រថយន្ត​កុងតឺន័រ​ប្រ​លះ​ម៉ូតូ​វី​វ៉ា​ពីក្រោយ​លាន់​ដូច​រន្ទះ

 ខេត្តស្វាយរៀង ៖ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​បាន​កើតឡើង ដោយ​រថយន្ត​កុង​តឺ​ន័រ​ប្រ​លះ​ម៉ូតូ​វី​វ៉ា​ពីក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ ហើយ​ទៅ​បុក​នឹង​បង្គោល​ថ្ម​លើ​ចិញ្ចើម​ផ្លូវ ខ្ទាត​មក​វិញ ត្រូវ​រថយន្ត​កិន​ចំ​ម៉ូតូ​អូស​ជាមួយ​មនុស្ស​ទៅ​ប្រមាណ​ជិត​១០​ម៉ែត្រ ទើប​របូត​ចេញ​វិញ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បែកក្បាល របួស​ដងខ្លួន និង​ដាច់​ម្រាមជើង​សន្លប់​នៅ​នឹង​កន្លែង រីឯ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​ប្រមាណ​ជា​៤​គីឡូម៉ែត្រ ទើប​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​រថយន្ត និង​អ្នកបើកបរ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ចំណុច​ផ្លូវ​កោង​ខាង​មុខ​ទីស្នាក់ការ​កាកបាទក្រហមកម្ពុជា សាខា​ខេត្តស្វាយរៀង ស្ថិត​នៅ​ភូមិ​សួន​ថ្មី សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយ​រៀង​។ ជន​រង​គ្រោះ​ឈ្មោះ សុខ សុ​ជាតិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង រង​របួស​បែកក្បាល​ពីក្រោយ​ធ្ងន់ធ្ងរ និង​ដាច់​ម្រាមជើង​ខាងស្តាំ រលាត់​ដៃជើង ដងខ្លួន ហើយ​សន្លប់​នៅ​ក្នុង​ថ្លុកឈាម​ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង​1F-1345 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចេញពី​ដេប៉ូ​ឈើ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង មក​ផ្ទះ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7452 សណ្តោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ 4A-0178 បើក​ស្រប​ទិស​គ្នា ពី​កើត​ទៅ​លិច ដែរ​បើក​ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីក្រោយ​ពេញទំហឹង ប៉ើង​ជាង​១០​ម៉ែត្រ ទៅ​បុក​បង្គោល​ថ្ម រួច​ខ្ទាត​មក​ចូល​រថយន្ត​អូស​ម៉ូតូ និង​មនុស្ស​ជិត​១០​ម៉ែត្រ ទើប​របូត​ចេញ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង រីឯ​ម៉ូតូ​ខូចខាត​យ៉ាងដំណំ រីឯ​រថយន្ត​បាន​បើក​ទៅ​មុខ​បន្ត ក្រោយមក​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ធនា​គារ​ក៏​បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​ខេត្ត​ឲ្យ​ជួយ​អន្តរាគមន៍​ដេញ​តាម​ប្រមាណ​៤​គីឡូម៉ែត្រ​ទើប​ស្ទាក់​ចាប់​បាន​នៅ​ខាង​មុខ​ប៉ុស្តិ៍​គយ ស្ថិត​នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វា​រៀង ​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​បញ្ជូន​ទាំង​រថយន្ត និង​អ្នកបើកបរ​រថយន្ត​បង្ក ព្រមទាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ រីឯ​ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់​ ។ សមត្ថកិច្ច​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​កុងតឺន័រ បើក​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន ​៕