​​ដូរ​​ស្ទីល​​ថ្មី​ លើក​បដា​​សុំ​ដី ​មិន​សុំ​កម្មសិទ្ធិ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អ្នក​តវ៉ា ដដែល​រឿង​ផល​ប៉ះពាល់​ដី​ចំណី​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​នាំ​គ្នា​ឈរ​លើក​បដា​ជា​ថ្មី​នៅ​មុខ​សាលាក្រុង តែ​ការ​តវ៉ា​លើក​នេះ គឺ​ប្តូរ​ស្ទីល​ថ្មី សុំ​ដី​សង់​លំនៅ​ឋាន គឺ​មិន​សុំ​កម្មសិទ្ធិ​ដូច​កាលពី​លើក​មុន​ទៀត​ទេ​។ អ្នក​តវ៉ា​ខាងលើ​បាន​លើក​បដា​ឈរ​ព្រោងព្រាត មាន​គ្នា​ប្រហែល​ជាង​២០​នាក់​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មីនា បន្ទាប់​ពី​តវ៉ា​ជា​ច្រើន​លើក​នៅ​តែ​គ្មាន​ដំណោះស្រាយ ។

បុរស​ឈ្មោះ វន វ័​ន្ត អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​ផ្សារ​កណ្តាល បាន​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​កើតហេតុ​ថា ពួក​គាត់​ដែល​មាន​គ្នា​ជាង​២០​នាក់​នេះ​គឺ​តំណាង​ឲ្យ​ពលរដ្ឋ​ដែល​មាន​ដី​ប៉ះពាល់​ចំណី​ផ្លូវ​រថភ្លើង​ប្រមាណ​ជាង​៥០​គ្រួសារ នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត និង​សង្កាត់​ផ្សារ​កណ្តាល ដែល​មិន​ទាន់​បាន​ទទួល​គោលនយោបាយ​ដោះស្រាយ​ដីធ្លី​ពី ADB តាម​រយៈ​អន្តរក្រសួង​នៅឡើយ​ទេ​។

បុរស​ខាងលើ​បាន​បន្ត​ថា ពី​មុន​ពួក​គាត់​តែងតែ​លើក​បដា​តវ៉ា​ដូច​គ្នា ប៉ុន្តែ​ទាមទារ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ចំពោះ​ដី​ដែល​នៅ​សេសសល់​ពី​ផល​ប៉ះពាល់​ចំណី​ផ្លូវ​រថភ្លើង និង​ទាមទារ​សំណង​ដី​ដែល​ប៉ះពាល់​ផង​ដែរ តែ​ការ​តវ៉ា​លើក​នេះ​គឺ​ខុស​ពី​ការ​តវ៉ា​លើក​មុន​ៗ ដោយ​ពួក​គាត់​សុំ​គោលនយោបាយ​ដីធ្លី​ដើម្បី​ប្តូរ​ទីលំនៅ​តែ​ម្តង​ព្រោះ​លំនៅ​ឋាន​បច្ចុប្បន្ន​វា​នៅ​កៀក​នឹង​ផ្លូវ​រថភ្លើង​ពេក​ខ្លាច​គ្មាន​សុវត្ថិភាព​ចំពោះ​កូនចៅ​ពេល​ចេញចូល​ផ្ទះ ។ក្រុម​អ្នក​តវ៉ា​លើក​ឡើង​ថា នេះ​ជា​លើក​ទី​១៦​ហើយ​ថាបើ​អាជ្ញាធរ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ទៀត ពួក​គាត់​នឹង​បន្ត​ការ​តវ៉ា​ជា​រៀង​រហូត ។

ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មាន​តែ​សមត្ថកិច្ច​៤​ទៅ​៥​នាក់​ចាំ​ឃ្លាំមើល​ខ្លាច​កើត​មាន​អំពើរ​ហិង្សា​ណា​មួយ ចំណែក​អាជ្ញាធរ​មិន​បាន​ខ្វល់ខ្វាយ​ដល់​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ទេ​សូ​ម្បី​តែ​មន្ត្រី​ម្នាក់ ក៏​មិន​ចេញ​មក​ជួប​ពួក​គាត់​ដែរ ។ ក្រុម​អ្នក​តវ៉ា​បាន​ត្រឡប់​ទៅ​វិញ បន្ទាប់​ពី​ឈរ​មើល​មុខ​គ្នា​មួយសន្ទុះ ។ ជុំវិញ​ការ​តវ៉ា​នេះ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចាត់​ទុក​ក្រុម​អ្នក​តវ៉ា​ខាងលើ​ថា​ជា​ក្រុម​អនាធិបតេយ្យ និង​បង្ក​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម ៕