ជាប់​ជា​​ក្រុង​ស្អាត​មែន តែ​ខ្វះ​សណ្ដាប់​ធ្នាប់​

ខេត្តបាត់ដំបង ៖ ​​បើ​​ទោះជា​​ក្រុង​​បាត់ដំបង​បាន​ជាប់​ចំណាត់ថ្នាក់​ ជាទី​ក្រុង​ស្អាត​លេខ​​១​ទូ​ទាំង​ប្រទេស និង​​ទ​ទូល​បាន​ជ័យ​លា​ភី​ផ្កា​រំដួល​៣​ទង់ ​ជា​និ​មិ្ម​ត​រូប​​ក្ដី ប៉ុន្តែ​ទីក្រុង​​ដ៏​ចំណាស់​ដែល​សំបូរ​ទៅ​ដោយ​អគារ​​បេ​តិក​ភ​​ណ្ឌ​មួយ​​នេះ កំពុង​រង​នូវ​ការ​រិះគន់​​យ៉ាង​ខ្លាំង ពី​សំណាក់​​ប្រជា​ពលរ​ដ្ឋ​ និង​មន្ត្រី​មួយ​​ចំនួន​ អំពី​បញ្ហា​ «​សណ្ដាប់​» ដែល​គ្មាន​​របៀបរៀបរយ​ នៅ​តាម​ដងផ្លូវ​​សាធារណៈ​នានា​​នៅ​ក្នុង​ទីក្រុង ​។

មហាជន​បាន​​លើក​​ឡើង​​ថា ទាំង​ភ្ញៀវ​​ក្នុង​ស្រុក ទាំង​​ភ្ញៀវ​បរទេស ​ដែល​ធ្វើ​ដំណើរ​​ដោយ​ថ្មើ​រ​ជើង​​ ស្ទើរតែ​រក​ផ្លូវ​ដើរ​​គ្មាន ដោយសារ​តែ​ការ​​ដាក់​ទំនិញ​លក់ដូរ​របស់​ប្រជា​ពលរ​ដ្ឋ​​ពាស​ពេញ​ទាំង​​នៅ​លើ​ដងផ្លូវ ទាំង​នៅ​​លើ​ចំណី​ផ្លូវ​សាធារណៈ ។ រីឯ​នៅ​​តាម​ទីផ្សារ​នានា​​វិញ ការ​ច​ត​យានយន្ត​គ្រប់​ប្រភេទ ក៏​គ្មាន​របៀបរៀបរយ​ដែរ​ ។ ដូច​ជា​​នៅ​ម្ដុំ​ផ្សារ​ណាត់​​ជាដើម ជា​ពិសេស​យានយន្ត​ដែល​ចត​នៅ​ត្រង់​ផ្លូវ​បំបែក​​ខាងលិច​​ផ្សារណាត់​ខាង​មុខ​ផ្ទះ​អាជីវករ​ប្ដូរ​លុយ ​«៧៣» តែ​ម្ដង ​​ចត​គ្មាន​សណ្ដាប់​ធ្លាប់ គ្មាន​របៀបរៀបរយ ។

រីឯ​សមត្ថកិច្ច​ក៏​មិន​បើកភ្នែក​មើល​ដែរ​ ។ ក្រៅពី​ការ​ដាក់​ទំនិញ​លក់​​​ពាស​ពេញ​លើ​ដង​ផ្លូវ និង​ការ​ចត​រថយន្ត​គ្មាន​សណ្ដាប់ធ្នាប់ ទីក្រុង​ស្អាត​​មួ​យ​នេះ មើលទៅ​ហាក់​​ស្អេក​​​ស្កះ ​ទៅ​ដោយ​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម និង​ស្លាក​យីហោ​ហាង​​នានា ដែល​មាន​ទំហំ​ធំ​ៗ បិទ​បាំង​​ជិត​នូវ​អ​គារ​​បេ​តិក​ភ​ណ្ឌ​ ។ 

