៥ កម្ពុជា ស្គាល់​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា ៧​ភាគរយ ដោយសារ​ការ​ពង្រីក​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី មាន​ចំណង​ជើង​ថា «ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ២០១៦» ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ មីនា បង្ហាញ​ថា សុខភាព​មាំមួន​នៃ​សេដ្ឋកិច្ច​កម្ពុជា ក្នុង​រយៈ​កាល​នេះ ចូលរួម​ចំណែក​ដោយសារ​ការ​រក្សា​បាន​នូវ​កំណើន​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ការ​ធ្វើ​ពិពិធកម្ម​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល និង​កំណើន​ការ​នាំ​ចេញ​សម្លៀកបំពាក់។

សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា លោក យ៉ាន់ ហែនសិន (Jan Hansen) ព្យាករ​ថា នៅ​ឆ្នាំ​២០១៦ វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា ដែល​មាន​ផលិតផល​សម្លៀកបំពាក់ ស្បែក​ជើង និង​អេឡិចត្រូនិក នឹង​កើន ៩,៥​ភាគរយ។ ចំណែក​វិស័យ​សេវាកម្ម នឹង​មាន​កំណើន ៧,៨​ភាគរយ ខណៈ​វិស័យ​កសិកម្ម​ស្ទុះ​ឡើង ១,៦​ភាគរយ៖ «យើង​បាន​ឃើញ​ហើយ​ថា ពិពិធកម្ម​កំពុង​កើត​ឡើង មិន​លឿន​ពេក តែ​ដំណើរ​ការ​ទៅ។ ពីរ​បី​ឆ្នាំ​មក​ហើយ យើង​ឃើញ​ថា វិស័យ​ឧស្សាហកម្ម​កំពុង​ស្ទុះ​ឡើង​តាម​រយៈ​តម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន និង​ទិសដៅ​នាំ​ចេញ។ ហើយ​ពិពិធកម្ម​ការ​នាំ​ចេញ នឹង​រុញ​កម្ពុជា ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​លឿន​នៅ​ក្នុង​តំបន់»

ងាក​មក​មើល​ផ្នែក​ហិរញ្ញវត្ថុ​វិញ ឆ្នាំ​២០១៦ ឱនភាព​សារពើពន្ធ​ដោយ​មិន​រាប់​បញ្ចូល​ជំនួយ​ឥត​សំណង អាច​ហក់​ឡើង ៤,៣​ភាគរយ ហើយ​ចំណាយ​សាធារណៈ​អាច​នឹង​កើន​ឡើង ១៦,១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥ បន្ទាប់​ពី​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្ស​ដល់​មន្ត្រី​រាជការ។ ឱនភាព​គណនី​ចរន្ត (current account) ក្នុង​ឆ្នាំ​២០១៦ នឹង​មិន​សូវ​ប្រែប្រួល​ខ្លាំង​ទេ ប៉ុន្តែ​វា​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៧។

បើ​និយាយ​ពី​អតិផរណា​វិញ វា​នឹង​ស្ថិត​នៅ​កម្រិត​មធ្យម ២,៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ ហើយ​នឹង​កើន​ឡើង​ដល់ ៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៧។ កម្រិត​ឡើង​ចុះ​នៃ​អតិផរណា ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី វិភាគ​លើ​ដំណើរ​ប្រែប្រួល​នៃ​ថ្លៃ​ស្បៀង​អាហារ និង​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ពិភពលោក។

ទោះ​បី​ជា​យ៉ាង​ណា សេដ្ឋវិទូ យ៉ាន់ ហែនសិន (Jan Hansen) ព្រមាន​ពី​គ្រោះភ័យ​នៃ​លំនឹង​វិស័យ​ហិរញ្ញវត្ថុ ចំ​ពេល​ដែល​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ចំនួន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កំពុង​រីក​ដុះដាល​យ៉ាង​ច្រើន។ លោក​ថា ប្រការ​នេះ​បាន​ប៉ះពាល់​ដល់​សមត្ថភាព​ត្រួត​ពិនិត្យ​របស់​បញ្ញត្តិករ។

ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក ឬ​ដុល្លារូបនីយកម្ម​ខ្ពស់ ក៏​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា លើ​ទីផ្សារ​អន្តរជាតិ ស្រប​ពេល​ប្រាក់​ដុល្លារ​អាមេរិក កំពុង​ឡើង​ថ្លៃ។

ចំណុច​ដែល​សេដ្ឋវិទូ យ៉ាន់ ហែនសិន (Jan Hansen) សង្កត់​ធ្ងន់​ដែរ​នោះ គឺ​ភាព​ផុយ​ស្រួយ​នៃ​ទីផ្សារ​ពលកម្ម ដែល​នឹង​អាច​ប៉ះពាល់​ដល់​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប។ លោក​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​កម្ពុជា ច្រើន មាន​ការងារ​ធ្វើ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ជាច្រើន​ខ្វះ​ជំនាញ​វិជ្ជាជីវៈ​ការងារ ដែល​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​ការងារ​ដែល​មាន​លក្ខណៈ​ក្រៅ​ផ្លូវ​ការ ងាយ​រងគ្រោះ គ្មាន​ស្ថិរភាព និង​ទទួល​បាន​ប្រាក់​បៀវត្ស​ទាប។

សេដ្ឋវិទូ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ពង្រឹង​គុណភាព​ផ្នែក​អប់រំ ទាំង​ការ​អប់រំ​ទូទៅ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។