ទៅលេងអង្គរឆ្នាំនេះ គួួរដឹងអ្វីខ្លះ?

ខេត្តសៀមរាប ​៖ ​ក្នុង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរាបាន​​ប្រាប់​​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​​ដំណើរ​កម្សាន្ត​មក​កាន់​ខេត្តសៀមរាប​ នា​រដូវក្តៅ​នេះ ហើយអាកាសធាតុ​បន្ត​ឡើងក​ម្តៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ត្រូវ​​ភ្ញៀវ​ទេស​ចរ​​ទាំងអស់​ ត្រូវ​មានការ​យល់​ដឹង និង​ត្រៀម​សម្ភារ​មួយ​ចំនួន​ ដើម្បី​ការពារ​ខ្លួនឯង ​។

អាជ្ញាធរ​​ជាតិ​អប្សរា​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ និង​វិធានការ​ការពារ​ភ្ញៀវ​ទេសចរ​ ដែល​មក​កម្សាន្ត​ខេត្ត​សៀមរាប ក្នុង​រដូវក្តៅ​ហួតហែង​​នេះ ដោយ​ពិនិត្យ​ឃើញ​ថា បច្ចុប្បន្ន ពិសេស​ក្នុង​ខែមេសា ជា​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​​យើង​​ខាង​​មុខ​​នេះ ទើប​ឱ្យ​​មានការ​ប្រុង​ប្រយ័ត្ន​​អាកាសធាតុ​នឹង​​បន្ត​កើន​​កម្តៅ និង​​តំបន់​មួយ​ចំនួន​អាច​​នឹង​ទទួល​សម្ពាធ​​ខ្យល់​ក្តៅ​ខ្លាំង ដែល​នឹង​​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​កម្សាន្ត​​របស់​ភ្ញៀវ​ទេសចរ​​ អាជ្ញាធរ​ជាតិ​អប្សរា បាន​ណែនាំ​ឱ្យ​ភ្ញៀវ​យកចិត្តទុកដាក់​លើ​ប្រការ​​មួយ​​ចំនួន ​។

រួម​មាន​​ ៖ ភ្ញៀវ​ទេសចរ​ត្រូវ​ពិសា​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ចៀស​វាង​កើត​មាន​បញ្ហា​សុខភាព​​ណាមួយ ដោយ​យថាហេតុ ព្រមទាំង​ត្រូវ​ពាក់​មួក​ការពារ​កម្តៅថ្ងៃ ។ ត្រូវ​ប្រើប្រាស់​ផលិតផល​ការពារ​​ស្បែក ចៀសវាង​ផល​ប៉ះពាល់​ដោយ​កម្តៅថ្ងៃ និង​ត្រូវ​ស្លៀកពាក់​ឱ្យ​បាន​សម​រម្យ ​និង​រលុង​ ដើម្បី​ងាយស្រួល​ដល់​ខ្លួន​ និង​ស្រប​តាម​ក្រម​ប្រតិបត្តិ​អង្គរ​ ។