ផ្ទាំង​ប៉ាណូ ឬ​ស្លាក​យីហោ​ធំ​ៗ​ទាំងនោះ ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​​ហាង មិន​ត្រឹម​​តែ​លើក​​បិទ​​បាំង​អគារ​បេ​តិក​ភ​ណ្ឌ​ទេ ថែម​ទាំង​លើក​គ្រប​​ទៅ​លើ​ដងផ្លូវ​សាធារណៈ​ទៀត ដែល​បង្ហាញ​ពី​ភាពរ​ញេ​រ​ញ៉ៃ​បំផុត ​។ នេះ​ជា​ការ​ទ​ទូល​ខុស​ត្រូវ​​ទាំងស្រុង​របស់​សាលាក្រុង​បាត់​ដំបង  ប៉ុន្តែ​លោក​អភិបាលក្រុង ​ហាក់​មិន​បាន​យកចិត្ត​លើ​បញ្ហា​នេះ​ទេ បើ​ទោះជា​លោក​អភិបាលខេត្ត​​បច្ចុប្បន្ន បាន​និង​កំពុង​ប្រឹង​ប្រែង​​គ្រប់​បែប​យ៉ាង ទាំង​យប់​​ទាំង​ថ្ងៃ​ ស្ទើរ​រក​ពេលទំនេ​រគ្មាន ក្នុង​ការ​រៀបចំ​កែ​លម្អរ និង​អភិវឌ្ឍ​ន៍​ស្ទើរ​គ្រប់​វិស័យ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​​ក្ដី​ ។

ជុំវិញ​​បញ្ហា​នេះ មន្ត្រី​សាលាខេត្ត​​ម្នាក់​បាន​​និយាយ​ថា សាលាក្រុង​មាន​ក្រុម​គណៈ​បញ្ជាការ​កងឯក​ភាព​មួយ​ក្រុម ដើម្បី​ធ្វើ​ការងារ​នេះ តែ​ក្រុម​នេះ ​ហាក់​នៅ​​ទ្រឹង​គ្មាន​សកម្មភាព​អ្វី​ទាល់​តែ​សោះ​ ។ មន្ត្រី​ដដែល​ថា ការ​លក់ដូរ​នៅ​តាម​ដង​ផ្លូវ​ សុទ្ធតែ​បាន​គូស​វាស​កំណត់​ទីតាំង​ឱ្យ​​លក់ ។ រីឯ​ផ្ទាំង​ប៉ាណូ ឬ​ស្លាក​យីហោ​​នានា សុទ្ធតែ​កំណត់​ទំហំ ដែល​ចេញ​ដោយ​ការិយាល័យ​ច្រក​ចេញ-ចូល​តែ​មួយ​ ។ ប៉ុន្តែ​ទីបំផុត ​ចង់​ក្រុមហ៊ុន ឬ​ម្ចាស់​​ហាង​លើក​ប៉ាណូ ឬ​ស្លាក​យីហោ​បិទ​បាំង​ផ្ទះ​ជិត​ឈឹង ក៏​លោក​អភិបាលក្រុង មិន​ទើសភ្នែក​ដែរ​។

ផ្ទុយ​ទៅ​វិញ ​គេ​ឃើញ​មាន​តែ​មន្ត្រី​ស​ណ្តាប់​​ធ្លាប់ និង​មន្ត្រី​សាលាក្រុង​ ដើរ​ប្រមូល​លុយ​ពី​ទីតាំង​​លក់ដូរ​លើ​ដងផ្លូវ​គ្មាន​របៀប​ទាំងនោះ​ជា​​រៀង​រាល់​ចុងខែ​ទៅ​វិញ ។ ទាំង​មន្ត្រី​នានា ទាំង​ប្រជា​ពលរ​ដ្ឋ រួម​ទាំង​ភ្ញៀវ​ទេសចរ​​ផង សំណូមពរ​សុំ​ឲ្យ​លោក​អភិបាលក្រុង​បាត់​ដំបង មេត្តា​ពិនិត្យ​មើល​ភាព​អសកម្ម​ទាំង​នេះ​ឡើង​វិញ​ផង កុំ​សម្ងំ​ស្ងៀម​ពេក​ ខណៈ​លោក​អភិបាលខេត្ត ​ហាក់​កំពុង​ប្រឹងប្រែង​ខ្លាំង​ណាស់ ក្នុង​ការ​កែទម្រង់​ស្ទើរ​គ្រប់​វិស័យ ដើម្បី​ឱ្យ​ទីក្រុង​បាត់ដំបង មាន​សោ​ភ​ណ្ឌ​ភាពល្អ និង​​ឱ្យស័ក្តិ​សម​​កេ​រ្តិ៍​​ឈ្មោះ​ ជាទី​ក្រុង​ស្អាត​លំដាប់​លេខ​១​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។